សេដ្ឋកិច្ច

ឯកឧត្តម អ៊ុំ សារ៉ាវុធ ចែករំលែកនូវបញ្ហាគន្លឹះសំខាន់ៗដល់សិស្សថ្នាក់ទី១២

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារ៉ាវុធ អគ្គនាយកក្រុមហ៊ុន USRV GROUP និងជាប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាCTAFA ជាបុគ្គលមានការគាំទ្រច្រើននៅលើបណ្ដាញសង្គម និងជាសហគ្រិនដែលទទួលបានជោគជ័យក្នុងអាជីវកម្ម បានចូលរួមចែករំលែកពីគន្លឹះសំខាន់ៗ ចំនួន១០ចំណុចដល់ប្អូនៗជាសិស្សថ្នាក់ទី១២និងអ្នកទើបប្រឡងចប់។

ការចែករំលែកនេះត្រូវបានធ្វើឡើងនៅពេលដែលឯកឧត្តមត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាតម្រង់ទិស ដល់សិស្សថ្នាក់ទី១២ និងអ្នកទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិប្រមាណជាង ២០០ នាក់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC រាជធានីភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា បញ្ហាគន្លឹះសំខាន់ៗទាំងនោះ ទី១ ត្រូវស្គាល់ឱ្យបានច្បាស់ពីចំណង់ចំណូលចិត្តខ្លួនឯង, ទី២ ត្រូវចេះស្វែងរកនិងបង្កើតឱកាសថ្មី, ទី៣ ត្រូវចេះច្នៃប្រឌិតនិងបញ្ចេញអ្វីដែលថ្មីៗ, ទី៤ ចាប់ផ្ដើមពីចំណុចតូចឡើងទៅ, ទី៥ ត្រូវចេះធ្វើផែនការឲ្យបានច្បាស់លាស់និងគ្រប់គ្រងឲ្យបានត្រឹមត្រូវ ,ទី៦ មានការអត់ធ្មត់ខ្ពស់និងការទទួលខុសត្រូវ, ទី៧ ត្រូវចេះបង្កើតទំនាក់ទំនងឲ្យបានច្រើន, ៨ បន្តសិក្សារៀនសូត្រជាប់ជាប្រចាំ, ៩ បង្កើតតម្លៃនិងជួយសង្គមនិង ១០ ដាច់ខាតត្រូវចេះជំនាញឌីជីថល និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

ឯកឧត្តមបានបន្ថែមថា បើមានចំណង់ចំណូលចិត្តច្បាស់លាស់ និងការព្យាយាម ទទួលបានបទពិសោធគឺអាចក្លាយជាសហគ្រិនជោគជ័យបាន។ សហគ្រិនល្អអាចចាត់ទុកបានថា ជាអ្នកស្នេហាជាតិនិងចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនឆាប់រហ័ស។

សូមបញ្ជាក់ដែរថា ដោយមើលឃើញពីសារៈសំខាន់នៃការជ្រើសរើសមុខវិជ្ជាសិក្សានៅសកលវិទ្យាល័យ និងផ្ដល់ព័ត៌មានពីការជ្រើសរើសនូវមុខវិជ្ជាសិក្សានៅសកលវិទ្យាល័យឲ្យបានត្រឹមត្រូវ ដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១១-១២ និងទើបតែបញ្ចប់ថ្នាក់បាក់ឌុបនាឆ្នាំសិក្សា២០២៣-២០២៤ មជ្ឈមណ្ឌលអ្នកបន្តវេនបានរៀបចំសិក្ខាសាលាតម្រង់ទិសស្ដីពី “វិធីសាស្ត្ររៀបចំគោលដៅជីវិត ដើម្បីជួយជ្រោមជ្រែងឲ្យពួកគេបានក្លាយជាសហគ្រិនវ័យក្មេងសម័យឌីជីថល សម្រាប់អ្នកជាប់ ឬធ្លាក់បាក់ឌុប”។ ជាមួយនោះការរៀបចំនេះក៏មានការសហការគាំទ្រពីវិទ្យាស្ថានCEO ដែលមានលោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ជាស្ថាបនិកផងដែរ៕