ប្រែសម្រួល៖ ស-សម្បត្តិ
មហាសេដ្ឋីអចលនទ្រព្យវៀតណាម ទ្រួង មី ឡាន ដែលធ្លាប់ជាស្ត្រីមានទ្រព្យសម្បត្តិច្រើនជាងគេម្នាក់នៅក្នុងប្រទេស កំពុងប្រឈមនឹងទោសប្រហារជីវិត ដោយសារការរៀបចំផែនការក្លែងបន្លំហិរញ្ញវត្ថុដែលបានក្លែងបន្លំទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៣% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។
បទល្មើសរបស់នាងរួមមានការបង្ហូរថវិកាតាមរយៈក្រុមហ៊ុនសម្បកជាច្រើនពាន់ និងការគ្រប់គ្រងធនាគារពាណិជ្ជសាយហ្គន (SCB) ដោយដាក់ភាគហ៊ុន ៩១,៥% ដោយប្រយោលដែលផ្ទុយពីច្បាប់កំណត់។ សកម្មភាពក្លែងបន្លំរបស់លោកស្រី ឡាន ត្រូវបានបង្ហាញចេញក្រោយពីការដួលរលំនៃពពុះអចលនទ្រព្យឆ្នាំ ២០២២ ដែលបានបង្ហាញពីភាពងាយរងគ្រោះនៃប្រព័ន្ធហិរញ្ញវត្ថុវៀតណាម។ ទោះបីជាទោសរបស់នាងអាចត្រូវបានបន្ថយមកជាប់ពន្ធនាគារអស់មួយជីវិតប្រសិនបើនាងសងប្រាក់ ៩ ពាន់លានដុល្លារក៏ដោយ ទំហំនៃបទល្មើសបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងធ្វើឱ្យខូចទំនុកចិត្តលើតម្លាភាពរបស់ប្រទេស។
ការកើនឡើងរបស់លោកស្រី ឡាន បានចាប់ផ្តើមពីការលក់គ្រឿងសម្អាងនៅទីក្រុងហូជីមិញ មុនពេលរៀបការជាមួយវិនិយោគិនហុងកុង អេរិក ឈូ និងបង្កើតក្រុមហ៊ុនអចលនទ្រព្យ វ៉ាន់ ធិញ ផាត នៅឆ្នាំ ១៩៩២។
ទ្រព្យសម្បត្តិរបស់នាងបានកើនឡើងក្រោយពីការរៀបចំការរួមបញ្ចូលគ្នានៃធនាគារសំខាន់មួយនៅឆ្នាំ ២០១១។ ទោះយ៉ាងណា ការដួលរលំរបស់នាងគឺជានិមិត្តរូបនៃបញ្ហាអំពើពុករលួយទូលំទូលាយនៅវៀតណាម ដែលប្រព័ន្ធបទប្បញ្ញត្តិមិនច្បាស់លាស់ និងមន្ត្រីដែលទទួលបានប្រាក់បៀវត្សរ៍ទាប បានជួយឱ្យផែនការរបស់នាងអាចដំណើរការបាន។
អ្នកវិភាគមើលឃើញថា ការផ្តន្ទាទោសយ៉ាងតឹងរឹងនេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយ “ឡដុតកម្តៅខ្លាំង” របស់បក្សកុម្មុយនិស្ត ដែលមានគោលបំណងពង្រឹងទំនុកចិត្តវិនិយោគិនក្នុងបរិបទនៃការប្រកួតប្រជែងសកល។ ទោះបីជាមានការអង្វរករសុំក្តីមេត្តាជាសាធារណៈរបស់លោកស្រី ឡាន តុលាការនៅតែសង្កត់ធ្ងន់លើផលប៉ះពាល់ធ្ងន់ធ្ងរនៃបទល្មើសរបស់នាង និងភាពចាំបាច់នៃការទប់ស្កាត់ ៕