អន្តរជាតិ

ចិនបើកការស៊ើបអង្កេតមន្ត្រីយោធាជាន់ខ្ពស់លោក Miao Hua (ម្យ៉ាវ ហួរ) ពីបទពុករលួយ

ប្រែសម្រួល៖ ស្រីស្រស់
ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍ (២៨ វិច្ឆិកា) ប៉េកាំងបានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់ចិនម្នាក់ត្រូវបានដកចេញពីតំណែងដោយសារ “ការរំលោភវិន័យធ្ងន់ធ្ងរ”។ នេះជាមន្ត្រីជាន់ខ្ពស់ចុងក្រោយគេដែលជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយក្នុងកងកម្លាំងប្រដាប់អាវុធ។

លោក Miao Hua (កណ្តាល) ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិន បានចុះពីលើយន្តហោះរបស់គាត់ បន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2019។ (រូបថត៖ AFP/Kim Won Jin)

លោក វូ ឈៀន អ្នកនាំពាក្យក្រសួងការពារជាតិប៉េកាំង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា គណបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច “បានសម្រេចព្យួរតំណែងលោក ម្យ៉ាវ ហួរ ដើម្បីរង់ចាំការស៊ើបអង្កេត”។

លោក វូ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការចោទប្រកាន់លើលោក ម្យ៉ាវ ដែលជាឧត្តមនាវីនិងជាសមាជិកគណៈកម្មការយោធាកណ្តាល (CMC) ដ៏មានឥទ្ធិពលរបស់ប៉េកាំងនោះទេ។ប៉ុន្តែ “ការរំលោភវិន័យធ្ងន់ធ្ងរ” ជាទូទៅត្រូវបានមន្ត្រីចិនប្រើជាពាក្យប្រដូចសម្រាប់អំពើពុករលួយ។

លោក ម្យ៉ាវ គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកប្រាំមួយរូបនៃគណៈកម្មការយោធាកណ្តាល ដែលមានប្រធានាធិបតី ស៊ី ជីនភីង នៅកំពូល និងជាប្រធាននាយកដ្ឋានការងារនយោបាយដែលជាការិយាល័យសំខាន់បំផុត។

លោក លៃល៍ ម៉រីស អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមអាស៊ី បានពិពណ៌នាថា លោក ម្យ៉ាវ គឺជា “សម្ព័ន្ធមិត្តជិតស្និទ្ធ” របស់លោក ស៊ី និងជា “អ្នកចរចាដែលគួរឲ្យទុកចិត្ត” រវាងយោធានិងគណបក្ស។

ប៉េកាំងបានពង្រឹងការប្រឆាំងអំពើពុករលួយដែលបានចោទប្រកាន់ក្នុងកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំកន្លងមកនេះ ដោយលោក ស៊ី បានបញ្ជាឲ្យយោធាបញ្ចប់អំពើពុករលួយនិងពង្រឹង “ការត្រៀមសង្គ្រាម” នៅខែនេះ។

យោងតាមការរាយការណ៍របស់ Bloomberg ដែលដកស្រង់មន្ត្រីអាមេរិកក្នុងឆ្នាំនេះ ភាពតានតឹងនៃយុទ្ធនាការប្រឆាំងអំពើពុករលួយត្រូវបានជំរុញដោយផ្នែកដោយការភ័យខ្លាចថា អំពើពុករលួយរាលដាលអាចប៉ះពាល់ដល់សមត្ថភាពរបស់ចិនក្នុងការធ្វើសង្គ្រាមនាពេលអនាគត។

លោក ចង់ ចា អៀន សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានថ្លែងថា ការស៊ើបអង្កេតលើលោក ម្យ៉ាវ គឺ “ស្របទៅនឹងការត្រួតពិនិត្យបន្ថែមរបស់លោក ស៊ី លើកងកម្លាំងប្រដាប់អាវុធ”។

លោក ឌីលែន លោ សាស្ត្រាចារ្យជំនួយនៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងនៃសិង្ហបុរី បានថ្លែងថា ការដកចេញរបស់គាត់បង្ហាញពី “ភាពជាប់លាប់នៃបញ្ហាអំពើពុករលួយនិងវិន័យពេញប្រព័ន្ធក្នុងកងកម្លាំងប្រដាប់អាវុធ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីលោក ស៊ី ក៏ដោយ”។

• ការពង្រឹងការបង្ក្រាប

នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក វូ បានបដិសេធរបាយការណ៍ដែលថា រដ្ឋមន្ត្រីការពារជាតិ ដុង ជុន ត្រូវបានគេដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយ។

លោក វូ បានថ្លែងថា “របាយការណ៍ទាំងនោះគឺជាការបង្កើតរឿងសុទ្ធសាធ”។
លោកបានបន្ថែមថា “អ្នកបង្កើតព័ត៌មានចចាមអារ៉ាមមានគំនិតអាក្រក់។ ចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថបរិហាកេរ្តិ៍បែបនេះ”។

លោក ដុង អតីតមេបញ្ជាការកងទ័ពជើងទឹក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែធ្នូ បន្ទាប់ពីការដកចេញដោយភ្ញាក់ផ្អើលនូវអ្នកមុនលោក លី សាងហ្វូ ត្រឹមតែប្រាំពីរខែក្រោយពេលចូលកាន់តំណែង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក លី ត្រូវបានបណ្តេញចេញពីគណបក្សកុម្មុយនិស្តពីបទល្មើសដែលរួមមានការសង្ស័យពីការទទួលសំណូក។ គេមិនឃើញរូបលោកជាសាធារណៈតាំងពីពេលនោះមក។

អ្នកមុនលោក វ៉េយ ហ្វឹងហេ ក៏ត្រូវបានបណ្តេញចេញពីគណបក្សនិងបញ្ជូនទៅព្រះរាជអាជ្ញាពីបទពុករលួយដែរ។
កងកម្លាំងរ៉ុក្កែតសម្ងាត់របស់ប្រទេស ដែលត្រួតពិនិត្យកាំជ្រួចយុទ្ធសាស្ត្រដ៏ធំធេងរបស់ចិន ទាំងប្រពៃណីនិងនុយក្លេអ៊ែរ កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងជាពិសេស។

កាលពីខែកក្កដា មន្ត្រីជាន់ខ្ពស់ចិនម្នាក់ក្នុងកងកម្លាំងរ៉ុក្កែត លោក ស៊ុន ជីនមីង ត្រូវបានបណ្តេញចេញពីគណបក្សនិងដាក់ក្រោមការស៊ើបអង្កេតពីបទពុករលួយ។

យ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់ពីររូបទៀតដែលទាក់ទងនឹងកងកម្លាំងរ៉ុក្កែត ដែលជាអង្គភាពថ្មីគួរឲ្យកត់សម្គាល់នៃយោធាចិន ក៏ត្រូវបានដកចេញពីបទពុករលួយដែរ។

លោក អាល់ហ្វ្រេដ វូ សាស្ត្រាចារ្យរងនៃសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៅសិង្ហបុរី បានប្រាប់ AFP ថា “យើងនឹងឃើញការស៊ើបអង្កេតច្រើនទៀតក្នុងកងកម្លាំងប្រដាប់អាវុធ ហើយវានឹងមិនបញ្ចប់ជាមួយលោក ម្យ៉ាវ ហួរ ឬលោក លី សាងហ្វូ ទេ”៕
ប្រភព៖ AFP/dy/rc