សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មនិងអេស៊ីលីដា ចុះMOU ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ

ដោយ៖សិរីមតី

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជានោះ បានប្រកាសជាផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ ធនាគារ អេស៊ីលីដា​ សម្រាប់ការទូទាត់ប្រតិបត្តិការទិញ-លក់ទំនិញលើផ្សារខេមបូឌាត្រេដ ដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងសុវត្ថិភាព ព្រមទាំងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងផ្សារខេមបូឌាត្រេដ។

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពរបស់លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងសហការីរបស់ក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា។

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថាៈ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការបោះជំហានទៅមុខដ៏មានអត្ថន័យនៅក្នុង បេសកកម្មរបស់យើងក្នុងការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូពាណិជ្ជកម្មឌីជីថលរបស់ប្រទេសកម្ពុជាដែលអាជីវកម្មអាច ឈានដល់ទីផ្សារថ្មី និងការទទួលយកពាណិជ្ជកម្មឌីជីថលជាផ្លូវឆ្ពោះទៅរកកំណើនថ្មីនៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការ ឆ្លុះបញ្ចាំងពីការសហការគ្នា និងភាពជាដៃដូរវាងវិស័យរដ្ឋនិងឯកជនក្នុងការជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

លោកជំទាវ បានមានប្រសាសន៍ថាៈធនាគារអេស៊ីលីដាភីអិល ស៊ី តែងតែផ្តល់កិច្ចសហការដល់ក្រសួងពាណិជ្ជកម្ម ដោយកន្លងមក ធនាគារ អេស៊ីលីដា ក៏បានសហការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់សម្រាប់សេវាសាធារណៈផ្សេងៗរបស់ក្រសួង ពាណិជ្ជកម្ម រួមមាន ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការចុះបញ្ជីម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីកម្ម។ ក្នុងពេលនេះទៀតធនា គារ អេស៊ីលីដា បានបន្តកិច្ចសហការល្អជាមួយក្រសួងពាណិជ្ជកម្មជាថ្មីម្តងទៀត តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ ជាមួយនឹងផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់ក្រសួងពាណិជ្ជកម្ម ហៅថា «ខេមបូឌាត្រេត ឬ Cambodiatrade.com» ដើម្បីជួយសម្រួលដល់ការទូទាត់បាក់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងផ្តល់ភាពងាយស្រួលជូនដល់អាជីវករ សហគ្រាសធុនតូចនិងមធ្យម និងអតិថិជន ក្នុង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងផ្សារខេមបូឌាត្រេដ។

ទាក់ទងទៅនឹងទីផ្សារខេមបូឌាត្រេត លោកជំទាវ បានឱ្យដឹងថា:ផ្សារខេមបូឌាត្រដរបស់ក្រសួងពាណិជ្ជកម្ម ជាថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ ដែលបានបង្កើត ឡើងក្នុងចក្ខុវិស័យក្លាយជាថ្នាលជាតិក្នុងការលើកកម្ពស់ផលិតផលកម្ពុជា ជំរុញ ផលិតកម្ម, បង្កើនគុណភាព, បង្កើនភាពប្រកួតប្រជែងតាមស្តង់ដារអន្តរជាតិ ជំរុញការលក់ដូរ និងការនាំចេញផលិតផល ទៅកាន់ទីផ្សារអន្តជាតិ តាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយឥតគិតថ្លៃដល់អតិថិជន និងដៃគូពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិ តាមបែបអាជីវកម្មទៅកាន់អាជីវកម្ម (B2B) និងអាជីវកម្មទៅកាន់អ្នកប្រើប្រាស់ (B2C) ។

ផ្សារខេមបូឌាត្រេដ ត្រូវបានបង្កើត និងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការក្នុងខែមីនា ឆ្នាំ២០២២ ក្រោមការអនុវត្តគម្រោងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ដែលមានឈ្មោះថា «Go4eCAM» ដែលទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ។ គិតមកទល់ពេលបច្ចុប្បន្ន ផ្សារខេមបូឌាត្រដ បានអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម ចំនួន ១៧០ ក្រុមហ៊ុន និងមានផលិតផល សរុបប្រមាណ ១៧០០ ផលិតផល ដែលក្នុងនោះមានប្រមាណ៥០% ជាសហគ្រាសដឹកនាំដោយស្ត្រីនិងជាសហគ្រាសតាមបណ្តា ខេត្ត ធ្វើការដាក់លក់ដោយឥតគិតថ្លៃលើម្នាលអេឡិចត្រូនិក។

 

ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាថ្ងៃនេះ នឹងផ្តល់ឱ្យម្ចាស់អាជីវកម្មនៅក្នុងផ្សារខេមបូឌាត្រេដ ជម្រើសទូទាត់ បន្ថែម ដើម្បីជួយសម្រួលដល់ការទូទាត់បាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងផ្តល់ភាពងាយស្រួលជូនដល់អាជីវករ សហគ្រាសធុនតូចនិងមធ្យម និងអតិថិជន ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងផ្សារខេមបូឌាត្រេដ។ ក្រសួងពាណិជ្ជកម្មរំពឹងថាម្ចាស់អាជីវកម្មជាច្រើន មានចំណាប់អារម្មណ៍និងដាក់ពាក្យចូលរួមក្នុង ផ្សារខេមបូឌាត្រេដ ដើម្បីពង្រឹង សមត្ថភាព និងអភិវឌ្ឍន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរ ជាពិសេសការចូលរួមក្នុងវេទិកាពាណិជ្ជកម្មឌីជីថល និង ពិព័រណ៍អនឡាញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ នឹងក្លាយជាឱកាសពិសេសមួយ សំដៅលើការលើកកម្ពស់ បង្ហាញពីគុណភាព និងសក្តានុពលនៃផលិតផលខ្មែរទៅកាន់ទីផ្សាអន្តរជាតិ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី  បានថ្លែងថា:អនុស្សរណៈនៃការយោគយល់គ្នានេះ​ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការ​ រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ អេស៊ីលីដា ។

លោកបណ្ឌិត បានបន្តថា កិច្ចសហការគ្នានេះនឹងផ្តោតលើការតភ្ជាប់គ្នារវាង ផ្សារខេមបូឌាត្រេដរបស់ ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធទូទាត់ប្រាក់របស់ ធនាគារ អេស៊ីលីដា ដើម្បីទូទាត់ថ្លៃទំនិញនៅផ្សារខេមបូឌាត្រេដ ដោយធានាឱ្យបាននូវអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដំណើរការ​បានដោយរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។លើកស្ទួយការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ​តាមរយៈការពង្រីកវិសាលភាពទីផ្សារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោកបណ្ឌិតប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាបានលើកឡើងថា MOU នេះនឹងជួយជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការបង្កើនការយល់ដឹង និងសមត្ថភាព ក្នុងការគ្រប់គ្រងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការទូទាត់ តាមបែបឌីជីថល ទាំងក្នុង និងក្រៅប្រទេស​,លើកកម្ពស់ការប្រើប្រាស់ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការទូទាត់តាមបែបឌីជីថល។

លោកបណ្ឌិតបានគូសបញ្ជាក់ថា:«ផ្សារពាណិជ្ជកម្មបែបអេឡិចត្រូនិកថ្នាក់ជាតិមួយនេះ មិនត្រឹមតែជួយគាំទ្រ និងអភិវឌ្ឍអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថល ធានានូវបរិយាបន្នសកល និងពងឹ្រងជំនាញសហគ្រិនភាព ដើម្បីបង្កើនការលក់ផលិតផល ពង្រីកអាជីវកម្ម បង្កើនឱកាសការងារបន្ថែម សម្រាប់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀត អតិថិជន និងសាធារណជន អាចបញ្ជាទិញទំនិញយ៉ាងសម្បូរបែប និងរហ័សទាន់ចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទន្ទឹមនឹងនោះ ពួកគាត់ក៏អាចទូទាត់ថ្លៃទំនិញបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព តាមរយៈសេវាកម្ម ទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញរបស់ធនាគារ អេស៊ីលីដា សម្រាប់​ប្រតិបត្ដិការទូទាត់តាមរយៈ អេស៊ីលីដា ម៉ូបាល KHQR Code លេខគណនី និងប័ណ្ណគ្រប់ប្រភេទរបស់ធនាគារ អេស៊ីលីដា រួមមានប័ណ្ណវីសា, Mastercard, JCB, UnionPay International (UPI) & DCI ទាំងក្នុង និងក្រៅប្រទេស»៕