អន្តរជាតិ

ថៃកំពុងរៀបចំផ្លូវសម្រាប់ការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រី Yingluck Shinawatra

ប្រែសម្រួល៖ រតនា

ថៃកំពុងពិនិត្យមើលលទ្ធភាពនៃការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី(Yingluck Shinawatra ) យិនឡាក់ ស៊ីណាវ៉ាត្រាដែលបានរត់គេចខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទមិនបំពេញកាតព្វកិច្ចក្នុងគម្រោងបញ្ចាំស្រូវ ដែលបណ្តាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

បងប្រុសរបស់គាត់គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញសញ្ញានៃការវិលត្រឡប់របស់គាត់ក្នុងអំឡុងពេលបុណ្យសង្ក្រាន្តនៅខែមេសា ដែលបានបង្កើតឡើងវិញនូវការជជែកវែកញែកក្នុងសង្គមនិងនយោបាយថៃ។

អ្នកជំនាញផ្នែកច្បាប់លើកឡើងថា យិនឡាក់អាចដើរតាមវិធីសាស្ត្ររបស់ថាក់ស៊ីន ដោយស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ និងទទួលបានអត្ថប្រយោជន៍ពីបទបញ្ញត្តិរបស់នាយកដ្ឋានពន្ធនាគារដែលអនុញ្ញាតឱ្យមានការដោះលែងដោយមានលក្ខខណ្ឌ និងការកាត់បន្ថយទោស។

អ្នកវិភាគនយោបាយព្យាករណ៍ថា ការវិលត្រឡប់របស់យិនឡាក់អាចមានឥទ្ធិពលលើយុទ្ធសាស្ត្រនិងប្រជាប្រិយភាពរបស់គណបក្សភឺថៃដែលកំពុងកាន់អំណាច។ គេរាយការណ៍ថា គណបក្សនេះទំនងជាមិនអាចដាក់ច្បាប់និរទោសទោសមុនខែមេសាទេ ដោយសារតែការយឺតយ៉ាវនៃសេចក្តីព្រាងច្បាប់ពាក់ព័ន្ធ។ ខណៈពេលដែលការវិលត្រឡប់របស់យិនឡុកអាចពង្រឹងជំហររបស់គណបក្សនៅក្នុងតំបន់មួយចំនួន អ្នកវិភាគលើកឡើងថា បញ្ហាប្រឈមផ្នែកនយោបាយនិងច្បាប់នៅតែមាន។

បញ្ហាទាំងអស់នេះវាបានបង្ហាញពីការជជែកដេញដោលដែលកំពុងបន្តអំពីផ្លូវច្បាប់របស់គាត់ និងផលប៉ះពាល់ទូលំទូលាយទៅលើប្រព័ន្ធយុត្តិធម៌និងនយោបាយរបស់ប្រទេសថៃបច្ចុប្បន្ននេះ៕