ប្រែសម្រួល៖ តារា
វីលនៀស៖ យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន DHL បានធ្លាក់នៅក្បែរព្រលានយន្តហោះវីលនៀសប្រទេសលីទុយអានី កាលពីថ្ងៃចន្ទ (ថ្ងៃទី២៥ ខែវិច្ឆិកា) ប្រហែលម៉ោង ០៣:៣០ GMT ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស នេះបើតាមការប្រាប់ទីភ្នាក់ងារ Reuters ដោយមន្ត្រីព្រលានយន្តហោះ ប៉ូលិស និងពន្លត់អគ្គិភ័យ។
យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ជំនួសឱ្យក្រុមហ៊ុន DHL ដែលហោះហើរចេញពីក្រុងឡាយហ្ស៊ិច បានធ្លាក់លើផ្ទះមួយខ្នង នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិរបស់រដ្ឋាភិបាល។ មនុស្សទាំងអស់នៅក្នុងផ្ទះនោះបានរួចជីវិត លោកបានបន្ថែម។
នៅម៉ោងប្រហែល ០៥:៣០ GMT គេឃើញអ្នកពន្លត់អគ្គិភ័យកំពុងបាញ់ទឹកទៅលើផ្សែងដែលហុយចេញពីអគារមួយ ដែលស្ថិតនៅចម្ងាយប្រហែល ១,៣ គីឡូម៉ែត្រភាគខាងជើងផ្លូវរត់យន្តហោះនៃព្រលានយន្តហោះក្នុងរាជធានីលីទុយអានី។ គេឃើញមានវត្តមានប៉ូលិស និងរថយន្តពេទ្យជាច្រើន នៅក្បែរនោះ ហើយផ្លូវធំៗជាច្រើនខ្សែនៅជុំវិញត្រូវបានបិទ៕
ប្រភព៖ Reuters/rc