សន្ដិសុខសង្គម

យកម៉ូតូទៅបញ្ចាំលេងល្បែងអស់លុយយកម៉ូតូមិត្តភ័ក្ដិមួយគ្រឿងទៀតទៅដាក់ជំនួសម៉ូតូរបស់ខ្លួនត្រូវឃាត់ខ្លួនឲ្យសមត្ថកិច្ច

ដោយ៖សហការី

ភ្នំពេញ៖ យុវជនពីរនាក់រួមគំនិតគ្នាយកម៉ូតូទៅដាក់លេងល្បែងស៊ីសងអស់លុយរួចក៏យកម៉ូតូមួយគ្រឿងទៀតទៅដាក់ជំនួសដើម្បីយកម៉ូតូមុនមកជិះវិញត្រូវបានក្រុមគ្រួសារម្ខាងទៀតដឹងនាំគ្នារៀបគម្រោងស្ទាក់ឃាត់ខ្លួនផ្អើលទាំងយប់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣៥នាទីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅផ្លូវបំបែកស្តុបទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

យុវជនទាំងពីរនាក់ជាមិត្តភ័ក្ដិនឹងគ្នា បច្ចុប្បន្នរស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបញ្ជាក់ពីភាគីម្ចាស់ម៉ូតូស៊ុយស៊ុយគីនិចបានឲ្យដឹងថា ខ្លួនបានយកម៉ូតូទៅដាក់បញ្ចាំនៅឃ្លាំងរំសេវចំនួន៥០០ដុល្លារ បន្ទាប់មកក៏ចាយវាយលុយនោះអស់ រួចហើយស្រាប់តែមិត្តភ័ក្ដិរបស់ខ្លួនថាចង់ជិះម៉ូតូនិច។ នៅពេលនោះខាងម្ចាស់ម៉ូតូនិចប្រាប់ថាបើអញ្ចឹងអាម៉ាកឯងយកម៉ូតូឯងម៉ាកហុងដាប៊ីតនេះទៅបញ្ចាំទៅ រួចហើយរម្លស់យកម៉ូតូនិចរបស់គ្នា…មកជិះវិញទៅ។

បន្ទាប់មកអ្នកទាំងពីរបានព្រមព្រៀងគ្នារួចក៏យកម៉ូតូប៊ីតទៅដាក់បញ្ចាំចំនួន៧០០ដុល្លារ ហើយក៏ទៅរម្លស់យកម៉ូតូនិចមកជិះវិញអស់ចំនួន៥០០ដុល្លារ នៅសល់លុយ២០០ដុល្លារបានចែកលុយគ្នាយកទៅលេងល្បែងស៊ីសងអស់លុយរៀងៗខ្លួន។ចំណែកម៉ូតូវិញជិះបានតែមួយថ្ងៃប៉ុណ្ណោះត្រូវបានម្ចាស់ដើមដកយកវិញលែងឲ្យជិះ ស្រាប់តែបែកធ្លាយរឿងដល់ឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីតខឹងសម្បាជាខ្លាំងបានរៀបគម្រោងតាមដានឲ្យកូនរបស់ខ្លួនលួងលោមដោយទូរសព្ទទាក់ទងទៅយុវជនម្ចាស់ម៉ូតូនិចណាត់ជួបគ្នាក៏ឃាត់ខ្លួនទុកតែម្ដងទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗសួរនាំទៅរឿងរ៉ាវកើតហេតុនៅទឹកដីផ្សេង គឺខណ្ឌទួលគោកដែលអ្នកទាំងពីរយកម៉ូតូទៅបញ្ចាំនោះ សមត្ថកិច្ចក៏នាំត្រឡប់មកគោលដៅវិញ។

ក្រោយកើតហេតុ ដោយភាគីម្ចាស់ម៉ូតូនិចបានទាក់ទងទៅឪពុកម្ដាយរបស់ខ្លួនឲ្យមកសម្រួលដោះស្រាយគ្នាជាមួយឪពុកម្ដាយខាងម្ចាស់ម៉ូតូហុងដាប៊ីតរួចហើយនាំគ្នាទៅរម្លស់យកម៉ូតូមកសងវិញដើម្បីបញ្ចប់រឿងតែម្តង៕