ប្រែសម្រួល៖ រតនា
កាលពីថ្ងៃសុក្រ តុលាការធម្មនុញ្ញបានបដិសេធញត្តិមួយដែលស្នើសុំហាមឃាត់អតីតនាយករដ្ឋមន្ត្រីមហាសេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត្រា មិនឱ្យជ្រៀតជ្រែកក្នុងគណបក្សភឿថៃដែលកំពុងកាន់អំណាច និងសមគំនិតជាមួយគណបក្សនេះក្នុងការផ្តួលរំលំរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
ចៅក្រមទាំង៩រូបបានយល់ព្រមថា ញត្តិដែលដាក់ដោយមេធាវី ធីរ៉ាយុទ្ធ ស៊ូវ៉ានកេសន មិនបានបំពេញតាមលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យរបស់តុលាការឡើយ។ ញត្តិនេះបានចោទប្រកាន់ថា លោក ថាក់ស៊ីន កំពុងប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រ និងមានឥទ្ធិពលលើគណបក្សភឿថៃ។
លោក ថាក់ស៊ីនដែលជាឪពុករបស់នាយករដ្ឋមន្ត្រី ប៉ែតុងត្រាន ស៊ីណាវ៉ាត្រា បានបដិសេធជាប់ជានិច្ចថា លោកមានឥទ្ធិពលលើគណបក្សភឿថៃ ចាប់តាំងពីការវិលត្រឡប់មកវិញរបស់លោកពីការនិរទេសខ្លួនឯងអស់រយៈពេល១៥ឆ្នាំក្នុងឆ្នាំ២០២៣។
ការបដិសេធនេះធ្វើឡើងបន្ទាប់ពីការិយាល័យអគ្គមេធាវី (OAG) បានច្រានចោលញត្តិរបស់លោក ធីរ៉ាយុទ្ធ ដែលផ្អែកលើមាត្រា៤៩នៃរដ្ឋធម្មនុញ្ញ។ មាត្រានេះចែងថា គ្មានបុគ្គលណាអាចប្រើប្រាស់សិទ្ធិ ឬសេរីភាពដើម្បីផ្តួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋឡើយ ដោយអនុញ្ញាតឱ្យជនណាដែលដឹងពីសកម្មភាពបែបនេះអាចដាក់ញត្តិទៅអគ្គមេធាវីដើម្បីដាក់សំណើទៅតុលាការរដ្ឋធម្មនុញ្ញ។
ចាប់តាំងពីបានបម្រើទោសដាក់ពន្ធនាគារដែលត្រូវបានព្រះមហាក្សត្រលើកលែងទោស លោក ថាក់ស៊ីនអាយុ៧៥ឆ្នាំ បានធ្វើយុទ្ធនាការសម្រាប់គណបក្សភឿថៃក្នុងការបោះឆ្នោតមូលដ្ឋាន ខណៈដែលធ្វើសំណើគោលនយោបាយទៅរដ្ឋាភិបាលដើម្បីស្តារសេដ្ឋកិច្ចប្រទេសដែលកំពុងធ្លាក់ចុះ។
ការស្ថិតនៅក្រោមការគ្រប់គ្រង ឬឥទ្ធិពលរបស់សមាជិកក្រៅគណបក្ស គឺជាមូលដ្ឋានសម្រាប់ការរំលាយគណបក្សក្រោមច្បាប់ថៃ។
កាលពីដើមឆ្នាំនេះ តុលាការរដ្ឋធម្មនុញ្ញបានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងធំជាងគេរបស់ប្រទេសថៃ គឺគណបក្ស Move Forward ដោយសារយុទ្ធនាការបោះឆ្នោតរបស់ខ្លួនក្នុងការកែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់បរិហារកេរ្តិ៍ព្រះមក្សត្រ។
គណបក្សនេះបានឈ្នះការបោះឆ្នោតទូទៅកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានរារាំងមិនឱ្យបង្កើតរដ្ឋាភិបាលដោយក្រុមគាំទ្រព្រះមហាក្សត្រ និងក្រុមដែលគាំទ្រដោយយោធា ដែលបន្ទាប់មកបានចូលរួមជាមួយគណបក្សភឿថៃដែលធ្លាប់ជាគូប្រជែង៕
ប្រភព៖Bangkok Post