អន្តរជាតិ

មហាសេដ្ឋីប្រាក់ពាន់លានដុល្លារឥណ្ឌាលោក Gautam Adani ចេញមុខបញ្ជាក់ពីករណីចោទប្រកាន់ពីបទសូកប៉ាន់នៅសហរដ្ឋអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ

ញូវដេលី ថ្ងៃទី៣០ ខែវិច្ឆិកា (Reuters) – លោក Gautam Adani ស្ថាបនិកក្រុមហ៊ុន Adani Group បានឆ្លើយតបជាលើកដំបូងកាលពីថ្ងៃសៅរ៍ ទៅនឹងការចោទប្រកាន់ដោយអាជ្ញាធរអាមេរិក ដែលថាលោកជាផ្នែកមួយនៃករណីសូកប៉ាន់ដែលមានទឹកប្រាក់ ២៦៥ លានដុល្លារ ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកដែលធ្វើអាជីវកម្មចម្រុះពីកំពង់ផែរហូតដល់ថាមពល បានប្តេជ្ញាអនុវត្តតាមបទបញ្ញត្តិកម្រិតពិភពលោក។

លោក Gautam Adani, Ahmedabad, មហាសេដ្ឋីជនជាតិឥណ្ឌា( REUTERS/Amit Dave)

ការចោទប្រកាន់នេះគឺជាវិបត្តិធំទី២ ដែលបានកើតឡើងចំពោះក្រុមហ៊ុន Adani ក្នុងរយៈពេលគ្រាន់តែពីរឆ្នាំប៉ុណ្ណោះ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសឥណ្ឌា និងប្រទេសដទៃទៀត។ រដ្ឋមួយនៃប្រទេសឥណ្ឌាកំពុងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងថាមពលជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុន TotalEnergies របស់បារាំងបានសម្រេចផ្អាកការវិនិយោគរបស់ខ្លួន ហើយជម្លោះនយោបាយទាក់ទងនឹងក្រុមហ៊ុន Adani បានរំខានដល់សភាឥណ្ឌា។

“តិចជាងពីរសប្តាហ៍មុន យើងបានប្រឈមនឹងការចោទប្រកាន់មួយចំនួនពីសហរដ្ឋអាមេរិក អំពីការអនុវត្តបទបញ្ញត្តិនៅក្រុមហ៊ុន Adani Green Energy។ នេះមិនមែនជាលើកដំបូងទេដែលយើងបានប្រឈមនឹងបញ្ហាប្រឈមបែបនេះ” លោក Adani បានថ្លែងក្នុងសុន្ទរកថានៅក្នុងពិធីប្រគល់ពានរង្វាន់មួយ។

លោក Gautam Adani, Ahmedabad, មហាសេដ្ឋីជនជាតិឥណ្ឌា

អាជ្ញាធរអាមេរិកបានចោទប្រកាន់លោក Gautam Adani ក្មួយប្រុសរបស់លោក និងជានាយកប្រតិបត្តិ Sagar Adani និងអគ្គនាយកក្រុមហ៊ុន Adani Green លោក Vneet S. Jaain ថាជាផ្នែកមួយនៃគម្រោងសូកប៉ាន់ដើម្បីទទួលបានកិច្ចសន្យាផ្គត់ផ្គង់ថាមពលនៅឥណ្ឌា និងការបន្លំវិនិយោគិនអាមេរិកក្នុងអំឡុងពេលកៀរគរមូលនិធិនៅក្នុងប្រទេស។

ក្រុមហ៊ុន Adani Group បានបដិសេធការចោទប្រកាន់នេះ ដោយពិពណ៌នាថាវា “គ្មានមូលដ្ឋាន” និងបានសន្យាថានឹងស្វែងរក “មធ្យោបាយផ្លូវច្បាប់ដែលអាចធ្វើទៅបានទាំងអស់”។

“អ្វីដែលខ្ញុំអាចប្រាប់អ្នកបានគឺថា រាល់ការវាយប្រហារធ្វើឱ្យយើងកាន់តែរឹងមាំ ហើយរាល់ឧបសគ្គក្លាយជាជំហានឆ្ពោះទៅរកក្រុមហ៊ុន Adani Group ដែលកាន់តែធន់” លោក Adani បានថ្លែងនៅក្នុងទីក្រុង Jaipur ភាគខាងជើងប្រទេសឥណ្ឌា។

“នៅក្នុងពិភពលោកសព្វថ្ងៃ ភាពអវិជ្ជមានរីករាលដាលលឿនជាងការពិត ហើយខណៈពេលដែលយើងដំណើរការតាមនីតិវិធីច្បាប់ ខ្ញុំចង់បញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តដាច់ខាតរបស់យើងក្នុងការគោរពតាមបទបញ្ញត្តិកម្រិតពិភពលោក” លោកបានបន្ថែមដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។

ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Adani Group កាលពីថ្ងៃសុក្របានបដិសេធការចោទប្រកាន់នេះ ខណៈដែលរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនមិនបានទទួលសំណើណាមួយពីសហរដ្ឋអាមេរិកទាក់ទងនឹងករណីនេះទេ។

នៅពេលមួយ ក្រុមហ៊ុនចុះបញ្ជីរបស់ក្រុមហ៊ុន Adani Group បានបាត់បង់តម្លៃទីផ្សាររួមគ្នាប្រមាណ ៣៤ ពាន់លានដុល្លារ ប៉ុន្តែភាគហ៊ុនបានងើបឡើងវិញ ខណៈដែលដៃគូ និងវិនិយោគិនមួយចំនួនបានគាំទ្រក្រុមហ៊ុននេះ៕