ដោយ : បន្ទាយ
បន្ទាយមានជ័យ : មន្ត្រីអាជ្ញាធរដែនដី ជំនាញសាធារណការនិងដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ កងកម្លាំងនគរបាល យោធានិងប្រជាពលរដ្ខបាននាំគ្នាដុតដៃដុតជើងប្រើទូកស្មាច់ធ្វើក្បននិងស្ពានពោងចម្លងពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះត្រូវទៅសម្រាលកូនជាបណ្តោះអាសន្នបន្ទាន់ គឺបន្ទាប់ពីរថយន្តធុនធំដឹកស្រូវបង្កបាក់ស្ពានដែកបេឡ ហើយកាត់ផ្តាច់ចរាចរណ៍កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង១៩យប់ កន្លងមកនៅភូមិអូរភូមិ ឃុំផ្គាំស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។នេះបើតាមលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានអោយសារព័ត៌មានដឹងកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។
យោងប្រភពអោយដឹងថា ស្ពានដែកបេឡេនៅភូមិអូរឃុំផ្គាំស្រុកស្វាយចេកនេះមានប្រវែងបណ្តោយ៣២ម៉ែត្រ ទទឹង៤ម៉ែត្រ ជាស្ពានមានសភាពចាស់ទ្រុឌទ្រោម ព្រោះជាដែកស្ពានចាស់ ហើយត្រូវបានអាជ្ញាធរខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូន ក្រសូងអភិវឌ្ឍន៍ជនបទបានយកទៅសាងសង់ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដើម្បីឆ្លើយតបសំណូមពរពលរដ្ឋនៅឃុំផ្គាំប៉ែកខាងកើត កាលពីរដូវបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ កន្លងមក។ប៉ុន្តែ តាំងពីនោះមក អាជ្ញាធរនិងជំនាញមិនទាន់មានលទ្ធភាពកសាង់សង់ស្ពានដែកឬស្ពានថ្មីនៅឡើយ ។
ក្រោយពីស្ពាននេះបាក់ គេឃើញវត្តមានលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពិសេសក្រុមការងារកងកម្លាំងយោធា នគរបាលនិងពលរដ្ឋបានទៅដល់កន្លែងស្ពានបាក់ ហើយនាំគ្នាដុតដៃដុតជើងសម្រុកដាក់ទូកស្មាច់ចម្លងពលរដ្ឋ សិស្សានុសិស្ស អ្នកជំងឺនិងស្ត្រីមានផ្ទៃពោះត្រូវបញ្ជូនទៅសម្រាលកូន។
លោកអភិបាលស្រុកស្វាយចេកនិយាយថា: “ខ្ញុំសូមអរគុណកម្លាំងសរុប ។ក្នុងនោះកម្លាំងវរសេនាតូចលេខ៥១៤នៃកងពលថ្មើរជើងលេខ៥១ ដែលជួយចម្លងប្រជាពលរដ្ឋ ពិសេសកូនសិស្ស ស្ត្រីមានផ្ទៃពោះ ស្រីកូនខ្ចី កូនតូច …..” ។
លោកវរសេនីយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានរំលឹកថា មានករណីថយន្តធុនធំភ្លៅ៥ កង់១២ឬយីឌុប១គ្រឿងបើករដល់ចំណុចកើតហេតុនៅលើស្ពានបេឡេស្ថិតនៅភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ បណ្តាលអោយបាក់ស្ពានបាក់ខូចទាំងស្រុង ហើយកាត់ផ្តាច់ចរាចរណ៍លែងឆ្លងកើត។អ្នកបើកបរមានឈ្មោះជា ហាច សុខួន ភេទប្រុស៦២ឆ្នាំ ទីលំនៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
រថយន្តនិងស្រូវមួយចំនួនជាប់ទើរលើស្ពាន ឯស្រូវមួយចំនួនធំបានធ្លាក់ចុះចូលជម្រៅទឹកអូរ ។
ចំពោះ វិធានការបែបណាលើអ្នកបើកបរនិងជាម្ចាស់រថយន្ត មន្ត្រីសមត្ថកិច្ចនិងអាជ្ញាធរ មិនបានបំភ្លឺនោះទេ ។
មកទល់ល្ងាច ថ្ងៃទី២៣ខែវិច្ឆិកានេះ ស្រូវមួយចំនួនត្រូវបានយកចេញទាំងលំបាក។ឯក្រុមការងារ បាននាំរថយន្តស្ទូចទៅស្ទូចរថយន្តធុនធំនោះ តែក៏ត្រូវស្ទូចរំកិលម្តងបន្តិចៗ មិនអាចធ្វើបង្ខំបានឡើយ។
ប៉ុន្តែការងារបង្ខំបន្ទាន់នោះគឺក្រុមការងារបានសង់ស្ពានពោង(បណ្តែតពុយ ផ្សារដែកនិងរាយក្តារពីលើ) រួចរាល់ដើម្បីអោយសម្រួលការឆ្លងកាត់ធុនស្រាលអាចដំណើរការបណ្តោះអាសន្ន។
សូមបញ្ជាក់ដែរថា ផ្លូវនិងស្ពាននៅចំណុចនោះ ស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយបានសិក្សានិងគ្រោងសាងសង់ហើយ នៅឡើយតែថវិកាមិនទាន់មានប៉ុណ្ណោះ៕