ព័ត៌មានជាតិ

ប្រធានសហគមន៍អេកូទេសចរណ៍ចំនួន៤រូបប្ដេជ្ញាចិត្តដឹកនាំការងារទេសចរណ៍ឱ្យដើរទៅមុខ

ដោយ៖សុខុម

ស្ទឹងត្រែងៈ សហគមន៍អេកូទេសចរណ៍ទាំង៧កន្លែងសំខាន់ៗក្នុងខេត្តស្ទឹងត្រែង មន្ទីរទេសចរណ៍បានរៀបចំជ្រើសរើសក្បាលម៉ាស៊ីនដើម្បីដឹកនាំការងារលើវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

មកដល់ចុងខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានសហគមន៍អេកូទេសចរណ៍ចំនួន៤នាក់ហើយ ត្រូវបានជាប់ឈ្មោះជាប្រធានសហគមន៍ នៅក្នុងនោះមានស្រ្តីពីរនាក់បានចូលរួមការងារនេះ។

រនាសម្ព័ន្ធនេះក៏មានការចូលរួមយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្រុក ភូមិឃុំ និងទទួលស្គាល់ជាផ្លូវការបណ្តើរៗផងដែរ។

សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ដែលបានរៀបចំបោះឆ្នោតរើសទាំង៤កន្លែងនោះរួមមាន៖ សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតត្បូងខ្លា,សហគមន៍អេកូទេសចរណ៍ព្រះរំកិល, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានជំរុញគ្រប់សហគមន៍ទាំងអស់ ត្រូវចេះរៀបចំកែច្នៃពីសក្តានុពលដែលមាននៅក្នុងតំបន់ ឱ្យកាន់តែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវ។ ក្រៅពីនេះត្រូវចេះរៀបចំធ្វើយ៉ាងណាឱ្យម្ហូបអាហាររបស់យើងមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ។រៀបចំសង្វាក់ទេសចរឱ្យមានច្រើនសម្បូរបែប រាប់តាំងពីសេវាកម្មទូក,ម្ហូបអាហារ,ផ្ទះស្នាក់នៅ កែច្នៃផលិតផលសហគមន៍លក់ជូនភ្ញៀវជាដើម។

លោកស្រីប៊ុន សំផាន ទើបជាប់ជាប្រធានសហគមន៍បានប្ដេជ្ញាចិត្តដឹកនាំសហគមន៍អេកូទេសចរណ៍សម្រស់កោះហានឱ្យវិស័យទេសចរណ៍ដើរទៅមុខកាន់តែខ្លាំងបន្តទៀត បន្ទាប់ពីសហគមន៍មួយនេះទទួលបានពានរង្វាន់ស្តង់ដារសហគមន៍អេកូទេសចរណ៍អាស៊ាន។

លោក សាន ម៉ៅ ប្រធានសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយរំពឹងយ៉ាងមុតមាំថា ភ្ញៀរនឹងមកកម្សាន្តសហគមន៍របស់លោកកាន់តែច្រើនឡើង ព្រោះថាបច្ចុប្បន្នមានផ្លូវកៅស៊ូតាំងពីស្ពានសេកុង រហូតដល់ទីរួមស្រុកនិងមានផ្លូវបេតុងស្អាតល្អ។មានតំបន់រ៉ាមសារ ទឹកហូរកោះខ្សាច់ ព្រៃលិចទឹក សត្វស្លាបនិងទេសភាពស្អាតៗ។ សហគមន៍មានសេវាកម្មជាច្រើនសម្រាប់ត្រៀមរៀបចំទទូលភ្ញៀវ ដោយមិនខកបំណង៕