ប្រែសម្រួល៖ រតនា
ក្រុងហូជីមិញ៖ នាយិកាក្រុមហ៊ុនអចលនទ្រព្យវៀតណាមដែលត្រូវបានកាត់ទោសប្រហារជីវិតពីបទក្លែងបន្លំទឹកប្រាក់រាប់ពាន់លានដុល្លារ បានអង្វរតុលាការឲ្យលើកលែងទោសប្រហារជីវិតរបស់គាត់កាលពីថ្ងៃអង្គារ (ថ្ងៃទី២៦ ខែវិច្ឆិកា) ដោយអះអាងថាគាត់កំពុងព្យាយាមសងប្រាក់ដែលបានលួចទាំងនោះ។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រឿង មី ឡាន អាយុ៦៨ឆ្នាំ ត្រូវបានកាត់ទោសកាលពីដើមឆ្នាំនេះពីបទក្លែងបន្លំប្រាក់ពីធនាគារពាណិជ្ជសាយហ្គន (SCB) ដែលព្រះរាជអាជ្ញាបានអះអាងថាគាត់គ្រប់គ្រង ហើយត្រូវបានកាត់ទោសប្រហារជីវិតពីបទក្លែងបន្លំប្រាក់សរុបចំនួន២៧ពាន់លានដុល្លារអាមេរិក ដែលជាករណីពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។
គាត់កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនេះនៅតុលាការក្រុងហូជីមិញ ដែលសាលក្រមត្រូវបានរំពឹងថានឹងចេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
នៅក្នុងសម្តីចុងក្រោយរបស់គាត់នៅចំពោះមុខតុលាការ លោកស្រី ឡាន បាននិយាយថា៖ “គំនិតតែមួយគត់របស់ខ្ញុំគឺរបៀបសងបំណុលទៅធនាគាររដ្ឋវៀតណាម និងប្រជាជន។ ខ្ញុំមិនគិតអំពីការខូចខាតដល់ខ្លួនខ្ញុំ និងគ្រួសារខ្ញុំទេ។”
“ខ្ញុំមានការឈឺចាប់ដោយសារការខ្ជះខ្ជាយធនធានជាតិ” លោកស្រី ឡាន បាននិយាយ ដោយបន្ថែមថាគាត់ “មានការអាម៉ាស់ខ្លាំងណាស់ដែលត្រូវបានចោទប្រកាន់ពីបទល្មើសនេះ”។
“សូមពិចារណាឡើងវិញ និងបន្ថយទោសរបស់ខ្ញុំ” គាត់បានស្នើសុំតុលាការ។
យោងតាមច្បាប់វៀតណាម លោកស្រី ឡាន អាចគេចផុតពីទោសប្រហារជីវិតបាន ប្រសិនបើគាត់ស្ម័គ្រចិត្តសងទ្រព្យសម្បត្តិដែលបានក្លែងបន្លំបីភាគបួន និងត្រូវបានវិនិច្ឆ័យថាបានសហការគ្រប់គ្រាន់ជាមួយអាជ្ញាធរ។
ប៉ុន្តែព្រះរាជអាជ្ញាបានអះអាងកាលពីថ្ងៃចន្ទថា គាត់មិនបានបំពេញលក្ខខណ្ឌទាំងនេះទេ ហើយបានសង្កត់ធ្ងន់ថាផលវិបាកនៃបទល្មើសរបស់គាត់គឺ “ធំធេង និងគ្មានគូប្រដូច”។
ក្នុងចំណោមចំណុចសំខាន់ៗដែលកំពុងត្រូវបានពិភាក្សានៅក្នុងតុលាការ គឺការប៉ាន់ប្រមាណទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកស្រី ឡាន។
លោកស្រី ឡាន ដែលជាស្ថាបនិកក្រុមអភិវឌ្ឍន៍អចលនទ្រព្យវ៉ាន់ ធិញ ផាត់ បានប្រាប់តុលាការថា “វិធីលឿនបំផុត” ដើម្បីសងប្រាក់ដែលបានលួចគឺ “ការរំលាយធនាគារ SCB និងលក់ទ្រព្យសម្បត្តិរបស់យើងដើម្បីសងធនាគាររដ្ឋវៀតណាម និងប្រជាជន”។
មនុស្សរាប់ម៉ឺននាក់ដែលបានវិនិយោគប្រាក់សន្សំរបស់ពួកគេនៅធនាគារ SCB បានបាត់បង់ប្រាក់ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសកុម្មុយនិស្តនេះ និងបណ្តាលឱ្យមានការតវ៉ាកម្រពីសំណាក់ជនរងគ្រោះ ដែលបានធ្វើបាតុកម្មម្តងទៀតកាលពីថ្ងៃអង្គារនៅខាងក្រៅធនាគាររដ្ឋវៀតណាមនៅក្រុងហាណូយ។
ធនាគាររដ្ឋបានថ្លែងកាលពីខែមេសាថា ខ្លួនបានបញ្ចូលមូលនិធិទៅក្នុងធនាគារ SCB ដើម្បីធ្វើឱ្យមានស្ថិរភាព ដោយមិនបានបង្ហាញថាចំនួនប៉ុន្មាននោះទេ។
អំឡុងពេលសវនាការលើកទីមួយរបស់គាត់កាលពីខែមេសា លោកស្រី ឡាន ត្រូវបានរកឃើញថាមានទោសពីបទក្លែងបន្លំប្រាក់ចំនួន១២,៥ពាន់លានដុល្លារ ប៉ុន្តែព្រះរាជអាជ្ញាបានថ្លែងថាការខូចខាតសរុបដែលបណ្តាលមកពីការក្លែងបន្លំនេះមានចំនួន២៧ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ៦ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ប្រទេសនេះក្នុងឆ្នាំ២០២៣។
ចុងចោទចំនួន៤៧នាក់ផ្សេងទៀតបានស្នើសុំបន្ថយទោសនៅក្នុងបណ្តឹងឧទ្ធរណ៍ ដែលបានចាប់ផ្តើមនៅដើមខែវិច្ឆិកា។
កាលពីខែមុន លោកស្រី ឡាន ត្រូវបានផ្តន្ទាទោសពីបទសម្អាតប្រាក់ និងជាប់ពន្ធនាគារមួយជីវិតក្នុងករណីដាច់ដោយឡែកមួយ៕
ប្រភព៖ AFP/dy