កីឡា

លោក Guardiolaអ្នកចាត់ការក្រុម City បដិសេធមិនរិះគន់កីឡាករ ទោះបីជាមានការលេងដ៏អាក្រក់ក្តី

ប្រែសម្រួល៖តារា
អង់គ្លេស៖ លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ដែលកម្រចង្អុលម្រាមដាក់កីឡាកររបស់គាត់ណាស់ ហើយទោះបីជាមានការស្មើគ្នាដ៏គួរឲ្យខកចិត្ត ៣-៣ នៅផ្ទះជាមួយក្រុម Feyenoord ក្នុងក្របខណ្ឌ Champions League កាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេបានបោះបង់ចោលការនាំមុខបីគ្រាប់ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះនៅតែគាំទ្រក្រុមរបស់គាត់ដដែល។

ក្រុម City កំពុងស្ថិតក្នុងស្ថានភាពដែលមិនធ្លាប់ជួបប្រទះពីមុនមក ដោយពេលនេះជាប់គាំងក្នុងភាពអន់ថយរយៈពេល៦ប្រកួត បន្ទាប់ពីពួកគេមកដល់កីឡដ្ឋាន Etihad សម្រាប់ការប្រកួតថ្ងៃអង្គារ ក្រោយពីចាញ់ជាប់ៗគ្នា៥ប្រកួត រួមទាំងការចាញ់ក្រុម Tottenham Hotspur ៤-០ កាលពីចុងសប្តាហ៍មុន។

វាជាយប់ដ៏អាក្រក់មួយទៀត ដោយកំហុសការពារបានធ្វើឱ្យក្រុម Feyenoord រកបាន៣គ្រាប់ក្នុងរយៈពេល១៥នាទី ហើយអ្វីដែលអាចជាការលើកទឹកចិត្តសម្រាប់ក្រុម City បានក្លាយទៅជាផ្ទុយស្រឡះ។

លោក Guardiola បានមានប្រសាសន៍ថា៖ “វាមិនចាំបាច់និយាយអ្វីទៅកាន់កីឡាករទេ ពួកគេដឹងច្បាស់ណាស់។ វាជាអ្វីដែលកើតឡើង ពិបាកទទួលយកណាស់ពេលនេះ។ យើងបានផ្តល់ឱកាសឱ្យគេ ជាពិសេសគ្រាប់បាល់ដំបូង ហើយបន្ទាប់មកយើងមិនមានស្ថិរភាពគ្រប់គ្រាន់។”

ការស៊ុតបញ្ចូលទីពីរគ្រាប់របស់ Erling Haaland និងគ្រាប់បាល់មួយពី Ilkay Gundogan បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះមានការរីករាយ មុនពេល Anis Hadj Moussa រកបានមួយគ្រាប់សម្រាប់ក្រុម Feyenoord នៅនាទីទី៧៥ ពេលគេឆក់យកឱកាសពីការបញ្ជូនបាល់ត្រឡប់ក្រោយដ៏អាក្រក់របស់ខ្សែការពារជនជាតិក្រូអាត Josko Gvardiol។

ការបញ្ជូនបាល់ដោយធ្វេសប្រហែសមួយទៀតរបស់កីឡាករវ័យ២២ឆ្នាំរូបនេះ បានធ្វើឱ្យ Santiago Gimenez ស៊ុតបញ្ចូលទីធ្វើឱ្យស្ថានការណ៍ក្លាយជា ៣-២ ប្រាំពីរនាទីក្រោយមក មុនពេល David Hancko ស៊ុតបញ្ចូលទីស្មើសម្រាប់ក្រុមហូឡង់នៅនាទីទី៨៩។

លោក Guardiola បាននិយាយអំពី Gvardiol ដែលមើលទៅខកចិត្តយ៉ាងខ្លាំងក្រោយគ្រាប់បាល់ទីពីររបស់ក្រុម Feyenoord ថា៖ “គេនៅក្មេងនៅឡើយ គេនឹងរៀនសូត្រ។ ខ្ញុំនឹងខុសឆ្គងណាស់ប្រសិនបើខ្ញុំចង្អុលបង្ហាញរឿងជាក់លាក់អំពីគេ។ គេជាកីឡាករដ៏អស្ចារ្យ ក្មេងប្រុសដ៏អស្ចារ្យ ហើយត្រូវការជំនួយច្រើនជាងពេលណាៗ។”

នៅចុងបញ្ចប់នៃការប្រកួត ហ្វូងមហាជនបានស្រែកជេរក្រុម City ដែលធ្លាក់ទៅលេខ១៥ក្នុងតារាងពិន្ទុដែលមាន៣៦ក្រុម ដោយមាន៨ពិន្ទុ ពីរពិន្ទុតិចជាងក្រុមទាំង៨ដែលឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈក្រុមចំនួន១៦បន្ទាប់ត្រូវប្រកួតវគ្គជម្រុះពីរជើងដើម្បីឡើងទៅជួបពួកគេ។

លោក Guardiola បាននិយាយអំពីអ្នកគាំទ្រក្រុម City ដែលមានការភ្ញាក់ផ្អើលថា៖ “ពួកគេមកទីនេះមិនមែនដើម្បីរំឭកភាពជោគជ័យក្នុងអតីតកាលទេ ប៉ុន្តែដើម្បីមើលក្រុមឈ្នះ។ ពិតជាពួកគេមានសិទ្ធិពេញលេញក្នុងការបង្ហាញអារម្មណ៍របស់ពួកគេ។ ពិតជា (ពួកគេ) ខកចិត្តណាស់។”

គ្រូបង្វឹកក្រុម Feyenoord លោក Brian Priske មានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់គាត់ក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League ដែលស្មើក្រោយពីស្ថិតក្នុងស្ថានភាពចាញ់បីគ្រាប់នៅពេលនៅសល់តែ១៥នាទីចុងក្រោយ។

លោកបាននិយាយថា៖ “ខ្ញុំគ្រាន់តែស្រឡាញ់ពាក្យថាភាពរឹងមាំ ហើយនោះជាអ្វីដែលក្មេងៗទាំងនេះមាន។”
ក្រុមរបស់លោក Guardiola នឹងប្រឈមមុខនឹងការសាកល្បងដ៏លំបាកបំផុតមួយនៃរដូវកាលនេះ នៅពេលពួកគេធ្វើដំណើរទៅជួបក្រុមនាំមុខតារាង Premier League Liverpool នៅថ្ងៃអាទិត្យ។ ការចាញ់នឹងធ្វើឱ្យក្រុម City នៅឆ្ងាយ១១ពិន្ទុពីក្រុម Reds។

នៅពេលត្រូវបានសួរថាតើគាត់អាចលើកទឹកចិត្តកីឡាកររបស់គាត់សម្រាប់ការប្រកួតដ៏ធំនេះបានដែរឬទេ លោក Guardiola បាននិយាយថា៖ “យើងត្រូវតែធ្វើ យើងត្រូវតែធ្វើ។ នេះជាការងាររបស់ខ្ញុំ។”
ប្រភព៖ Reuters