អន្តរជាតិ

ឧបករណ៍ហោះហើរដ្រូនដែលមិនស្គាល់អត្តសញ្ញាណត្រូវបានគេឃើញនៅលើមូលដ្ឋានយោធាចក្រភពអង់គ្លេសដែលមានមូលដ្ឋានទ័ពអាកាសអាមេរិក

ប្រែសម្រួល៖រតនា

ដ្រូនដែលគ្មានអត្តសញ្ញាណត្រូវបានគេឃើញកាលពីសប្តាហ៍មុននៅលើមូលដ្ឋានអាកាសយានដ្ឋានចក្រភពអង់គ្លេសចំនួនបី ដែលមានប្រតិបត្តិការកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជាក់ដោយប្រទេសទាំងពីរ ប៉ុន្តេមិនបានបញ្ជាក់បន្ថែមអំពីអ្នកដែលអាចបានបញ្ជូនឧបករណ៍ហោះហើរទាំងនេះទេ។

ដ្រូនទាំងនេះបានលេចឡើងនៅពេលផ្សេងៗគ្នារវាងថ្ងៃពុធ និងថ្ងៃសៅរ៍ ដោយហោះហើរនៅពីលើមូលដ្ឋានកងទ័ពអាកាសរបស់ព្រះរាជាណាចក្រអង់គ្លេស Mildenhall, Feltwell និង Lakenheath នៅភាគខាងកើតប្រទេសអង់គ្លេស ដែលកងទ័ពអាមេរិកប្រើប្រាស់សម្រាប់មុខងារកងទ័ពអាកាស។

“ចំនួនប្រព័ន្ធអាកាសយានគ្មានមនុស្សបើក (UAS) មានការប្រែប្រួល ហើយមានទំហំ និងការរៀបចំខុសៗគ្នា” នេះបើតាមអ្នកនាំពាក្យកងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុបបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

លោកបានបន្ថែមថា “ថ្នាក់ដឹកនាំមូលដ្ឋានបានសន្និដ្ឋានថា គ្មានការរំលោភបំពានណាមួយប៉ះពាល់ដល់អ្នករស់នៅក្នុងមូលដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើយ” ដោយមិនបានបង្ហាញថាតើពួកគេបកស្រាយថាមានចេតនាអាក្រក់ឬយ៉ាងណានោះទេ។

ប្រទេសទាំងពីរមិនចង់ធ្វើការអធិប្បាយបន្ថែមទេ ទោះបីជាមានសំណួរជាច្រើនដែលឧប្បត្តិហេតុទាំងនេះអាចបង្កើតឡើងក៏ដោយ។

ប៉ុន្តេការសង្កេតឃើញនេះកើតឡើងបន្ទាប់ពីរបការរាយការណ៍របស់កាសែត Wall Street Journal កាលពីខែតុលាដែលបាននិយាយថា ឧបករណ៍ស្រដៀងគ្នាជាច្រើនត្រូវបានគេឃើញហោះហើរលើមូលដ្ឋានយោធានៅរដ្ឋ Virginia និង Nevada ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

មន្ត្រីមួយចំនួនសង្ស័យថា ភ្នាក់ងាររុស្ស៊ី ឬចិនប្រហែលជាបានដាក់ពង្រាយដ្រូនទាំងនេះដើម្បីលួចស៊ើបការណ៍ទ្រព្យសម្បត្តិយោធាអាមេរិក។

ប៉ុន្តេកងទ័ពមិនអាចបាញ់ទម្លាក់ពួកវាដោយគ្រាន់តែសង្ស័យថាលួចស៊ើបការណ៍នោះទេ ដោយសារហានិភ័យសុវត្ថិភាពចំពោះជនស៊ីវិល។

មូលដ្ឋាននៅ Mildenhall គឺជាទីតាំងនៃកងទ័ពអាកាសបំពេញប្រេងលេខ១០០ ដែលជាស្នាកងទ័ពអចិន្ត្រៃយ៍តែមួយគត់របស់សហរដ្ឋអាមេរិកនៅអឺរ៉ុបដែលអនុវត្តប្រតិបត្តិការបំពេញប្រេងលើអាកាស។

Lakenheath មានមូលដ្ឋានកងទ័ពអាកាសលេខ៤៨របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ដែលជាគ្រឹះនៃសមត្ថភាពប្រយុទ្ធរបស់ខ្លួននៅអឺរ៉ុប ដែលល្បីល្បាញក្នុងការហោះហើរបេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានចាប់តាំងពីហេតុការណ៍ ៩/១១ មក៕