ប្រែសម្រួល៖ ស្រីស្រស់
ប៉េកាំង៖ យោងតាមកាសែត Financial Times រាយការណ៍នៅថ្ងៃពុធ (ថ្ងៃទី២៧ ខែវិច្ឆិកា) រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ត្រូវបានដាក់ក្រោមការស៊ើបអង្កេតជាផ្នែកមួយនៃការស៊ើបអង្កេតប្រឆាំងអំពើពុករលួយដ៏ទូលំទូលាយ ដែលបានឈានដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិន។
យោងតាមរបាយការណ៍របស់ FT ដែលដកស្រង់សម្ដីមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រី លោក ដុង គឺជារដ្ឋមន្ត្រីការពារជាតិជាបន្តបន្ទាប់លើកទីបីដែលត្រូវបានស៊ើបអង្កេតពីការចោទប្រកាន់ពីអំពើពុករលួយ។
អ្នកមុនរបស់លោក គឺលោក លី សាងហ្វូ ត្រូវបានដកចេញពីតំណែងក្រោយពីបម្រើការងារបានប្រាំពីរខែ។
សារព័ត៌មាន Reuters និង AFP បានស្វែងរកការអធិប្បាយពីក្រសួងការបរទេសចិន។
លោក ដុង គឺជារដ្ឋមន្ត្រីការពារជាតិចិនជាបន្តបន្ទាប់លើកទីបីដែលត្រូវបានស៊ើបអង្កេតពីអំពើពុករលួយ។ លោកបានឡើងជំនួសលោក លី ជារដ្ឋមន្ត្រីការពារជាតិនៅខែធ្នូ ឆ្នាំ២០២៣។
លោក លី ត្រូវបានដកចេញពីតំណែងនៅខែតុលា ឆ្នាំ២០២៣ ក្រោយពីទទួលតំណែងបានប្រាំពីរខែ។
មានរបាយការណ៍នៅខែមិថុនាឆ្នាំនេះថា លោក លី និងអ្នកមុនរបស់លោក គឺលោក វ៉េ ហ្វឹងហេ ត្រូវបានបណ្តេញចេញពីគណបក្សកុម្មុយនិស្តចិនដោយសារ “ការរំលោភវិន័យធ្ងន់ធ្ងរ” ដែលជាពាក្យប្រើប្រៀបធៀបសម្រាប់អំពើពុករលួយ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ លោក លី ត្រូវបានសង្ស័យថាបានទទួល “ប្រាក់ជាទឹកប្រាក់ដ៏ច្រើន” ក្នុងទម្រង់ជាសំណូក ព្រមទាំងការផ្តល់សំណូកដល់អ្នកដទៃ។
លោក វ៉េ បានបាត់មុខពីសាធារណៈចាប់តាំងពីលោកត្រូវបានប្តូរនៅខែមីនា ឆ្នាំ២០២៣ ក្នុងពេលកែសម្រួលគណៈរដ្ឋមន្ត្រីដែលបានគ្រោងទុក។
លោកធ្លាប់ជារដ្ឋមន្ត្រីការពារជាតិពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ និងជាប្រធានកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រនៃកងទ័ពរំដោះប្រជាជនពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧។
ប៉េកាំងបានពង្រឹងការប្រឆាំងនឹងអំពើពុករលួយដែលបានចោទប្រកាន់នៅក្នុងកងកម្លាំងប្រដាប់អាវុធក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយប្រធានាធិបតី ស៊ី ជីនពីង បានចេញបញ្ជាឱ្យយោធាបំបាត់អំពើពុករលួយ និងពង្រឹង “ការត្រៀមខ្លួនសម្រាប់សង្គ្រាម” នៅខែនេះ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន/nh