អន្តរជាតិ

អ៊ុយក្រែនថាខ្លួនមានឧបករណ៍ឡាស៊ែរអាចបាញ់ទម្លាក់យន្តហោះនៅចម្ងាយឆ្ងាយបាន

ប្រែសម្រួល៖ ស-សម្បត្តិ

អ៊ុយក្រែនបានអភិវឌ្ឍន៍អាវុធឡាស៊ែរដែលអាចបាញ់ទម្លាក់គោលដៅពីចម្ងាយជាងមួយម៉ាយល៍ តាមការអះអាងរបស់មេបញ្ជាការកងកម្លាំងដ្រូនរបស់ប្រទេសនេះ។

ក្នុងកិច្ចប្រជុំកំពូលស្តីពីការការពារជាតិនៅក្រុងគីវកាលពីសប្តាហ៍នេះ លោក វ៉ាឌីម ស៊ូខារេវស្គី មេបញ្ជាការប្រព័ន្ធគ្មានមនុស្សបើកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានថ្លែងថា “សព្វថ្ងៃនេះ យើងអាចបាញ់ទម្លាក់យន្តហោះដោយប្រើឡាស៊ែរនេះនៅកម្ពស់ជាង២គីឡូម៉ែត្រ (១,២ម៉ាយល៍)”។

លោកបានបន្ថែមថា “វាដំណើរការមែនទែន វាមានស្ថិតនៅទីនេះមែនទែន” ដោយយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine។ លោកក៏បានបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីពង្រីកទំហំនិងសមត្ថភាពរបស់អាវុធនេះ។

ឡាស៊ែរនេះមានឈ្មោះថា ទ្រីហ្សុប ដែលជាភាសាអ៊ុយក្រែនមានន័យថា “ត្រីសូល” ដោយយកតាមនិមិត្តសញ្ញាជាតិរបស់អ៊ុយក្រែនដែលតំណាងឱ្យឯករាជ្យភាព កម្លាំង និងឯកភាព។

លោក ស៊ូខារេវស្គី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឡាស៊ែរទ្រីហ្សុបទេ ហើយ CNN មិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់លោកបានទេ។ ទោះយ៉ាងណា អ្នកជំនាញបានប្រាប់ CNN ថាអត្ថិភាពនៃទ្រីហ្សុប គឺ “អាចធ្វើទៅបាន”។

លោក ប៉ាទ្រិក សេនហ្វ នៃក្រុមស្រាវជ្រាវអាវុធយុទ្ធភណ្ឌ ដែលជាក្រុមប្រឹក្សាយោបល់ផ្នែកបច្ចេកទេសឯកទេសខាងការស្រាវជ្រាវអាវុធនិងគ្រាប់រំសេវ បានប្រាប់ CNN ថា ខណៈពេលដែលមានព័ត៌មានតិចតួចអំពីប្រព័ន្ធទ្រីហ្សុប “វាអាចធ្វើទៅបានសម្រាប់អ៊ុយក្រែនក្នុងការអភិវឌ្ឍអាវុធថាមពលបញ្ជាទិស (DEW) ដែលមានមុខងារអាចបំផ្លាញគោលដៅលើអាកាសមួយចំនួន”។

“នេះគឺជាការសម្រេចបានយ៉ាងងាយស្រួលដោយប្រើឡាស៊ែរផ្សារពាណិជ្ជកម្មដែលមានលក់នៅលើទីផ្សាររួមជាមួយបច្ចេកវិទ្យាដែលមានស្រាប់ផ្សេងទៀត” លោក សេនហ្វ បានមានប្រសាសន៍ ដោយចង្អុលបង្ហាញពីប្រព័ន្ធអាវុធឡាស៊ែរ (LaWS) របស់កងទ័ពជើងទឹកអាមេរិកដែលបានដំណើរការក្នុងចម្ងាយប្រហាក់ប្រហែលគ្នាតាំងពីឆ្នាំ២០១៤។

លោក សេនហ្វ បានពន្យល់ថា អាវុធថាមពលឡាស៊ែរបញ្ជាទិស (DEW) មានប្រសិទ្ធភាពជាពិសេសប្រឆាំងនឹងដ្រូនដែលហោះទាបនិងយឺត ដែលប្រើប្រាស់ដោយរុស្ស៊ី ដោយសារដ្រូនទាំងនោះមានសមាសភាគដែលងាយនឹងខូចខាតដោយកម្តៅ។

យន្តហោះគ្មានមនុស្សបើកដែលហោះទាប ដូចជាដ្រូនវាយប្រហារតែម្តង Shahed-136/Geran-2 ដែលមានកម្ពស់ទាបនិងលំនាំហោះហើរថេរ “ធ្វើឱ្យពួកវាងាយរងគ្រោះជាពិសេសចំពោះការប៉ះពាល់ដោយឡាស៊ែរយូរអង្វែង” លោក សេនហ្វ បានថ្លែង ដោយបញ្ជាក់ថា “ដោយសារអាវុធអាចផ្តោតថាមពលទៅលើចំណុចជាក់លាក់មួយដើម្បីបំផ្លាញសមាសភាគសំខាន់ៗ”។

លោក សេនហ្វ បានបន្ថែមថា អាវុធបែបនេះមានដែនកំណត់សំខាន់ពីរ ដែលទាក់ទងនឹងល្បឿននៃគោលដៅរបស់វា និងរបៀបដែលឡាស៊ែរបាត់បង់ថាមពលកាន់តែឆ្ងាយ។ គោលដៅដែលផ្លាស់ទីលឿនជាង ឬធន់នឹងកម្តៅ (ឧទាហរណ៍៖ គ្រាប់កាំភ្លើងធំ មីស៊ីលបាលីស្ទិក) គឺពិបាកក្នុងការបំផ្លាញខ្លាំងណាស់ និងត្រូវការប្រព័ន្ធកម្រិតខ្ពស់ជាងនេះ។

លោក ហ្វាប៊ីន ហុហ្វម៉ាន នៃគម្រោងនុយក្លេអ៊ែរអូស្លូ (ONP) បានថ្លែងថា មានបញ្ហាប្រឈមផ្នែកបច្ចេកទេសជាច្រើនក្នុងការដាក់ពង្រាយប្រព័ន្ធឡាស៊ែរប្រកបដោយប្រសិទ្ធភាពដើម្បីប្រឆាំងនឹងដ្រូន ឬមីស៊ីល។

“បញ្ហាប្រឈមទាំងនេះរួមមានការជម្នះឧបសគ្គទាក់ទងនឹងកម្លាំងកាំឡាស៊ែរ និងការធ្វើឱ្យប្រព័ន្ធត្រជាក់ ការស្រូបយកនិងការចាំងផ្លាតនៃកាំឡាស៊ែរក្នុងបរិយាកាស (ឧទាហរណ៍៖ ដោយសារពពក ឬភ្លៀង) និងបាតុភូតដែលគេស្គាល់ថាជា ‘ការរីកសាយភាយកម្តៅ’។ ការរីកសាយភាយកម្តៅកើតឡើងនៅពេលដែលកាំឡាស៊ែរធ្វើឱ្យខ្យល់ជុំវិញក្តៅឡើង បណ្តាលឱ្យវារាយប៉ាយ ដែលកាត់បន្ថយថាមពលនិងប្រសិទ្ធភាពរបស់វាក្នុងការបំផ្លាញគោលដៅ” លោកបានថ្លែង។

“ដើម្បីវាយតម្លៃពីប្រសិទ្ធភាពរបស់វាក្នុងតួនាទីការពារមីស៊ីល យើងត្រូវមើលពីដំណើរការរបស់វាជាក់ស្តែង” លោក ហុហ្វម៉ាន បានបន្ថែម។

មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេយល់ថាមានអាវុធឡាស៊ែរ រួមមានសហរដ្ឋអាមេរិក ចិន និងអ៊ីស្រាអែល។

ចក្រភពអង់គ្លេសក៏កំពុងអភិវឌ្ឍប្រព័ន្ធអាវុធឡាស៊ែររបស់ខ្លួនផងដែរ ដែលមានឈ្មោះថា DragonFire ដែលត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។

កាលពីខែមេសា រដ្ឋមន្ត្រីការពារជាតិអតីតកាល លោក ហ្គ្រេន សាប បានថ្លែងថា DragonFire អាចត្រូវបានប្រើប្រាស់នៅអ៊ុយក្រែនដើម្បីប្រឆាំងនឹងដ្រូនរុស្ស៊ី តាមការរាយការណ៍របស់ Reuters៕