ប្រែសម្រួល៖ ស-សម្បត្តិ
ទីក្រុងសេអ៊ូល៖ អ្នកនាំពាក្យគណបក្សម្នាក់ដែលត្រូវបានគេឃើញប៉ះទង្គិចជាមួយទាហានកាន់កាំភ្លើងក្នុងវីដេអូដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជានិមិត្តរូបនៃការប្រឆាំងច្បាប់អាជ្ញាសឹក បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី៥ ធ្នូ) ថាខ្លួនមិនមែនជាមនុស្សក្លាហានជាពិសេសនោះទេ។
ប្រធានាធិបតី យូន ស៊ុក យុល ត្រូវបានបង្ខំឱ្យបោះបង់ការប្រកាសច្បាប់អាជ្ញាសឹកនៅសប្តាហ៍នេះ បន្ទាប់ពីសមាជិកសភាចំនួន១៩០រូបបានប្រឆាំងនឹងក្រុមទាហានពាក់មួកសុវត្ថិភាព និងឈុតការពារខ្លួន ហើយបានបោះឆ្នោតជាឯកច្ឆន្ទប្រឆាំងនឹងគាត់។
ទិដ្ឋភាពនៃជំនួយការសមាជិកសភាប៉ះទង្គិចជាមួយទាហានដើម្បីការពារកុំឱ្យទាហានចូលទៅក្នុងសាលប្រជុំធំ បានក្លាយជានិមិត្តរូបនៃការបដិសេធជាសាធារណៈចំពោះការប៉ុនប៉ងដាក់ច្បាប់យោធា។
រូបភាពដែលបានរាលដាលបង្ហាញពី អាន គ្វីរ្យុង អាយុ៣៥ឆ្នាំ អតីតអ្នកអានព័ត៌មានទូរទស្សន៍ដែលបម្រើការជាអ្នកនាំពាក្យគណបក្សប្រឆាំងប្រជាធិបតេយ្យ កំពុងប៉ះទង្គិចជាមួយទាហានម្នាក់ និងចាប់កាំភ្លើងរបស់គេ។ វីដេអូមួយត្រូវបានទស្សនាច្រើនជាង១,២លានដងនៅលើយូធ្យូបគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។
“គំនិតតែមួយគត់របស់ខ្ញុំគឺត្រូវតែបញ្ឈប់ពួកគេ។ ខ្ញុំបានរុញពួកគេចេញ រំកិលពួកគេចេញ និងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន” នាងបានប្រាប់រ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។
“មនុស្សជាច្រើនបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងច្បាប់អាជ្ញាសឹក ដូច្នេះខ្ញុំគ្រាន់តែគិតថាខ្ញុំក៏ត្រូវតែបញ្ឈប់ពួកគេដែរ។”
នៅពេលសមាជិកសភាជួបជុំគ្នាកាលពីថ្ងៃអង្គារ ជំនួយការរបស់ពួកគេបានរាំងខ្ទប់ច្រកចូលដោយគ្រឿងសង្ហារឹម បង្កើតខ្សែចង្វាក់មនុស្ស និងបាញ់ទាហានដោយឧបករណ៍ពន្លត់អគ្គិភ័យ។ គ្រាន់តែពីរម៉ោងកន្លះបន្ទាប់ពីប្រធានាធិបតីបានប្រកាសច្បាប់អាជ្ញាសឹក សមាជិកសភាចំនួន១៩០រូបបានធ្វើដំណើរទៅកាន់សភា និងបោះឆ្នោតជាឯកច្ឆន្ទដើម្បីទប់ស្កាត់វា។
“លែងទៅ! តើអ្នកមិនមានការអាម៉ាស់ទេឬ?” លោកស្រី អាន អាចត្រូវបានគេឮស្រែកដាក់ទាហាននោះក្នុងវីដេអូ។ បន្ទាប់ពីនាងចាប់កាំភ្លើងរបស់គេ ទាហាននោះបានថយក្រោយ។
ឆ្លើយតបនឹងសំណួរថាតើនាងបានដឹងថាវានឹងទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនោះឬទេ លោកស្រី អាន បាននិយាយថា៖ “មានមនុស្សជាច្រើនក្លាហានជាងខ្ញុំដែលបានប្រឈមមុខនឹងកងកម្លាំងច្បាប់អាជ្ញាសឹក។”
“មានមនុស្សដែលអាចបញ្ឈប់រថក្រោះនៅខាងក្រៅទៀតផង។ ដូច្នេះខ្ញុំមិនគិតថាសកម្មភាពរបស់ខ្ញុំមានលក្ខណៈពិសេសទេ។”
មេបញ្ជាការកងកម្លាំងច្បាប់អាជ្ញាសឹកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គាត់មិនមានបំណងប្រើប្រាស់អាវុធប្រឆាំងនឹងប្រជាជនទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិរងបាននិយាយថា គ្មានការផ្តល់គ្រាប់រំសេវឱ្យកងកម្លាំងទេ។
សមាជិកសភាគណបក្សប្រឆាំងកូរ៉េខាងត្បូងគ្រោងនឹងបោះឆ្នោតនៅចុងសប្តាហ៍នេះដើម្បីដកប្រធានាធិបតីចេញពីតំណែង។
“ខ្ញុំគិតថាប្រជាជនបានដកប្រធានាធិបតី យូន ស៊ុក យុល ចេញពីតំណែងផ្លូវចិត្តរួចហើយ” លោកស្រី អាន បាននិយាយ។ “តើនរណាអាចជឿទុកចិត្តប្រធានាធិបតីម្នាក់ដែលប្រកាសច្បាប់អាជ្ញាសឹកស្ទើរតែដូចកុមារលេងល្បែង ឬផ្តល់ការដឹកនាំប្រទេសជាតិបែបនេះបាន?”
ប្រភព៖ រ៉យទ័រ/ស៊ីអឹម