សន្ដិសុខសង្គម

សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបភូមិសាស្ត្រស្រុកកណ្តៀង៖ បាញ់បង្អើលពេលក្រុមជនល្មើសលើកគ្នារារាំងនិងប៉ុនប៉ងបុកទូក

ដោយ : បន្ទាយ

ពោធិ៍សាត់៖  សមត្ថកិច្ចចម្រុះបានបង្រ្កាបបទល្មើសនេសាទដោយប្រើឧបករណ៍ឈ្នក់ (ឆ្នុក) និងអំពូលភ្លើង ដែលជាឧបករណ៍នេសាទខុសច្បាប់ កាលពីថ្ងៃទី២៦វិច្ឆិកា២០២៤ នៅវេលាម៉ោង ១៩:៣០ រហូតដល់ ២១:៤០ នាទីយប់ ។នេះបើតាមមន្ត្រីសមត្ថកិច្ចចម្រុះបានឲ្យដឹងកាលពីថ្ងៃទី២៨ខែវិច្ឆិកា ។

វត្ថុតាងដែលបានចាប់យករួមមាន៖ សាច់ឈ្នក់ (ឆ្នុក) ចំនួន ១៤ គ្រឿង, អាគុយ ៣ គ្រឿង,អាំងវែកទ័រ៤ គ្រឿង, អំពូលភ្លើង ៤ អំពូល,ខ្សែភ្លើងប្រវែង ៨០ ម៉ែត្រ, ខ្សែរួមផ្សំប្រវែង ៨០០ ម៉ែត្រ,បង្គោលចំនួន ៨ កន្លែង (ស្មើនឹង ១៦ ដើម) ។

សមត្ថកិច្ចចម្រុះបន្តថា : ក្នុងពេលបំពេញបេសកម្ម មានជនសង្ស័យមួយក្រុមបានបើកកាណូតជាច្រើនគ្រឿងមករារាំង និងបុកប៉ះកាណូតកម្លាំង។ ដើម្បីការពារសុវត្ថិភាព កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបាញ់បង្អើល២គ្រាប់ទើបជនសង្ស័យបានបើកកាណូតចេញទៅវិញ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់អះអាងថានឹងបន្តពង្រឹងការបង្រ្កាប និងការពារធនធានជលផល ដើម្បីរក្សាបរិស្ថានធម្មជាតិឲ្យមានស្ថិរភាពឡើងវិញក្នុងតំបន់៕