សន្ដិសុខសង្គម

ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​លែង​រួច​​ដេក​តាម​ផ្លូវ​ត្រូវ​បាន​ជន​សង្ស័យ​យក​ម៉ូតូ​ទៅ​បាត់​ស្រមោល​

ដោយ៖សហការី

ភ្នំពេញ​:​ បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ដល់​ថ្នាក់​បើកបរទៅ​ផ្ទះ​មិន​រួច​ឈប់​ម៉ូតូ​ដេក​សន្លប់​នៅ​តាម​ផ្លូវ​ត្រូវ​បាន​ជនសង្ស័យ​​យក​ម៉ូតូ​ទៅ​បាត់​ស្រមោល​ ដែលហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​២០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​២៦ខែ​វិច្ឆិកា​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ក្បាល​ដំរី​២សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា៖​  នៅ​មុន​កើត​ហេតុ​ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយស៊ុយ​គីនិច​ ដោយ​មិន​ចាំ​ផ្លាក​លេខ​ ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​ឈប់​ម៉ូតូ​រួច​ហើយ​បាន​ទៅ​ប្រាសខ្លួន​ដេក​លង់​លក់​​នៅ​លើ​ចិញ្ចើមខឿន​មុខផ្ទះ​សំណាក់​ យីហោ​ លាភ​ហេង​។លុះ​ក្រោយ​មក​ក៏​មាន​ជន​សង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ដើរ​មកដល់​​ឃើញ​ឱកាស​ល្អ​បាន​យក​ទូរសព្ទ​និងម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុ​ ប្រជាពលរដ្ឋ​ឃើញ​ដូច្នេះ​ក៏​នាំ​គ្នា​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​។

ក្រោយ​ពេល​កើត​ហេតុ​ ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​ដាស់​សួរ​នាំ​រួច​ហើយ​នាំ​យក​ទៅ​ប៉ុស្តិ៍​ដើម្បីទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យមក​ទទួល​យក​ផ្ទះ​វិញ​៕