ប្រែសម្រួល៖ រតនា
បុរសចិនម្នាក់ត្រូវបានជួយសង្គ្រោះចេញពីអណ្តូងទឹកស្ងួតដែលមានជម្រៅ១២ម៉ែត្រ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីគាត់បានធ្លាក់ដោយចៃដន្យ និងជាប់នៅក្នុងនោះអស់រយៈពេលបីថ្ងៃ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ព្រៃមួយក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុកមៃសត ខេត្តតាក់។ នៅល្ងាចថ្ងៃអាទិត្យ សមាជិកក្រុមល្បាតដែលដើរកាត់តំបន់នោះបានឮសំឡេងយំរបស់នរណាម្នាក់ ប៉ុន្តែមិនច្បាស់ថាមកពីទីណាទេ។
មេបញ្ជាការបានស្រែកហៅ ហើយបុរសរូបនោះបានស្រែកឆ្លើយតប ដូច្នេះពួកគេបានចាប់ផ្តើមស្វែងរកគាត់ និងហៅក្រុមសង្គ្រោះពីមូលនិធិមៃសត ពិតក្ការ។
ដោយដើរចូលទៅក្នុងព្រៃប្រមាណ៥០០ម៉ែត្រ ក្រុមសង្គ្រោះបានរកឃើញបុរសចិនអាយុ២២ឆ្នាំ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជា រ្យូ ជួន-អាយ ជាប់នៅបាតអណ្តូងទឹកចាស់មួយដែលស្ងួត មានជម្រៅប្រមាណ១២ម៉ែត្រ។ អណ្តូងនោះគ្មានគម្របទេ។
ក្រុមសង្គ្រោះបានចំណាយពេលយ៉ាងតិច៣០នាទីដើម្បីទាញគាត់ឡើង។ គាត់ខ្សោយខ្លាំងណាស់ ហើយខ្លួនប្រាណរបស់គាត់មានស្នាមជាំគ្រប់កន្លែង។ ទោះយ៉ាងណា ស្ថានភាពរបស់គាត់មិនធ្ងន់ធ្ងរទេ តាមការបញ្ជាក់របស់ក្រុមសង្គ្រោះ។
បុរសរូបនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមៃសត ដែលនៅទីនោះគាត់បានប្រាប់អ្នកបកប្រែថា គាត់បានជាប់នៅក្នុងអណ្តូងអស់រយៈពេលបីថ្ងៃ ដោយមិនអាចញ៉ាំឬដេកបានទេ។ គាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកដែលបានជួយគាត់។
អ្នកសង្គ្រោះម្នាក់បាននិយាយថា កាលពីបីថ្ងៃមុន អ្នកមូលដ្ឋានខ្លះបាននិយាយថាពួកគេបានឮសំឡេងយំនៅក្នុងតំបន់នោះ ប៉ុន្តេពួកគេភ័យខ្លាចពេកមិនហ៊ានទៅរក ព្រោះតំបន់នោះងងឹត និងស្ងាត់។ ក្រុមល្បាតបានទាក់ទងប៉ូលិសអន្តោប្រវេសន៍ដើម្បីស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុ និងរបៀបដែលបុរសរូបនោះចូលមកក្នុងតំបន់នេះ។ គម្របនឹងត្រូវដាក់លើអណ្តូងដើម្បីការពារកុំឱ្យឧបទ្ទវហេតុបែបនេះកើតឡើងម្តងទៀត មន្ត្រីបានឱ្យដឹង៕