កីឡា

អតីតតារាបាល់ទាត់ក្លិប Real Madrid ទម្លាយពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានក្លិប PSG

ប្រែសម្រួល៖ តារា

«ប្រហែលជាគាត់ចូលចិត្តប្រពន្ធខ្ញុំជាង»៖អតីតតារាក្លិប Real Madrid បានចេញមកអះអាងរឿងគួរឱ្យភ្ញាក់ផ្អើលអំពីប្រធានក្លិបបាល់ទាត់ដ៏ធំនៅបារាំង PSG លោក Nasser Al-Khelaifi និងបង្ហាញពីមូលហេតុដែលគាត់ចាកចេញពីក្លិបបារាំងមួយនេះក្រោយលេងបានត្រឹមតែ១២ប្រកួតប៉ុណ្ណោះ។

 អតីតតារា PSG កីឡាករ Jese (រូបភាពជាមួយប្រពន្ធរបស់គាត់ Aurah Ruiz) បានស្នើប្រធានក្លឹប Nasser Al-Khelaifi ‘ចូលចិត្តប្រពន្ធរបស់គាត់’ ជាងគាត់

អតីតកីឡាករក្លិប Paris Saint-Germain លោក Jese បានចេញមករិះគន់យ៉ាងខ្លាំងទៅលើក្លិប និងប្រធានក្លិប បួនឆ្នាំក្រោយពីបរាជ័យក្នុងការលេងនៅទីនោះ។

កីឡាករជនជាតិអេស្ប៉ាញរូបនេះបានផ្លាស់ទៅក្លិបបារាំងពីក្លិប Real Madrid ក្នុងនាមជាខ្សែប្រយុទ្ធដែលមានទេពកោសល្យខ្ពស់ ដោយសង្ឃឹមថានឹងបានលេងច្រើនជាងមុន ក្រោយពីមានការប្រកួតប្រជែងជាមួយ Cristiano Ronaldo និង Gareth Bale។

មានការរំពឹងទុកខ្ពស់ចំពោះកីឡាករតម្លៃ២១លានផោនស្ទែលីងរូបនេះ នៅពេលទៅដល់កីឡដ្ឋាន Parc des Princes ក្រោមកិច្ចសន្យា៥ឆ្នាំ ដោយ Jese បានលេងឱ្យក្លិប Los Blancos ២៨ដងក្នុងរដូវកាលមុន និង៩ដងក្នុងព្រឹត្តិការណ៍ Champions League ដែលក្លិបទទួលបានជ័យជម្នះ។

លោក Al-Khelaifi ប្រធានក្លិប PSG តាំងពីឆ្នាំ២០១១

ប៉ុន្តែស្ថានការណ៍បានប្រែប្រួលយ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្រោយពីគាត់ជួបបញ្ហាពោះវៀននិងមិនអាចត្រឡប់ចូលក្រុមវិញបាន ដោយបានលេងត្រឹមតែ១៨ប្រកួតប៉ុណ្ណោះសម្រាប់ PSG ក្នុងរយៈពេល៤ឆ្នាំដ៏លំបាក។

អតីតកីឡាករវ័យក្មេងដែលមានទេពកោសល្យរូបនេះ បានក្លាយជាកីឡាករដែលត្រូវខ្ចីជើងទៅលេងឱ្យក្លិបផ្សេងៗដូចជា Las Palmas និង Sporting Lisbon។ គាត់ក៏បានទៅលេងឱ្យក្លិប Stoke ក្នុងរដូវកាល២០១៧-១៨ផងដែរ។

បច្ចុប្បន្នកំពុងលេងឱ្យក្លិប Johor DT នៅម៉ាឡេស៊ី Jese បាននិយាយអំពីបទពិសោធបរាជ័យរបស់គាត់នៅក្លិបបារាំង និងបានចេញមកអះអាងគួរឱ្យភ្ញាក់ផ្អើលអំពីប្រធានក្លិប Nasser Al-Khelaifi ក្នុងបទសម្ភាសជាមួយយូធូបឺ Mowlihawk។

គាត់បាននិយាយថា “ប្រសិនបើខ្ញុំចង់បាន ខ្ញុំនឹងស្នាក់នៅក្នុងទីក្រុង Madrid ប៉ុន្តែបន្ទាប់មកជម្រើសរបស់ PSG បានកើតឡើង។

«លើសពីនេះ ខ្ញុំមិនសូវមានឱកាសលេងច្រើនទេ ហើយគិតថានឹងបានលេងនៅទីក្រុងប៉ារីស។ Unai Emery ជាគ្រូបង្វឹកនៅទីនោះ ហើយគាត់ជាអ្នកហៅខ្ញុំ។»

«Real Madrid មានការចុះកុងត្រាថ្មីជាច្រើន ខ្ញុំចង់ទៅលេងនៅព្រឹត្តិការណ៍ Euro ២០១៦ ហើយខ្ញុំជិតបានទៅលេងនៅពានរង្វាន់ World Cup ២០១៤ នៅប្រេស៊ីល។»

លោក Jese លេងបានតែ 18 ដងសម្រាប់ PSG ប៉ុន្តែបានពន្យល់ថាគាត់រកប្រាក់បានច្រើនពេលនៅប្រទេសបារាំង

«លោក Del Bosque ចង់ហៅខ្ញុំ ប៉ុន្តែខ្ញុំរងរបួស។ ហើយ PSG បង់ប្រាក់ឱ្យខ្ញុំច្រើនជាង។ ហើយចងចាំថា ខ្ញុំរកបានច្រើនរួចហើយនៅ Real Madrid។ នៅពេលខ្ញុំឃើញប្រាក់មួយលានអឺរ៉ូក្នុងគណនីរបស់ខ្ញុំជាលើកដំបូង ខ្ញុំគិតថា៖ ទាំងអស់នេះគ្រាន់តែដើម្បីស៊ុតបញ្ចូលទីប៉ុណ្ណោះឬ?»

«នៅ PSG ខ្ញុំចាប់ផ្តើមប្រកួតដំបូងរបស់ខ្ញុំដោយបញ្ជូនបាល់ឱ្យក្រុមឈ្នះ ប៉ុន្តែបន្ទាប់មកខ្ញុំត្រូវសម្រាកពីរខែដោយសារជំងឺពោះវៀន។ នៅខែមករា ពួកគេប្រាប់ខ្ញុំថាខ្ញុំត្រូវចាកចេញ។»

«ខ្ញុំប្រាប់ Emery ថាខ្ញុំមានអារម្មណ៍ថាត្រូវគេបោកប្រាស់។ ប្រធានក្លិប [Al-Khelaifi] មិនចង់ជួបខ្ញុំដោយផ្ទាល់ផង។ ប្រហែលជាគាត់ចូលចិត្តប្រពន្ធខ្ញុំជាងខ្ញុំទៅទៀត។»

«ពួកគេមិនបានផ្តល់ការពន្យល់អ្វីទាំងអស់។ អ្នកអាចរកលុយបានច្រើន តែពួកគេប្រព្រឹត្តមកលើខ្ញុំយ៉ាងអាក្រក់បំផុត។»

Jese បានសង្ខេបដោយនិយាយថា៖ «ខ្ញុំដឹងថា Real Madrid ជាក្លិបល្អបំផុតនៅលើពិភពលោកគ្រប់បែបយ៉ាង។ នៅ PSG គឺជាមនុស្សម្នាក់ដែលជាមហាសេដ្ឋី ហើយប្រើប្រាស់កីឡាករ។»

មិនមានភាពច្បាស់លាស់ទេថាតើកីឡាករជនជាតិអេស្ប៉ាញរូបនេះចង់និយាយអ្វីទាក់ទងនឹងប្រពន្ធរបស់គាត់ Aurah Ruiz ដែលគាត់បានរៀបការជាមួយអស់រយៈពេលពីរឆ្នាំហើយ។

Ruiz ជាបុគ្គលល្បីលើអ៊ីនធឺណិត និងបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ប្រជាប្រិយរបស់អេស្ប៉ាញឈ្មោះ Supervivientes។

នាងបង្ហោះរូបភាពខ្លួនឯងពេលទៅកម្សាន្ត ពេលញ៉ាំអាហារក្រៅ ឬពេលចំណាយពេលជាមួយប្តីទៅលើគណនី Instagram របស់នាង ដែលមានអ្នកតាមដានចំនួន៦៥០.០០០នាក់។

Al-Khelaifi ធ្លាប់ជាកីឡាករវាយកូនបាល់អាជីពមុនពេលចូលក្នុងវិស័យពាណិជ្ជកម្ម ដែលគាត់បានក្លាយជាប្រធានក្រុមហ៊ុន beIN Media Group និង Qatar Sports Investments។

គាត់ជានាយកប្រតិបត្តិ និងប្រធានក្លិប PSG តាំងពីឆ្នាំ២០១១ ដឹកនាំក្លិបឆ្លងកាត់ជោគជ័យជាច្រើន ដោយឈ្នះពានលីគចំនួន១០លើក និងចុះកុងត្រាជាមួយកីឡាករល្បីៗដូចជា Neymar, Lionel Messi និង Kylian Mbappe៕