អន្តរជាតិ

រុស្ស៊ីព្រមានវាយ.ប្រ.ហារអ៊ុយក្រែនម្តងទៀតដោយមី.ស៊ីលថ្មី បន្ទាប់ពីការវាយប្រហារជាច្រើនលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល

ប្រែសម្រួល៖ រតនា
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានគំរាមវាយ.ប្រហារអ៊ុយក្រែនម្តងទៀត ដោយមីស៊ីលបាលីស្ទិកថ្មីដែលអាចផ្ទុកក្បាលគ្រាប់.នុយក្លេអ៊ែរ បន្ទាប់ពីការវាយលុកយ៉ាងទូលំទូលាយលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន។
អាជ្ញាធរក្នុងប្រទេសបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គ្រួសារជាង១លាននាក់នៅអ៊ុយក្រែន បានបាត់បង់ថាមពលអគ្គិសនី បន្ទាប់ពីការទម្លាក់គ្រាប់បែកពេញមួយយប់។ យោងតាមក្រសួងថាមពលនៅក្នុងក្រុងគីវ នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទី១១ មកលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែននៅឆ្នាំនេះតែម្តង ដែលជាយុទ្ធសាស្ត្រមួយបណ្តាលឲ្យមានការដាច់ភ្លើងជាបន្តបន្ទាប់ទូទាំងប្រទេស។

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង Astana ប្រទេស​កាហ្សាក់ស្ថាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ Mikhail Tereshchenko / Sputnik / Reuters

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិសុខនៅប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានអះអាងថា ការវាយប្រហារពេញមួយយប់នេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារលើទឹកដីរុស្ស៊ី ដោយប្រើមីស៊ីល ATACMS ផលិតនៅសហរដ្ឋអាមេរិក។ លោកក៏បានព្រមានថា នឹងពិចារណាបាញ់មីស៊ីលបាលីស្ទិកមធ្យម “Oreshnik” ថ្មីរបស់រុស្ស៊ី ដែលត្រូវបានបាញ់ជាលើកដំបូងទៅលើតំបន់ដនីប្រូនៃអ៊ុយក្រែន កាលពីសប្តាហ៍មុន។

លោកបានមានប្រសាសន៍ថា៖ “យើងនឹងឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់លើទឹកដីរុស្ស៊ី ដោយមីស៊ីលចម្ងាយឆ្ងាយផលិតនៅលោកខាងលិច រួមទាំងការបន្តសាកល្បងមីស៊ីល Oreshnik ក្នុងស្ថានភាពប្រយុទ្ធផងដែរ”។

លោក ពូទីន ក៏បានសរសើរប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយពិពណ៌នាថា ជា “អ្នកនយោបាយឆ្លាតវៃ និងមានបទពិសោធ” ដែលអាចស្វែងរក “ដំណោះស្រាយ” បាន ខណៈដែលភាពតានតឹងកើនឡើងរវាងម៉ូស្គូ និងដៃគូលោកខាងលិចរបស់គីវ។

មេដឹកនាំរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់លោកបានវាយប្រហារគោលដៅចំនួន១៧ ដោយពិពណ៌នាថាជា “មូលដ្ឋានយោធា រោងចក្រឧស្សាហកម្មការពារជាតិ និងប្រព័ន្ធគាំទ្ររបស់ពួកគេ” ដោយមិនទទួលស្គាល់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ លោក ពូទីន បានមានប្រសាសន៍ថា៖ “ដូចដែលខ្ញុំបាននិយាយជាច្រើនដង នឹងតែងតែមានការឆ្លើយតបពីសំណាក់យើង (ចំពោះការប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក)”។

ទិដ្ឋភាព​មួយ​បង្ហាញ​ពី​រោងចក្រ​ថាមពល​កម្ដៅ​ដែល​រង​ការ​ខូចខាត​ដោយ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី ចំ​ពេល​ដែល​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​អ៊ុយក្រែន​នៅ​ទីតាំង​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ REUTERS/Gleb Garanich Gleb Garanich/Reuters

លោក ពូទីន ដែលធ្លាប់បាននិយាយថា ម៉ូស្គូចាត់ទុកខ្លួនឯងមានសិទ្ធិប្រើប្រាស់អាវុធប្រឆាំងនឹងគោលដៅយោធារបស់ប្រទេសដែលអនុញ្ញាតឱ្យប្រើអាវុធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ក៏បានគំរាមធ្វើការវាយប្រហារបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា ក្រសួងការពារជាតិរុស្ស៊ី កំពុង “ជ្រើសរើសគោលដៅសម្រាប់វាយប្រហារនៅលើទឹកដីអ៊ុយក្រែន”។ “នេះអាចជាមូលដ្ឋានយោធា សហគ្រាសឧស្សាហកម្មការពារជាតិ ឬមជ្ឈមណ្ឌលសម្រេចចិត្តនៅក្នុងក្រុងគីវ”។
ការប្រើប្រាស់មីស៊ីលបាលីស្ទិក Oreshnik របស់រុស្ស៊ី ដែលផ្ទុកក្បាលគ្រាប់ច្រើន កាលពីសប្តាហ៍មុន គឺជាព្រឹត្តិការណ៍សំខាន់ និងប្រហែលជាគ្រោះថ្នាក់នៅក្នុងជម្លោះរវាងម៉ូស្គូ និងលោកខាងលិច ហើយប្រហែលជាជាលើកដំបូងដែលអាវុធបែបនេះត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម។

លោក ពូទីន បានអះអាងថា មីស៊ីលនេះអាចឆ្លងកាត់ប្រព័ន្ធការពារផ្លូវអាកាស ហើយប្រសិនបើក្បាលគ្រាប់ច្រើនត្រូវបានប្រើប្រាស់រួមគ្នា “កម្លាំងនៃការវាយប្រហារនឹងអាចប្រៀបធៀបទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ”។

លោកបានមានប្រសាសន៍ថា៖ “អ្វីគ្រប់យ៉ាងដែលនៅក្នុងចំណុចកណ្តាលនៃការផ្ទុះ នឹងត្រូវបែងចែកជាផ្នែកតូចៗ ជាភាគល្អិតមូលដ្ឋាន ជាក់ស្តែងក្លាយជាធូលី” ដោយបន្ថែមថា មីស៊ីលនេះ “មិនមានផ្ទុកនុយក្លេអ៊ែរទេ”។

ការវាយប្រហារដោយមីស៊ីលរុស្ស៊ីទៅលើដនីប្រូ មិនបានផ្ទុកកំពូលនុយក្លេអ៊ែរទេ ប៉ុន្តែវាបានប្រើប្រាស់អាវុធដែលត្រូវបានរចនាឡើងសម្រាប់ការបញ្ជូននុយក្លេអ៊ែរ ដើម្បីបាញ់អាវុធប្រពៃណីជំនួសវិញ។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានមានប្រសាសន៍ថា ការប្រើប្រាស់មីស៊ីលថ្មីនេះ គឺជា “ការបង្កើនកម្រិតនៃសង្គ្រាមនេះយ៉ាងច្បាស់លាស់និងធ្ងន់ធ្ងរ។”

• ‘រដូវរងានីមួយៗកាន់តែលំបាកឡើង’

រដ្ឋមន្ត្រីក្រសួងថាមពល ហ្គឺមេន ហាលូសឆិនកូ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន “ស្ថិតក្រោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់សត្រូវ” នៅពេលយប់។ ការទម្លាក់គ្រាប់បែកបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលធ្វើឱ្យអ៊ុយក្រែនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈសង្គ្រាមចូលដល់រដូវរងាទីបី។

ប្រធានាធិបតី ហ្សេឡិនស្គី បានថ្លែងថា រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកចង្កោម (គ្រាប់បែកដែលបំបែកជាគ្រាប់តូចៗជាច្រើនគ្រាប់លើផ្ទៃដ៏ធំ) ក្នុងការវាយប្រហារនេះ។ អាវុធប្រភេទនេះ “ធ្វើឱ្យកាន់តែពិបាកសម្រាប់អ្នកសង្គ្រោះនិងវិស្វករថាមពលរបស់យើង” ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ។

ភ្លាមៗបន្ទាប់ពីការវាយប្រហារ ក្រុមហ៊ុនថាមពលអ៊ុយក្រែនបានដាក់ឱ្យអនុវត្តការកាត់ផ្ដាច់ចរន្តអគ្គិសនីបន្ទាន់នៅតំបន់ជាច្រើន ដោយមានការអាក់ខានធំៗនៅតំបន់ភាគខាងលិច រួមមាន ឡវីវ វ៉ូលីន និងរីវណេ។ បច្ចុប្បន្ន ក្រុមហ៊ុនបានប្ដូរទៅអនុវត្តការកាត់ផ្ដាច់ចរន្តអគ្គិសនីតាមកាលវិភាគម៉ោងវិញ។

អ្នកស្រុកម្នាក់ចាប់ផ្តើមម៉ាស៊ីនភ្លើងអំឡុងពេលដាច់ចរន្តអគ្គិសនីនៅ Lviv បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ រូបភាព Yuriy Dyachyshyn / AFP / Getty Images

យ៉ាងហោចណាស់មានមនុស្សប្រាំនាក់រងរបួស រួមមានម្នាក់នៅតំបន់វីនីត្សាភាគកណ្ដាល ពីរនាក់នៅតំបន់អូដេស្សាភាគខាងត្បូង និងពីរនាក់នៅទី្រក្រុងគីវ។ នៅខាកីវ មីស៊ីលមួយគ្រាប់បានបុកត្រូវអគារអាជីវកម្មស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្កោលទោសការវាយប្រហារ “ដ៏គួរឱ្យរន្ធត់” នេះ ដែលលោកថាជា “ការរំលឹកម្ដងទៀតអំពីភាពបន្ទាន់និងសារៈសំខាន់នៃការគាំទ្រប្រជាជនអ៊ុយក្រែនក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។”

ប្រព័ន្ធការពារផ្លូវអាកាសត្រូវបានដាក់ឱ្យដំណើរការទូទាំងប្រទេស ដោយមានការខូចខាតត្រូវបានរាយការណ៍នៅក្នុង១៤តំបន់។ នៅគីវ ប្រជាជនបានភៀសខ្លួនទៅជ្រកនៅស្ថានីយរថភ្លើងក្រោមដី ខណៈសំឡេងព្រមានការវាយប្រហារតាមអាកាសដោយមីស៊ីលនិងដ្រូនបន្លឺឡើងអស់រយៈពេលជាង៩ម៉ោង។

“ព្រឹកនេះខ្ញុំឮសំឡេងផ្ទុះបីដង” លោក វ៉ាឡេរី ដូរ៉ូទី អ្នករស់នៅក្នុងក្រុងលូតស្ក៍ តំបន់វ៉ូលីនភាគខាងលិចនៃអ៊ុយក្រែន បានប្រាប់ CNN។

លោកបានថា លោកមិនអាចប្រាប់បានទេថាការផ្ទុះនោះបណ្ដាលមកពីមីស៊ីលឬការទប់ស្កាត់របស់ប្រព័ន្ធការពារផ្លូវអាកាសអ៊ុយក្រែន។ “បន្ទាប់មក ភ្លើងក៏ដាច់។”

អាជ្ញាធរបានថ្លែងកាលពីមុនថា ប្រមាណ២១៥,០០០គ្រួសារនៅតំបន់វ៉ូលីនបានប្រឈមនឹងការដាច់ភ្លើងជាបណ្ដោះអាសន្ន។
“ខ្ញុំមានថ្មពិលសម្រាប់សាកទូរស័ព្ទ ប៉ុន្តែខ្ញុំមិនបានទិញឧបករណ៍ផលិតថាមពលដែលមានកម្លាំងខ្លាំងជាងនេះទេ ព្រោះខ្ញុំមិនបានគិតថានឹងមានការវាយប្រហារបែបនេះ និងថាមីស៊ីលនឹងអាចមកដល់យើងទេ” លោក ដូរ៉ូទី បានបន្ថែមថា វាហាក់ដូចជារុស្ស៊ីផ្តោតលើការវាយប្រហារភាគខាងកើតនៃអ៊ុយក្រែនជាងនេះ។ “ប៉ុន្តែវាបានមកដល់យើងមែន។”
អ្នកស្រី អុលហា វ៉ៃន្រីក អាយុ៣២ឆ្នាំ អ្នករស់នៅក្រុងគីវ បានប្រាប់ Reuters ថា “ព្រឹកៗរបស់យើងចាប់ផ្ដើមដោយការពិនិត្យមើលទូរសព្ទដើម្បីមើលថាតើមានការព្រមានពីការវាយប្រហារផ្លូវអាកាសដែរឬទេ… យើងពិតជាធុញទ្រាន់នឹងរឿងទាំងអស់នេះណាស់។”

លោក រ៉ូម៉ាន ទូរី អ្នករស់នៅក្រុងអ៊ីវ៉ាណូ-ហ្វ្រាំគីវស្ក៍ ភាគខាងលិច បានប្រាប់ CNN ថា សំឡេងព្រមានគ្រោះថ្នាក់តាមអាកាសបានចាប់ផ្ដើមនៅម៉ោង៦ព្រឹកនៅតំបន់របស់គាត់។ “មីស៊ីលជាច្រើនគ្រាប់នៃរលកទីពីរកំពុងហោះឆ្ពោះមកកាន់តំបន់របស់យើង។ ប្រហែលម៉ោង៨:១៧នាទីព្រឹក ខ្ញុំឮការផ្ទុះយ៉ាងខ្លាំងនៅលើអ៊ីវ៉ាណូ-ហ្វ្រាំគីវស្ក៍… ខ្ញុំក៏ឮការផ្ទុះនៅឆ្ងាយៗនៅក្នុងតំបន់ដែរ។”

ក្រោយមក គាត់បានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនត្រូវបានវាយប្រហារ…
“យើងរំពឹងថានឹងអត់ភ្លើងរយៈពេលបីម៉ោង ប៉ុន្តែតាមកាលវិភាគថ្មី យើងនឹងអត់អគ្គិសនីប្រើប្រាស់រហូតដល់ប្រាំបីម៉ោងនាថ្ងៃនេះ” នេះជាសម្ដីរបស់លោក ទូរី។ “យើងទាំងអស់គ្នាយល់ច្បាស់ថា រដូវរងារក្នុងឆ្នាំនីមួយៗកាន់តែលំបាកឡើងៗ។”
យោងតាមលោកប្រធានាធិបតី ហ្សេឡិនស្គី ការវាយប្រហារនេះមានការប្រើប្រាស់ដ្រូនប្រហែល១០០គ្រឿង និងមីស៊ីលជាង៩០គ្រាប់។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីរុស្ស៊ីបានបាញ់ចំនួន១៨៨គ្រឿង មកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ក្នុងការវាយប្រហារដ៏ធំមួយដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅភាគខាងលិចប្រទេស យោងតាមកងកម្លាំងអាកាសអ៊ុយក្រែន។

“ការវាយប្រហារនីមួយៗបង្ហាញថា ប្រព័ន្ធការពារផ្លូវអាកាសគឺមានសារៈសំខាន់ណាស់សម្រាប់អ៊ុយក្រែននាពេលនេះ ដោយសារវាជួយសង្គ្រោះជីវិតមនុស្ស មិនមែនគ្រាន់តែទុកនៅក្នុងឃ្លាំងនោះទេ” នេះជាការបន្ថែមរបស់លោក ហ្សេឡិនស្គី ដែលអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យជួយពង្រឹងសមត្ថភាពការពារផ្លូវអាកាសរបស់ប្រទេសគាត់៕