អន្តរជាតិ

ផែនការឈប់សម្រាកនៅហាវៃ និងហ្គាមរបស់ប្រធានាធិបតីតៃវ៉ាន់ ធ្វើឱ្យប៉េកាំងខឹងសម្បា

ប្រែសម្រួល៖ រតនា

ទីក្រុងតៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡាយ ជីង-តេ នឹងឈប់សម្រាកនៅហាវៃ និងដែនដីអាមេរិកហ្គាម ក្នុងពេលធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិក នេះបើយោងតាមការិយាល័យរបស់លោកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២៨ វិច្ឆិកា)។ ការណ៍នេះបានធ្វើឱ្យចិនប្រកាសជាថ្មីម្តងទៀតថា នឹង «កម្ទេចដាច់ខាត»រាល់ការប៉ុនប៉ងឯករាជ្យរបស់តៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡាយ ជីង-តេ

ចិនអះអាងថា តៃវ៉ាន់ដែលជាប្រទេសប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងរាល់ការទទួលស្គាល់ជាអន្តរជាតិចំពោះកោះនេះ។

លោក ឡាយ នឹងចាកចេញនៅថ្ងៃសៅរ៍ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសកោះម៉ាស្សល ទូវ៉ាលូ និងប៉ាឡូ ដែលជាប្រទេសកោះប៉ាស៊ីហ្វិកតែបីគត់ក្នុងចំណោមសម្ព័ន្ធមិត្តចំនួន១២ដែលនៅសល់របស់តៃវ៉ាន់។

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ឡាយ ចាប់តាំងពីចូលកាន់តំណែងកាលពីខែឧសភា។

មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ធ្លាប់បានឈប់សម្រាកនៅលើទឹកដីអាមេរិកក្នុងពេលទស្សនាតំបន់ប៉ាស៊ីហ្វិក ឬអាមេរិកឡាទីនពីមុនមក ដែលធ្វើឱ្យថ្នាក់ដឹកនាំចិននៅប៉េកាំងខឹងសម្បា។

ឆ្លើយតបភ្លាមៗទៅនឹងដំណឹងអំពីដំណើររបស់លោក ឡាយ លោក វូ ជាន អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា «យើងប្រឆាំងយ៉ាងមុឺងម៉ាត់ចំពោះការធ្វើអន្តរកម្មជាផ្លូវការជាមួយតំបន់តៃវ៉ាន់របស់ចិនក្នុងទម្រង់ណាក៏ដោយ»។

អ្នកនាំពាក្យរូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “កងទ័ពចិនមានបេសកកម្មដ៏ពិសិដ្ឋក្នុងការការពារអធិបតេយ្យភាពជាតិ… ហើយនឹងកម្ទេចដាច់ខាតនូវរាល់ការប៉ុនប៉ងបំបែកខ្លួនឯករាជ្យរបស់តៃវ៉ាន់”។

កងទ័ពតៃវ៉ាន់បានពង្រាយយន្តហោះ នាវា និងប្រព័ន្ធមីស៊ីលនៅលើគោកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរកឃើញយន្តហោះចិនចំនួន១៩គ្រឿងនៅជិតកោះនេះ នេះបើយោងតាមក្រសួងការពារជាតិតៃវ៉ាន់។

យន្តហោះចំនួន១៥គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ដែលបំបែកទឹកដីទាំងពីរ ដោយសម្របសម្រួលជាមួយនាវាចម្បាំងចិនក្នុង “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា” នេះបើយោងតាមសេចក្តីថ្លែងការណ៍។

  • ជួបជាមួយ «មិត្តចាស់» 

លោក ឡាយ នឹងស្នាក់នៅហាវៃពីរយប់ និងមួយយប់នៅហ្គាម ដោយនឹងជួបជាមួយ “មិត្តចាស់” និង “សមាជិកក្រុមអ្នកជំនាញ” នេះបើយោងតាមប្រភពមួយនៅក្នុងការិយាល័យប្រធានាធិបតីបានប្រាប់ AFP ដោយសុំមិនបញ្ចេញឈ្មោះ។

ចិនកុម្មុយនីស្ត ដែលមិនធ្លាប់គ្រប់គ្រងតៃវ៉ាន់ បានព្យាយាមលុបបំបាត់តៃវ៉ាន់ចេញពីឆាកអន្តរជាតិ ដោយរារាំងមិនឱ្យចូលរួមក្នុងវេទិកាអន្តរជាតិ និងសង្កត់សង្កិនក្រុមហ៊ុននានាឱ្យចុះបញ្ជីកោះនេះថាជា “ខេត្តចិន” នៅលើគេហទំព័ររបស់ពួកគេ។

តៃវ៉ាន់ប្រកួតក្រោមឈ្មោះតៃប៉ិចិន នៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ហើយប៉េកាំងមានប្រតិកម្មខឹងសម្បានៅពេលមន្ត្រីតៃប៉ិជួបជាមួយអ្នកនយោបាយបរទេស ឬតំណាងរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី ម៉ៅ នីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទស្សនាដែលគ្រោងទុករបស់លោក ឡាយ គឺជា “សកម្មភាពបំបែកខ្លួន”។

អ្នកស្រីបាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “យើងតែងតែប្រឆាំងការផ្លាស់ប្តូរជាផ្លូវការរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់… និងគ្រប់ទម្រង់នៃការអនុគ្រោះ និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះក្រុមបំបែកខ្លួនឯករាជ្យតៃវ៉ាន់ និងសកម្មភាពបំបែកខ្លួនរបស់ពួកគេ”។

  • ការបាត់បង់សម្ព័ន្ធមិត្ត –

ក្នុងទសវត្សរ៍ថ្មីៗនេះ តៃវ៉ាន់បានបាត់បង់សម្ព័ន្ធមិត្តជាច្រើន ដោយពួកគេបានផ្លាស់ប្តូរទៅរកចិនដែលកំពុងរីកចម្រើន ដែលមានលទ្ធភាពច្រើនជាងក្នុងការផ្តល់ជំនួយ និងការវិនិយោគ។

សហរដ្ឋអាមេរិកគឺជាដៃគូសំខាន់បំផុត និងជាអ្នកគាំទ្រសន្តិសុខចម្បងរបស់តៃវ៉ាន់ ប៉ុន្តែមិនទទួលស្គាល់តៃប៉ិតាមផ្លូវការទូតទេ។

អតីតប្រធានាធិបតី លោកស្រី ស៊ាយ អ៊ីង-វិន បានឆ្លងកាត់ហាវៃ និងហ្គាមក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រីទៅកាន់សម្ព័ន្ធមិត្តប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៧។

លោកស្រី ស៊ាយ ក៏បានជួបជាមួយប្រធានសភាអាមេរិក លោក កេវិន ម៉ាកខាធី នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីខែមេសា ឆ្នាំ២០២៣ ក្នុងអំឡុងពេលធ្វើដំណើរទៅអាមេរិកឡាទីន ដែលប៉េកាំងបានឆ្លើយតបដោយធ្វើសមយុទ្ធយោធាជុំវិញកោះនេះ។

ភាពតានតឹងរវាងចិន និងតៃវ៉ាន់បានកើនឡើងចាប់តាំងពីលោក ឡាយ ចូលកាន់តំណែងក្នុងខែឧសភា។

លោក ឡាយ និងលោកស្រី ស៊ាយ សុទ្ធតែជាសមាជិកគណបក្សប្រជាធិបតេយ្យប្រូក្រេស៊ីវ ប៉ុន្តែលោក ឡាយ កាន់តែមានការបើកចំហក្នុងការការពារអធិបតេយ្យភាពរបស់កោះនេះ ហើយប៉េកាំងហៅលោកថាជា “អ្នកបំបែកខ្លួន”។

ជម្លោះរវាងប៉េកាំង និងតៃប៉ិត្រឡប់ទៅឆ្នាំ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមរបស់លោក ជាង កៃស៊ិក បានចាញ់សង្គ្រាមស៊ីវិលទៅកងកម្លាំងកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង ហើយរត់ ភៀសខ្លួនទៅតៃវ៉ាន់។

ប្រទេសចិន និងតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នាតាំងពីពេលនោះមក ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធមិនព្រមច្រានចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះនោះទេ។

ទោះបីជាតៃវ៉ាន់ចាត់ទុកខ្លួនឯងជាប្រទេសអធិបតេយ្យ និងមានរដ្ឋាភិបាល កងទ័ព និងរូបិយប័ណ្ណផ្ទាល់ខ្លួនក៏ដោយ ក៏តៃវ៉ាន់មិនដែលប្រកាសឯករាជ្យជាផ្លូវការនោះទេ ហើយរស់នៅក្រោមការគំរាមកំហែងនៃការឈ្លានពានពីប្រទេសចិនជាប្រចាំ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានបង្កើនសកម្មភាពយោធាជុំវិញតៃវ៉ាន់ ដើម្បីដាក់សម្ពាធលើក្រុងតៃប៉ិឱ្យទទួលយកការអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួន។

សហរដ្ឋអាមេរិក និងចិនតែងតែមានជម្លោះគ្នាអំពីតៃវ៉ាន់ ដែលជាកោះមានប្រជាជន ២៣ លាននាក់ ហើយបានវិវត្តទៅជាប្រទេសប្រជាធិបតេយ្យដ៏រស់រវើក និងជាមហាអំណាចក្នុងឧស្សាហកម្មសេមីកុងដាក់ទ័រ៕

ប្រភព៖ AFP/fs