អន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង យូន សុកយូលបានចេញមុខសុំទោសពីកំហុសរបស់ខ្លួនមុនការបោះឆ្នោតទម្លាក់ពីតំណែង

ប្រែសម្រួល៖ រតនា

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុក យូល បានសុំទោសជនរួមជាតិក្នុងសុន្ទរកថាខ្លីមួយផ្សាយតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ (ថ្ងៃទី៧ ខែធ្នូ) មុនការបោះឆ្នោតដើម្បីទម្លាក់លោកពីតំណែង ដោយសារការដាក់ច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លី។

សុន្ទរកថានេះគឺជាការលេចមុខជាសាធារណៈលើកដំបូងរបស់មេដឹកនាំរូបនេះ ចាប់តាំងពីលោកបានដកច្បាប់អាជ្ញាសឹកកាលពីព្រឹកថ្ងៃពុធ គ្រាន់តែប្រាំមួយម៉ោងបន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្ត ក្រោយពីសភាបានបដិសេធការហ៊ុមព័ទ្ធរបស់យោធា និងប៉ូលិស ដើម្បីបោះឆ្នោតប្រឆាំងនឹងបទបញ្ជានេះ។

លោក យូន បាននិយាយថា លោកនឹងមិនព្យាយាមគេចវេះពីការទទួលខុសត្រូវផ្លូវច្បាប់ និងនយោបាយចំពោះការសម្រេចចិត្តរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹកជាលើកដំបូងនៅកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ១៩៨០មក។

លោកបានបន្ថែមថា ការសម្រេចចិត្តនេះកើតចេញពីភាពអស់សង្ឃឹម។

ប៉ូលិសបានឱ្យដឹងថា ពួកគេរំពឹងថានឹងមានប្រជាជនរាប់ម៉ឺននាក់ចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងលោក យូន នៅថ្ងៃសៅរ៍ មុនការបោះឆ្នោតទម្លាក់ពីតំណែង ដែលត្រូវការសម្លេងគាំទ្រពីរភាគបី៕