ប្រែសម្រួល៖ រតនា
នៅថ្ងៃសុក្រចៅក្រមសហព័ន្ធបានបដិសេធសំណើររបស់គណៈកម្មការមូលបត្រ និងដូរប្រាក់សហរដ្ឋអាមេរិក (SEC) ដែលស្នើសុំដាក់ទណ្ឌកម្មលើលោក Elon Musk បន្ទាប់ពីលោកមិនបានបង្ហាញខ្លួនដើម្បីផ្តល់សក្ខីកម្មតាមបញ្ជាតុលាការសម្រាប់ការស៊ើបអង្កេតរបស់និយ័តករទាក់ទងនឹងការទិញយក Twitter ក្នុងទឹកប្រាក់ ៤៤ ប៊ីលានដុល្លារ។
ចៅក្រម Jacqueline Scott Corley នៅសានហ្វ្រាន់ស៊ីស្កូបានមានប្រសាសន៍ថា ការដាក់ទណ្ឌកម្មលើការអវត្តមានរបស់លោក Musk នៅថ្ងៃទី១០ ខែកញ្ញា មិនមានភាពចាំបាច់ទេ បន្ទាប់ពីមហាសេដ្ឋីដ៏មានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោករូបនេះបានផ្តល់សក្ខីកម្មនៅថ្ងៃទី៣ ខែតុលា និងយល់ព្រមបង់ថ្លៃធ្វើដំណើររបស់ SEC ចំនួន ២,៩២៣ ដុល្លារ។
“ដោយសារស្ថានភាពបច្ចុប្បន្នមិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដំណោះស្រាយដែលមានអត្ថន័យណាមួយដែលតុលាការអាចផ្តល់ឱ្យបាន សំណើរបស់ SEC គឺលែងមានប្រយោជន៍ទៀតហើយ” នេះជាការសរសេររបស់លោកស្រី Corley។
SEC បានស្នើសុំសេចក្តីប្រកាសមួយដែលថា លោក Musk បានរំលោភបំពានលើដីកាតុលាការចុះថ្ងៃទី៣១ ខែឧសភា ក្នុងការផ្តល់សក្ខីកម្ម។ SEC បានលើកឡើងថា ការត្រឹមតែបង់ថ្លៃធ្វើដំណើរប៉ុណ្ណោះ នឹងមិនអាចរារាំងមនុស្សជាច្រើនពីការមិនគោរពដីកាតុលាការឡើយ “ជាពិសេសចំពោះបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនដូចជាលោក Musk”៕
ប្រភព :Reuters