ដោយ៖ សហការី
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តFOR TUNER មួយគ្រឿងបោះពួយយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុករទេះលក់សាច់អាំង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។នៅពេលបុករួចហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយព្យាយាមបើករត់គេចចូលក្នុងផ្ទះតែត្រូវសមត្ថកិច្ចតាមឃាត់បានភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
អ្នកស្លាប់ឈ្មោះ មិន វឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ស្នាក់នៅម្តុំចាក់អង្រែលើ មានស្រុកកំណើតនៅភូមិព្រៃជ្រៃ ឃុំព្រៃជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
សាក្សីបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក FOR TUNER ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 2B-7966 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករ៉ឺម៉កលក់សាច់អាំងដែលលក់ដោយបុរសរងគ្រោះម្នាក់នៅលើចិញ្ចើមផ្លូវ៦០ម៉ែត្រយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងរ៉ឺម៉កខ្ទាតសាច់និងសម្ភារលក់ដូរពាសពេញដងផ្លូវខូចខាតស្ទើរទាំងស្រុង។ចំណែកឯបុរសជាអ្នកលក់វិញបានស្លាប់ក្បែររ៉ឺម៉កយ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែររថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេបានបន្តល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុមកចូលសម្ងំនៅក្នុងផ្ទះ។
ក្រោយមកប្រជាពលរដ្ឋក្បែរខាងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់យករថយន្តបង្កបានភ្លាមៗ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេមកដល់ពេលនេះ៕