អន្តរជាតិ

គណបក្សប្រឆាំងកូរ៉េខាងត្បូងនឹងព្យាយាមទម្លាក់ប្រធានាធិបតី យូន ម្តងទៀតឲ្យទាល់តែបាន

ប្រែសម្រួល៖ ស-សម្បត្តិ

សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងសំខាន់របស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងមិនបោះបង់ការព្យាយាមទម្លាក់ប្រធានាធិបតី យូន សុកយុល បន្ទាប់ពីបានបរាជ័យក្នុងការបោះឆ្នោតនៅសភាកាលពីយប់ថ្ងៃសៅរ៍ (ថ្ងៃទី៧ ខែធ្នូ)។

លោក លី ជេមីញ មេដឹកនាំគណបក្សប្រឆាំងបានប្តេជ្ញាថានឹងទម្លាក់លោក យូន ឱ្យបានគ្រប់មធ្យោបាយ តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់។ លោកក៏បានសុំទោសប្រជាជនដែលមិនអាចសម្រេចបាន “លទ្ធផលដែលអ្នកចង់បាន”។

គណបក្សប្រឆាំងបានសម្រេចចិត្តព្យាយាមម្តងទៀតនៅថ្ងៃពុធខាងមុខនេះ ហើយអ្នកតវ៉ាជាច្រើនបាននិយាយថា ពួកគេនឹងបន្តធ្វើបាតុកម្មនៅចុងសប្តាហ៍ក្រោយ។

ប៉ុន្តែគណបក្សប្រជាជនមានអំណាចរបស់លោក យូន បាននិយាយថា ខ្លួននឹងស្វែងរកមធ្យោបាយ “មានសណ្តាប់ធ្នាប់ និងការទទួលខុសត្រូវ” ដើម្បីដោះស្រាយវិបត្តិនេះ ជាជាងការទម្លាក់ប្រធានាធិបតី។

ប្រធានាធិបតីបានរួចផុតពីសំណើទម្លាក់កាលពីថ្ងៃសៅរ៍ដោយមានសំឡេងគាំទ្រតែ ១៩៥ សំឡេងប៉ុណ្ណោះ ដែលទាបជាងកម្រិតអប្បបរមា ២០០ សំឡេងដែលត្រូវការសម្រាប់ការបោះឆ្នោត។

លោក វូ វ៉ុនសិក អធិបតីរដ្ឋសភាជាតិបាននិយាយដោយដកដង្ហើមធំថា “ប្រជាជាតិទាំងមូលកំពុងតាមដានការសម្រេចចិត្តដែលកំពុងធ្វើឡើងនៅរដ្ឋសភាថ្ងៃនេះ។ ពិភពលោកកំពុងមើល។”

“វាជារឿងគួរឱ្យសោកស្តាយណាស់ដែលមិនមានការបោះឆ្នោតផង។”

លោក យូន បានធ្វើឱ្យប្រជាជាតិភ្ញាក់ផ្អើលកាលពីចុងថ្ងៃអង្គារ នៅពេលដែលលោកបានផ្តល់អំណាចអាសន្នយ៉ាងធំធេងដល់យោធា ដើម្បីកម្ចាត់អ្វីដែលលោកហៅថា “កម្លាំងប្រឆាំងរដ្ឋ” និងយកឈ្នះលើគូប្រជែងនយោបាយដែលរារាំង។ ក្រោយមកលោកបានដកបញ្ជានេះវិញ។

លោកបានសុំទោសប្រជាជាតិក្នុងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃសៅរ៍ ប៉ុន្តែបានប្រឆាំងនឹងការអំពាវនាវឱ្យលាលែងមុនការបោះឆ្នោត។

ប៉ូលីសកូរ៉េខាងត្បូងបាននិយាយថា ពួកគេបានចាប់ផ្តើមស៊ើបអង្កេតលោក យូន ពីបទ “បះបោរ” ដែលត្រូវបានចោទប្រកាន់។

ការបះបោរគឺជាបទល្មើសដែលលើសពីអភ័យឯកសិទ្ធិប្រធានាធិបតី ហើយអាចទទួលទោសប្រហារជីវិត៕

ប្រភព៖ Reuters/mi