ព័ត៌មានជាតិ

អបអរសាទរទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ លើកទី១៨ នៅសៀមរាប

ដោយ : បន្ទាយ

សៀមរាប ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមអបអរសាទរទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ លើកទី១៨ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាត់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល” ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អញ្ជើញជាអធិបតីភាព ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តរដ្ឋបាលក្រុង ស្រុក អង្គការដៃគូជាតិ អន្តរជាតិ សិស្ស និស្សិត តំណាងវិស័យឯកជននិងប្រជាពលរដ្ឋផងដែរ ។

យោងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្តីពីការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ » លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » ។

ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នេះ ប្រារព្ធឡើង មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយនិងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមបព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ពោលគឺឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ៕