សន្ដិសុខសង្គម

រថយន្តស្ទូចធុនធំបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២ផ្ទាំង

ដោយ៖សហការី

ភ្នំពេញ៖រថយន្តស្ទូចធុនធំមួយគ្រឿងកំពុងតែបើកលឿនគាំងចង្កូតរថយន្តរេចង្កូតទៅផ្នែកខាងឆ្វេងបានបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់ចំនួន២ផ្ទាំង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាស៧មករា ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចធុនធំមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ5A-0080បើកតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនហើយក៏បានរេចង្កូតទៅផ្នែកខាងឆ្វេងបណ្តាលឲ្យបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់ចំនួន៤ផ្ទាំង ក្នុងនោះដួលរលំអស់ចំនួន២ផ្ទាំង ខូចទ្រង់ទ្រាយចំនួន២ផ្ទាំង សរុបទាំងអស់ចំនួន៤ផ្ទាំង ហើយរថយន្តបង្កខាងលើបណ្តាលឲ្យដាច់កាឡេបើកទៅមុខមិនរួចនៅគាំងនៅកន្លែងកើតហេតុ ។

បើតាមប្រភពព័ត៌មានពីអ្នកបើកបរ បាននិយាយប្រាប់ថា រថយន្តគាត់គាំងចង្កូត ហើយរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំដោះស្រាយថ្ងៃក្រោយ៕