សន្ដិសុខសង្គម

ដីជើងភ្នំនិងភ្នំកងវ៉ានៅក្រុងសិរីសោភ័ណបាននិងកំពុងរងគ្រោះដោយការហែកដណ្តើមគ្នាជាថ្មីពីអ្នកមានលុយ មានអំណាច សង់សំណង់រឹងមាំ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ មកទល់ពាក់កណ្តាលខែធ្នូឆ្នាំ២០២៤ នេះផ្ទុះសាជាថ្មីដីជើងភ្នំ ភ្នំកងវ៉ា នៅភូមិពង្រនិងភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានផ្ទុះជាថ្មីគឺបាននិងកំពុងរងគ្រោះដោយការហែកដណ្តើមគ្នាវក់វីជាថ្មីពីអ្នកមានលុយ មានអំណាច  , សង់សំណង់រឹងមាំពោលគឺបន្ទាប់ពីអាជ្ញាធរ កងកម្លាំងនិងសមត្ថកិច្ចដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យឡើងទៅធ្វើការរុះរើរបង សំណង់ ហើយរំដោះដីជាទ្រព្យសម្បត្តិសាធារណ: មករក្សាទុកជារបស់រដ្ឋវិញកាលពីចុងឆ្នាំ២០២២ កន្លងមក ។នេះបើតាមប្រភពព័ត៌មានកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤ ។

កាលណោះក្រុមហ៊ុនវាយថ្ម និងសំណង់របស់លោកកូ ណៃ (ភ្នំធំ) ដែលហ៊ុមព័ទ្ធស្ទើរយកដីជើងភ្នំនិងភ្នំមួយផ្នែកធំ ប៉ុន្តែកាលណោះលោកបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចគឺប្រគល់ដីមួយផ្នែកឲ្យរដ្ឋវិញហើយ។ប៉ុន្តែ មិនទាន់បានប៉ុន្មានផង ឥឡូវត្រូវបានអ្នកមានលុយ មានអំណាច ឈ្លោះគ្នាដណ្ដើមគ្រប់គ្រង និងសាងសង់សំណង់រឹងមាំ ។

ការឈ្លោះគ្នាដណ្តើមដីរដ្ឋនៅជើងភ្នំនិងភ្នំកងវ៉ាពេលនេះគឺ ត្រូវបានលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យនិងជាអតីតទីប្រឹក្សារបស់អតីតឧបនាយករដ្ឋមន្ត្រី ដែលនរណាក៏ស្គាល់ច្បាស់ក្នុងខេត្តបន្ទាយមានជ័យ ។

លោកបានធ្វើលិខិតស្នើសុំទៅអាជ្ញាធរដែនដីសង្កាត់កំពង់ស្វាយ និងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ កន្លងមកថា : នោះជាដីផ្លូវដែលប្រជាពលរដ្ឋតែធ្វើដំណើរទៅចម្ការនៃជើងភ្នំកងវ៉ា តែត្រូវបានគេធ្វើរបងចាក់ដីកាន់កាប់យ៉ាងរឹងមាំ ហើយត្រូវបានភាគីចាក់ដីម្ខាងទៀតឈ្មោះ គង់ បានប្តឹងប្រឆាំងនឹងលោក ថាលោកបានធ្វើឱ្យខូចខាតដោយចេតនាលើដីរបស់គេ(ឈ្មោះ គង់ )។

ករណីនេះ បើយោងឯកសារលាយលក្ខណ៍អក្សរមួយ បង្ហាញថា : ដីរបស់ឈ្មោះ គង់ ដែលបានទិញដីពីលោកស្រីញ៉ាំ សាវួន អតីតប្រពន្ធរបស់ឈ្មោះ តួ ធានទឺ ។ដីមានព្រំប្រទល់ខាងកើតជាប់នឹងប្រឡាយ ដែលមានឯកសារដឹងឮពីភូមិឃុំ ។

ឥឡូវនេះ ឈ្មោះ គង់ បានប្តឹងឈ្មោះ តួ ធានទឺ ទៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិពង្រ ។

តាមរយៈបណ្ដឹងនេះ  ឈ្មោះ តួ ធានទឺ ក៏វាយបក ដោយបានធ្វើពាក្យស្នើទៅសាលាសង្កាត់កំពង់ស្វាយ ឱ្យជួយពិនិត្យនិងដោះស្រាយដោយស្នើសុំធ្វើការកោះហៅឈ្មោះ គង់ មកដោះស្រាយ ហើយសុំឱ្យខាងសង្កាត់ចុះពិនិត្យជាក់ស្តែងនៅដីទំនាស់ ។

ករណីនេះ ឈ្មោះ គង់ បានប្រាប់តាមទូរសព្ទ ខ្លីថា : ” ករណីនេះ ខ្ញុំបានដាក់ពាក្យប្ដឹងទៅតុលាការហើយ អ្វីៗមានក្នុងបណ្តឹង ខ្ញុំមិនចាំបាច់អ្វីត្រូវរៀបរាប់ទេ “។

ករណីនេះ អាជ្ញាធរក្រុងសិរីសោភ័ណថា ខ្លួនមិនទាន់ទទួលបានព័ត៌មានអំពីបញ្ហាឈ្លោះដណ្តើមដីជើងភ្នំ ភ្នំរបស់រដ្ឋនៅភ្នំកងវ៉ានោះនៅឡើយ។

ទោះជាយ៉ាង ខាងមន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យវិញ ថាបានទទួលព័ត៌មានហើយ ហើយមានប្រតិកម្មថា :  “រឿងហ្នឹងឈ្លោះតែគ្នាដីភ្នំហ្នឹង ធ្វើឱ្យឈឺក្បាលដល់អាជ្ញាធរ គឺពួកឈ្លោះគ្នាដណ្តើមយកដីរដ្ឋដូចតែគ្នាទេ ” ៕