សន្ដិសុខសង្គម

មន្ត្រីនគរបាលម្នាក់នៅឃុំកំពង់ចិនត្បូងស្រុកស្ទោងត្រូវជនសង្ស័យកាប់នឹងកាំបិតផ្គាក់ស្លា.ប់បន្ទាប់ពីមានជម្លោះពាក្យសម្ដី

ដោយ :បន្ទាយ
កំពង់ធំ ៖ ជនសង្ស័យកាប់មន្ត្រីនគរបាលម្នាក់បានបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នា។
ករណីនេះកើតឡើងនៅម៉ោងប្រមាណ១០និង៤០នាទីយប់ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទួលភ្នៀត ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចិនត្បូងឲ្យដឹងថា : ឃាតកម្មយ៉ាងព្រៃផ្សៃនេះបង្កដោយជនសង្ស័យឈ្មោះ ផន ប៊ុនរិត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

ដោយឡែកជនរងគ្រោះឈ្មោះម៉េង សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ (ជាមន្ត្រីនគរបាល) រស់នៅភូមិឃុំជាមួយជនសង្ស័យ បានស្លាប់នៅកន្លែងកើតហេតុ។

សូមបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចមុខផ្ទះរបស់ វ៉ាន់ សុជាតិ ភេទស្រី ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯង។

ពេលជនរងគ្រោះចុះពីម៉ូតូមកអង្គុយក្បែរជនសង្ស័យ មានការទាស់ទែងពាក្យសម្តីជាមួយគ្នា។ភ្លាមនោះ ជនសង្ស័យបានរត់ទៅយកផ្គាក់ពីផ្ទះរបស់ខ្លួនមកកាប់ប្រហារជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

សមត្ថកិច្ចកំពុងសហការស្រាវជ្រាវបន្តស្វែងរកជនសង្ស័យដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធី ៕