អន្តរជាតិ

តំណាងពិសេសរបស់លោកTrump សម្រាប់ប្រទេសអ៊ុយក្រែនមានផែនការបញ្ចប់សង្រ្គាមដែលអាចធ្វើឱ្យលោក Putin ពេញចិត្ត

ប្រែសម្រួល៖ រតនា

នៅក្នុងការប្រកាសមួយ ប្រធានាធិបតីជាប់ឆ្នោតបានប្រាប់ពិភពលោកពីរបៀបដែលសង្រ្គាមអ៊ុយក្រែនអាចនឹងបញ្ចប់។ ហើយវានឹងក្លាយជាការស្នើសុំផ្នែកការទូតដ៏ធំមួយ។

លោក Trump បានសរសេរនៅលើបណ្តាញសង្គម របស់លោកថា “ខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការតែងតាំងនាយឧត្តមសេនីយ Keith Kellogg ឱ្យធ្វើជាជំនួយការប្រធានាធិបតី និងជាអ្នកតំណាងពិសេសសម្រាប់អ៊ុយក្រែននិងរុស្ស៊ី។ យើងនឹងធានាសន្តិភាពតាមរយៈកម្លាំង និងធ្វើឱ្យអាមេរិក និងពិភពលោកមានសុវត្ថិភាពម្តងទៀត!”

តាមរយៈការតែងតាំងលោក Keith Kellogg ជាអ្នកតំណាងពិសេសសម្រាប់អ៊ុយក្រែន លោក Donald Trump ក៏បានជ្រើសរើសផែនការជាក់លាក់មួយដែលបានប្រកាសជាមុនសម្រាប់បញ្ហាគោលនយោបាយការបរទេសដ៏ស្មុគស្មាញបំផុតរបស់លោក។

លោក Kellogg ដែលមានអាយុ ៨០ ឆ្នាំ និងជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump បានរៀបរាប់លម្អិតពីផែនការសន្តិភាពរបស់លោកក្នុងអត្ថបទមួយសម្រាប់វិទ្យាស្ថានគោលនយោបាយ America First កាលពីខែមេសា។

ផែនការនេះចាប់ផ្តើមដោយហៅសង្រ្គាមនេះថាជា “វិបត្តិដែលអាចជៀសវាងបាន ដែលដោយសារតែគោលនយោបាយអសមត្ថភាពរបស់រដ្ឋបាល Biden បានធ្វើឱ្យអាមេរិកជាប់ពាក់ព័ន្ធក្នុងសង្រ្គាមមិនចេះចប់មួយ។”

ជាសង្ខេប ការឈប់បាញ់គ្នានឹងបញ្ឈប់ខ្សែប្រយុទ្ធ ហើយភាគីទាំងសងខាងនឹងត្រូវបង្ខំឱ្យចូលរួមក្នុងតុចរចា។ ប៉ុន្តែនៅក្នុងព័ត៌មានលម្អិតបន្ថែម វាកាន់តែស្មុគស្មាញ។

  • ការផ្លាស់ប្តូរការចូលរួមរបស់សហរដ្ឋអាមេរិក

លោក Kellogg ចំណាយពេលភាគច្រើនរិះគន់សកម្មភាពរបស់លោក Biden ដោយនិយាយថារដ្ឋបាលរបស់គាត់បានផ្តល់ជំនួយសម្លាប់តិចតួចពេក និងយឺតពេលពេក។ លោកនិយាយថា ការសម្រេចចិត្តរបស់លោក Trump ក្នុងការផ្តល់ជំនួយសម្លាប់ដំបូងដល់អ៊ុយក្រែននៅឆ្នាំ ២០១៨ បានបង្ហាញពីកម្លាំងដែលត្រូវការដើម្បីប្រឈមមុខនឹងលោក Putin ហើយវិធីសាស្ត្រទន់ភ្លន់របស់លោក Trump ចំពោះមេដឹកនាំក្រឹមឡាំង មិនមែនការដាក់ទោសគាត់ដូចលោក Biden បានធ្វើទេ នឹងអាចឱ្យគាត់ធ្វើកិច្ចព្រមព្រៀងមួយបាន។

លោក Kellogg និយាយថា គួរតែផ្តល់អាវុធច្រើនជាងមុនការឈ្លានពានរបស់រុស្ស៊ី និងភ្លាមៗបន្ទាប់ពីនោះ ដើម្បីឱ្យអ៊ុយក្រែនអាចឈ្នះ។

ប៉ុន្តែនៅពេលនោះ ផែនការនេះ ដែល CNN បានរាយការណ៍ថាទីប្រឹក្សាសន្តិសុខជាតិនាពេលខាងមុខរបស់លោក Trump កំពុងពិចារណា លែងត្រូវនឹងចិត្តអ៊ុយក្រែនទៀតហើយ។

លោក Kellogg និយាយថា សហរដ្ឋអាមេរិកមិនត្រូវការការចូលរួមក្នុងជម្លោះមួយទៀតទេ ហើយស្តុកអាវុធផ្ទាល់ខ្លួនរបស់ខ្លួនបានរងផលប៉ះពាល់ពីការជួយអ៊ុយក្រែន ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះក្នុងជម្លោះជាមួយចិនលើបញ្ហាតៃវ៉ាន់។ លោកនិយាយថា សមាជិកភាព NATO របស់អ៊ុយក្រែន ដែលតាមពិតជាឱកាសនៅឆ្ងាយណាស់ ហើយត្រូវបានផ្តល់ជូនទីក្រុងគីវជានិមិត្តរូបនៃសាមគ្គីភាព គួរតែត្រូវបានពន្យារពេលមិនកំណត់ “ដើម្បីប្តូរយកកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយមួយដែលអាចផ្ទៀងផ្ទាត់បាន ជាមួយនឹងការធានាសន្តិសុខ។”

ជាចម្បង ផែនការនេះនិយាយថា វាគួរតែក្លាយជា “គោលនយោបាយផ្លូវការរបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកការឈប់បាញ់គ្នា និងដំណោះស្រាយតាមការចរចា។”

ផែនការនេះនិយាយថា ជំនួយរបស់សហរដ្ឋអាមេរិកនាពេលអនាគត ដែលទំនងជាត្រូវបានផ្តល់ជាប្រាក់កម្ចី នឹងមានលក្ខខណ្ឌលើការចរចារបស់អ៊ុយក្រែនជាមួយរុស្ស៊ី ហើយសហរដ្ឋអាមេរិកនឹងផ្តល់អាវុធដល់អ៊ុយក្រែនត្រឹមកម្រិតដែលខ្លួនអាចការពារខ្លួន និងបញ្ឈប់ការរុករានបន្ថែមទៀតរបស់រុស្ស៊ី មុននិងក្រោយកិច្ចព្រមព្រៀងសន្តិភាពណាមួយ។ ការស្នើនេះប្រហែលជាហួសសម័យដោយសារការលុកលុយយ៉ាងលឿនរបស់ទីក្រុងម៉ូស្គូនៅភាគខាងកើតអ៊ុយក្រែន និងកម្រិតជំនួយខ្ពស់របស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នធ្វើឱ្យលោក Kellogg មានការមិនសប្បាយចិត្ត។

លោក Kellogg ទទួលស្គាល់ដោយផ្នែកនូវអត្ថបទឆ្នាំ ២០២៣ របស់លោក Richard Haas និងលោក Charles Kupchan សម្រាប់គំនិតមួយចំនួនបន្ទាប់។”

  • ការបង្កកជាប់នៅតាមខ្សែប្រយុទ្ធ

ខ្សែប្រយុទ្ធនឹងត្រូវបង្កកដោយការឈប់បាញ់គ្នា ហើយតំបន់គ្មានយោធានឹងត្រូវបានដាក់ចេញ។ ដើម្បីយល់ព្រមទៅនឹងរឿងនេះ រុស្ស៊ីនឹងទទួលបានការលើកលែងទណ្ឌកម្មដោយមានកម្រិត ហើយនឹងទទួលបានការលើកលែងទាំងស្រុងតែនៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដែលអ៊ុយក្រែនពេញចិត្តប៉ុណ្ណោះ។ ការគិតថ្លៃលើការនាំចេញថាមពលរបស់រុស្ស៊ីនឹងបង់ថ្លៃសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន។ អ៊ុយក្រែននឹងមិនត្រូវបានស្នើឱ្យបោះបង់ការទាមទារយកទឹកដីដែលត្រូវបានកាន់កាប់ឡើងវិញទេ ប៉ុន្តែនឹងយល់ព្រមដោះស្រាយតាមរយៈការទូតតែប៉ុណ្ណោះ។ វាទទួលយកថា “នេះនឹងទាមទារការរីកចម្រើនផ្នែកការទូតនាពេលអនាគត ដែលទំនងជាមិនកើតឡើងមុនពេលលោក ពូទីន ចាកចេញពីតំណែងទេ។”

គម្រោងនេះមានភាពសាមញ្ញ និងរហ័សក្នុងវិធីសាស្ត្ររបស់ខ្លួន។ ប៉ុន្តែវាខ្វះខាតការសម្របសម្រួលទៅនឹងអ្វីដែលទីក្រុងមូស្គូនឹងទាមទារ ហើយបានប្រើដំណើរការការទូតកន្លងមកដើម្បីធ្វើការវាយលុកផ្នែកយោធាដោយគ្មានក្តីមេត្តា។ ការបង្កកខ្សែប្រយុទ្ធនឹងបង្កឱ្យមានរយៈពេលប៉ុន្មានខែដ៏ហិង្សាខ្លាំងនៅពេលខាងមុខ ពេលដែលទីក្រុងមូស្គូព្យាយាមកាន់កាប់ទឹកដីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ក្រឹមឡាំងបានមើលរំលងការឈប់បាញ់គ្នាកន្លងមក ហើយបន្តគោលបំណងទឹកដីរបស់ខ្លួន ដោយជារឿយៗបដិសេធយ៉ាងច្បាស់ថាខ្លួនមិនបានធ្វើបែបនេះទេ។

តំបន់គ្មានយោធានឹងត្រូវការការត្រួតពិនិត្យ ដែលអាចនឹងដាក់កងទ័ព NATO ឬទាហានមកពីប្រទេសមិនចូលបក្សសម្ព័ន្ធផ្សេងទៀត នៅចន្លោះភាគីទាំងពីរ។ វានឹងពិបាកក្នុងការថែរក្សា និងដាក់បុគ្គលិកយ៉ាងហោចណាស់។ វានឹងមានទំហំធំធេង លាតសន្ធឹងរាប់រយម៉ាយល៍នៃព្រំដែន និងត្រូវការការវិនិយោគហិរញ្ញវត្ថុយ៉ាងច្រើន។

ការផ្តល់អាវុធឱ្យអ៊ុយក្រែនដល់កម្រិតដែលអាចបញ្ឈប់ការវាយលុករបស់រុស្ស៊ីនាពេលបច្ចុប្បន្ន និងអនាគតក៏នឹងពិបាកដែរ។ ផែនការកត់សម្គាល់ថា សហរដ្ឋអាមេរិកផលិតគ្រាប់កាំភ្លើងធំ ១៥៥ មម ចំនួន ១៤,០០០ គ្រាប់ក្នុងមួយខែ ដែលអ៊ុយក្រែនអាចប្រើអស់ត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ។ ដោយភាពផ្ទុយគ្នា Kellogg ចង់ឱ្យសហរដ្ឋអាមេរិកផ្តល់អាវុធឱ្យអ៊ុយក្រែនបន្ថែមទៀត ប៉ុន្តែក៏ទទួលស្គាល់ថាពួកគេពិតជាមិនអាចធ្វើបានមែន។

  • ការផ្លាស់ប្តូរគុណតម្លៃ

ប្រយោគពីរបង្ហាញពីទស្សនៈទូលំទូលាយរបស់អ្នកនិពន្ធ។ គាត់និយាយថា សន្តិសុខជាតិ តាមរបៀប America First គឺអំពីតម្រូវការជាក់ស្តែង។

គាត់សរសេរថា “លោក Biden បានជំនួសវិធីសាស្ត្ររបស់លោក Trump ដោយវិធីសាស្ត្រអន្តរជាតិនិយមសេរីដែលលើកកម្ពស់គុណតម្លៃលោកខាងលិច សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។” នេះជាមូលដ្ឋានដ៏អាក្រក់មួយសម្រាប់ការកសាងការសម្របសម្រួលលើសន្តិសុខអឺរ៉ុប។

គាត់បន្ថែមថា អ្នករិះគន់មួយចំនួនចំពោះជំនួយបន្តដល់អ៊ុយក្រែន ដែលគាត់ហាក់ដូចជារាប់បញ្ចូលខ្លួនគាត់ផងដែរនោះ “បារម្ភអំពីថាតើផលប្រយោជន៍យុទ្ធសាស្ត្រសំខាន់ៗរបស់អាមេរិកកំពុងស្ថិតក្នុងហានិភ័យក្នុងសង្គ្រាមអ៊ុយក្រែនដែរឬទេ លទ្ធភាពនៃការចូលរួមរបស់កងកម្លាំងយោធាសហរដ្ឋអាមេរិក និងថាតើអាមេរិកកំពុងចូលរួមក្នុងសង្គ្រាមតំណាងជាមួយរុស្ស៊ីដែលអាចរីករាលដាលទៅជាជម្លោះនុយក្លេអ៊ែរដែរឬទេ។”

ប្រយោគទាំងពីរនេះផ្តល់នូវផ្ទៃខាងក្រោយចុងក្រោយសម្រាប់កិច្ចព្រមព្រៀងដែលបានស្នើឡើង៖ ថាសង្គ្រាមអ៊ុយក្រែនគឺអំពីគុណតម្លៃដែលយើងមិនចាំបាច់បន្តទៀតទេ ហើយយើងគួរតែថយក្រោយពីការគំរាមកំហែងនុយក្លេអ៊ែររបស់លោក ពូទីន។ វាផ្ទុយពីសាមគ្គីភាពបច្ចុប្បន្នដែលលោកខាងលិចផ្តល់អាទិភាពដល់គុណតម្លៃនៃរបៀបរស់នៅ និងសន្តិសុខរបស់ខ្លួន ដោយផ្អែកលើមេរៀនពីទសវត្សរ៍ឆ្នាំ ១៩៣០ ដែលថាជនផ្តាច់ការដែលគេសម្របតាមមិនឈប់ទេ។

ផែនការនេះបង្ហាញអ៊ុយក្រែននូវឱកាសដែលស្វាគមន៍សម្រាប់ការបញ្ចប់អំពើហិង្សា នៅពេលដែលខ្លួនកំពុងចាញ់នៅគ្រប់សមរភូមិ និងខ្វះខាតកម្លាំងមនុស្សមូលដ្ឋានយ៉ាងខ្លាំង ដែលជាឧបសគ្គមួយដែលវាប្រហែលជាមិនអាចយកឈ្នះបានទេ និងជាអ្វីមួយដែលរុស្ស៊ីទំនងជានឹងតែងតែលើសលប់វា។

នេះជាការចាប់ផ្ដើមដំណើរការមួយដែលលោក ពូទីន ដែលជាមនុស្សឆ្លាតវៃនិងក្លែងបន្លំ នឹងរីករាយជាមួយ។ ការទាញយកផលប្រយោជន៍ពីការឈប់បាញ់គ្នា និងភាពខ្សោយរបស់លោកខាងលិច គឺជាជំនាញពិសេសរបស់គាត់ ហើយនេះជាពេលវេលាដែលគាត់បានរង់ចាំអស់រយៈពេលជិតបីឆ្នាំមកហើយ។ ផែនការនេះទទួលស្គាល់ភាពនឿយណាយរបស់លោកខាងលិច ដែលការផលិតអាវុធរបស់ខ្លួនមិនអាចទាន់ល្បឿន និងថាតម្លៃរបស់ខ្លួនគឺឥតប្រយោជន៍។ វាក៏មិនបានគិតគូរច្រើនអំពីអ្វីដែលរុស្ស៊ីនឹងធ្វើដើម្បីរំខានដល់ចក្ខុវិស័យនេះដែរ។

នេះគឺជាការសម្របសម្រួលដ៏ក្រៀមក្រំសម្រាប់សង្គ្រាមដ៏ក្រៀមក្រំមួយ។ ប៉ុន្តែវាប្រហែលជាមិនអាចបញ្ចប់សង្គ្រាមនេះបានទេ ហើយផ្ទុយទៅវិញ វាអាចបើកទំព័រថ្មីមួយ ដែលសាមគ្គីភាព និងការគាំទ្ររបស់លោកខាងលិចចាប់ផ្ដើមរលាយបាត់បង់ ហើយលោក ពូទីន កាន់តែខិតជិតគោលដៅរបស់គាត់ ទាំងនៅតុចរចា និងនៅសមរភូមិ៕