ព័ត៌មានជាតិ

សម្ពោធអគារសិក្សា, អគារអន្តេវាសិកដ្ឋាននិងសមិទ្ធផលនានានៅសាលារៀនចុងវ៉ាស្រុកមង្គលបូរី

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ អគារសិក្សា, អគារអន្តេវាសិកដ្ឋាននិងសមិទ្ធផលនានានៅសាលារៀនចុងវ៉ានៅឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ។នេះបើតាមសមាគមខ្មែរ ចិនស្រុកមង្គលបូរីអោយដឹងកាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៤ ។

អញ្ជើញជាអធិបតីភាពក្នុងពិធីនោះ  មានលោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ-ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ អគ្គមហាពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ លោកអគ្គទីប្រឹក្សាអមស្ថានទូតចិនប្រចាំកម្ពុជា និងចូលរួមដោយឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញាពីច្រើនមជ្ឈដ្ឋាននិងចម្រុះសមាសភាព ។

លោកឧកញ៉ា អ៊ឹង វណ្ណា ម៉ៅ ប្រធានសមាគមខ្មែរ ចិនស្រុកមង្គលបូរីឲ្យដឹងថា: សាលាចុងវ៉ានេះបានកសាងឡើងតាំងពីកំឡុងឆ្នាំ ១៩៣៥ ដែលបច្ចុប្បន្នមានទីតាំងនៅខាងជើងវត្តឬស្សីក្រោកស្ថិតក្នុងឃុំ ឬស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។

សាលារៀនបានបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ១៩៩៥ ដែលដឹកនាំនិងគ្រប់គ្រងដោយ លោកគួយ គាំ ។ ដល់ឆ្នាំ១៩៩៥ សមាគមទិញដីពង្រីកសាលាដល់ទំហំ២៥,០០០ម៉ែត្រក្រឡា។

នេះដោយសារមានការយកចិត្តទុកដាក់ពីបងប្អូនថ្នាក់ដឹកនាំ សមាជិកសមាគមខ្មែរចិនស្រុកមង្គលបុរី ពិសេសសមាគមខ្មែរចិននៅកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា ព្រមទាំងការជ្រោមជ្រែងពីអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ។

ដោយមានការអនុញ្ញាតនិងទទួលស្គាល់ជាផ្លូវការតាមរយៈប្រកាសលេខ ០៣៦០ / អយក ប្រកប ចុះថ្ងៃទី ២៩  ខែវិច្ឆិកា  ឆ្នាំ ១៩៩៥ របស់ក្រសួងអប់រំយុវជននិងកីឡា បានឲ្យបើកសាលារៀនចំណេះដឹងទូទៅឯកជន ខ្មែរ ចិន ចុងវ៉ានេះឡើងវិញ ហើយដំណើរការរៀន បង្រៀនពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់បញ្ចប់ ឬទី៩ អនុវិទ្យាល័យដោយឥតគិតថ្លៃ លើកលែងតែការសិក្សាភាសាចិន ត្រូវបង់ថ្លៃ ។

ឆ្នាំ២០០០ ក្រោមការជួយឧបត្ថម្ភពីសប្បុរសជនក្នុងនិងក្រៅប្រទេសនិងអតីតសិស្ស សមាគមបានសង់អគារសិក្សា៣ខ្នង ស្មើនឹង២៦បន្ទប់។ក្នុងនោះមានសាលប្រជុំ១ ទីចាត់ការ១ និងបណ្ណាល័យ១ ។ឆ្នាំ២០០៧ សាលាបានអនុវត្តកម្មវិធីសិក្សាភាសាខ្មែរនិងភាសាបរទេសពេញម៉ោង។

ឆ្នាំ២០១៨ ក្រោមការជួយឧបត្ថម្ភពីសប្បុរសជនក្នុងនិងក្រៅប្រទេសនិងអតីតសិស្ស សមាគមបានសង់អគារអន្តេវេសិក១ខ្នង ទំហំ១៦ម៉ែត្រគុណ១៤ម កម្ពស់២ជាន់ ចំណាយថវិកា៨៨.៥០០ដុល្លាសរអា ។ ឆ្នាំ២០២២ សាលាបានចូលជាសមាជិកសហព័ន្ធអប់រំនៅកម្ពុជា។

នាឆ្នាំសិក្សា២០២៤-២៥នេះ សាលាមានសិស្សសរុប៩៧៤នាក់/ស្រី៤៦៧នាក់ ។បុគ្គលិកសិក្សា៥៣នាក់/ស្រី៤៥នាក់ ។ក្នុងនោះមានគ្រូស្ម័គ្រចិត្តជនជាតិចិនដែលស្ថាទូតចិនប្រចាំកម្ពុជាជួយសម្របសម្រួល បញ្ជូនមកជួយចំនួន៦នាក់ ។

លទ្ធផលការសិក្សាឆ្នាំ២០២៣-២៤ កន្លងមក សិស្សថ្នាក់ទី៩ បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ១០០ភាគរយ ។

លោកឧកញ៉ាអ៊ឹង វណ្ណម៉ៅ.បានអោយដឹងដែរថា: ដោយការជឿជាក់របស់មហាជន លើការដឹកនាំរបស់សមាគម ទើបសន្ទុះនៃការបញ្ជូនកូនចៅមករៀននៅសាលាចុងវ៉ាបានកើនឡើងជាលំដាប់។

ចំពោះការសាងសងសង់ហេដ្ឋារចនាសម្ព័ន្ធ សមាគមទទួលបានការឧបត្ថម្ភគាំទ្រពីសប្បុរសជនក្នុងនិងក្រៅប្រទេស ជួយសាងសង់បន្តនិងបន្ថែម :១-អគារសិក្សាជាន់ទី២ ស្មើ១០បន្ទប់ ទំហំ១.០៨០ម៉ែត្រក្រឡា  រួមទាំងបន្ទប់ទឹក៧  ចំណាយអស់១៦៣.៥២២ដុល្លាសរអា ។២-ចាក់សាប ទីធ្លានិងកែលម្អសួនច្បារទំហំ១.៦៩១ម៉ែត្រក្រឡា ចំណាយអស់២៨.២១៦ដុល្លាសរអា ។៣-ផ្លូវភ្លោះទំហំ១.២០៣ម៉ែត្រក្រឡានិងរបង ខ្លោងទ្វារ ចំណាយអស់២១.៤៤៩ដុល្លាសរអា ។៤-ទិញកុំព្យូទ័រ៤០គ្រឿង តុ៤០គ្រឿង ចំណាយអស់១៣.៥៦០ដុល្លាសរអា។

លោកឧកញ៉ា អ៊ឹង វណ្ណា ម៉ៅ បានឲ្យដឹងបន្តថា : ថវិកាពីសប្បុរសជនក្នុងនិងក្រៅប្រទេស២៤១.០៨១ដុល្លាសរអា ។សរុបចំណាយលើសមិទ្ធផលខាងលើអស់ទឹកប្រាក់២២៦.៧៤៧ដុល្លាសរអា។ទឹកប្រាក់នៅសល់ចំនួន១៤.៣៣៤ដុល្លាសរអា ។

ដោយមើលឃើញការខ្វះទីចាត់ការ ការិយាល័យបុគ្គលិកនិងបន្ទប់ស្នាក់នៅសម្រាប់គ្រូស្ម័គ្រចិត្ត ហេតុនេះសមាគម បានឯកភាពគ្នាយកប្រាក់ដែលនៅសល់ទៅសាងសង់អគារ១ខ្នងទៀតទំហំ៤១ម៉ែត្រគុណ១០,៥ម កម្ពស់២ជាន់។

ក្នុងឱកាសនោះដែរ លោកឧកញ៉ាអនុប្រធានសមាគមខ្មែរ ចិនកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងស្នាដៃសម្រេចបាននៃសមាគមខ្មែរ ចិនស្រុកមង្គលបូរី ក៏ដូចជាសាលារៀនខ្មែរ ចិនចុងវ៉ា ហើយស្នើអោយសាមគ្គីភាព ឯកភាពនិងទឹកចិត្តសប្បុរសធម៌ដើម្បីជួយជ្រោមជ្រែង លើកកម្ពស់សមាគមនិងសាលារៀនរឹងរឹតតែប្រសើរឡើងទៀត។

ចំណែកលោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ-ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ។

លោកកែ គឹមយ៉ានបន្ថែមថា​ : ការប្រឹងប្រែងរៀនសូត្ររបស់សិស្សដើម្បីយកចំណេះដឹង ចំណេះធ្វើ បទពិសោធ បំណិនជីវិត ប្រកបដោយសីលធម៌ការរស់នៅ ប្រចាំថ្ងៃដើម្បីក្លាយជាកុមារល្អ កូនល្អ សិស្សល្អ និងមិត្តល្អក្នុងនោះក៏មានការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូបង្ហាត់បង្រៀនដោយយកទុកដាក់អស់កម្លាំងកាយចិត្តទៀតផងដែរ។

ជាចុងក្រោយ លោកតំណាងរាស្ត្រនិងអគ្គទីប្រឹក្សាអមស្ថាទូតចិន ក៏បានឧបត្ថម្ភថវិកា សម្ភារ១ចំនួនដល់មាគមនិងសាលារៀនចុងវ៉ានេះ ៕