ដោយ៖សហការី
ភ្នំពេញៈផ្ទះលក់កាហ្វេនិងផ្សារដែក ធ្វើពីឈើលើថ្មក្រោមមួយខ្នងស្ថិតនៅខាងកើតវត្តក្រាំងធ្នង់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យរងការខូចខាតទាំងស្រុងនិងឆេះរាលដាលទៅផ្ទះ២ខ្នងទៀតដែលនៅជាប់គ្នានោះ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវលេខ ១៩៦២ខាងកើតវត្តក្រាំងធ្នង់ ក្នុងភូមិ ព្រៃខ្លា សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ម្ចាស់ផ្ទះដើមភ្លើងដែលជាអ្នកជួលស្នាក់នៅឈ្មោះ អ៊ន់ រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងដែកនិងមានប្រពន្ធលក់កាហ្វេ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញភ្លើងបានឆាបឆេះចេញពីផ្ទះផ្សារដែកនិងលក់កាហ្វេដែលធ្វើអំពីឈើលើថ្មក្រោមនៅចំណុចផ្លូវកែង យ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងនាំគ្នាជួយពន្លត់និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍។នៅក្នុងហេតុការណ៍នេះភ្លើងបានឆាបឆេះយ៉ាងរហ័សបណ្ដាឲ្យផ្ទះចំនួន២ខ្នងដែលមានម្ចាស់តែមួយរងការខូចខាតទាំងស្រុងនិងឆេះរាលដាលទៅផ្ទះមួយខ្នងទៀត។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១០ និង ៤០ នាទីព្រឹកថ្ងៃដដែល។
តាមនគរបាលឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលអោយផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៨ ម៉ែត្រគុណនឹង ១២ម៉ែត្រដែលខណ្ឌជា២ខ្នងមានម្ចាស់តែមួយ ,មួយខ្នងម្ចាស់ស្នាក់នៅលក់ទូរសព្ទនិងមួយខ្នងទៀតបានជួលទៅឲ្យជាងដែកនិងលក់កាហ្វេដែលជាផ្ទះដើមហេតុខាងលើត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុងនិងឆេះរាលដាលដល់ដំបូលនិងពិតានផ្ទះអ្នកក្បែរខាងអស់ប្រមាណ៣០ភាគរយ។ទាក់ទិននឹងការកើតមានអគ្គិភ័យនេះនគរបាលឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕