អន្តរជាតិ

FBI រឹបអូស​គេហទំព័រ​ដែល​ប្រជាជន​កូរ៉េខាងជើង​ចោទ​ថា​ប្រើ​ដើម្បី​ក្លែង​បន្លំ​ក្រុមហ៊ុន​អាមេរិក

ប្រែសម្រួល៖រតនា

FBIបានរឹបអូសគេហទំព័រជាច្រើនដែលភ្នាក់ងារកូរ៉េខាងជើងបានប្រើប្រាស់ដើម្បីក្លែងបន្លំក្រុមហ៊ុនស្របច្បាប់នៅសហរដ្ឋអាមេរិក និងឥណ្ឌា ក្នុងគោលបំណងប្រមូលថវិកាសម្រាប់របបកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រ និងអ្នកស្រាវជ្រាវសន្តិសុខដែលបានស៊ើបអង្កេតសកម្មភាពនេះ។

គេហទំព័រទាំងបួនដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធកុំព្យូទ័រ SentinelOne ថាជាក្រុមហ៊ុនបន្លំរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ មានសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស និងកូរ៉េដែលនិយាយថា ពួកគេត្រូវបានរឹបអូសដោយយោងតាមដីកាចេញដោយតុលាការមណ្ឌលសហរដ្ឋអាមេរិកនៃរដ្ឋម៉ាសាឈូសេត ជាផ្នែកនៃ “សកម្មភាពអនុវត្តច្បាប់ដែលមានការសម្របសម្រួល” ប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង។ អ្នកស្រាវជ្រាវរបស់ SentinelOne បានតាមដានក្រុមហ៊ុនបន្លំទាំងនេះទៅកាន់ក្រុមអង្គការធំជាងនេះដែលមានមូលដ្ឋាននៅប្រទេសចិន។

ការតាមដាន និងការទប់ស្កាត់ក្រុមហ៊ុនក្លែងក្លាយទាំងនេះគឺជាបញ្ហាប្រឈមសន្តិសុខជាតិដ៏ធំមួយដែលរដ្ឋបាល Biden បានព្យាយាមដោះស្រាយ ហើយដែលរដ្ឋបាល Trump នឹងទទួលបន្ត។ ប្រហែលជាពាក់កណ្តាលនៃកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងត្រូវបានផ្តល់មូលនិធិដោយការវាយប្រហារតាមអ៊ីនធឺណិត និងការលួចរូបិយប័ណ្ណគ្រីបតូ នេះបើយោងតាមមន្ត្រីសេតវិមានម្នាក់បាននិយាយកាលពីឆ្នាំមុន។

ក្រុមហ៊ុនបន្លំទាំងនេះបានចម្លងយ៉ាងជិតស្និទ្ធនូវគេហទំព័ររបស់ក្រុមហ៊ុនកម្មវិធី និងក្រុមហ៊ុនប្រឹក្សាយោបល់អាមេរិកជាច្រើន ហើយបានលើកទឹកចិត្តអតិថិជនដែលមានសក្តានុពលឱ្យទាក់ទងមកពួកគេ យោងតាមការវិភាគរបស់ SentinelOne។

សេចក្តីថ្លែងការណ៍របស់អេហ្វប៊ីអាយ និងភ្នាក់ងារអនុវត្តច្បាប់អាមេរិកផ្សេងទៀតនៅលើគេហទំព័រដែលត្រូវបានរឹបអូស បានណែនាំអ្នកទស្សនាទៅកាន់ការព្រមានឆ្នាំ ២០២២ ពីមន្ត្រីអាមេរិកដែលថា កូរ៉េខាងជើងកំពុងប្រើប្រាស់បុគ្គលិកបច្ចេកវិទ្យាព័ត៌មានរាប់ពាន់នាក់នៅបរទេសដើម្បីប្រមូលប្រាក់ដោយសម្ងាត់សម្រាប់របបនេះ។

ការស៊ើបអង្កេតរបស់ CNN នៅឆ្នាំនោះបានរកឃើញថា ភ្នាក់ងារកូរ៉េខាងជើងកំពុងព្យាយាមយ៉ាងសកម្មក្នុងការជ្រៀតចូលទៅក្នុងក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរបស់អាមេរិក ដោយក្លែងបន្លំជាជនជាតិផ្សេង។ សហគ្រិនអាមេរិកម្នាក់បានប្រាប់ CNN ថា យោងតាមFBIអាយ ក្រុមហ៊ុនរបស់គាត់បានផ្ទេរប្រាក់រាប់ម៉ឺនដុល្លារទៅឱ្យរដ្ឋាភិបាលកូរ៉េខាងជើងដោយមិនដឹងខ្លួន។

ក្នុងករណីខ្លះ ជនជាតិកូរ៉េខាងជើងអាចកំពុងទទួលបានជំនួយពីជនជាតិអាមេរិក។ ព្រះរាជអាជ្ញាសហព័ន្ធអាមេរិកកាលពីខែឧសភាបានចោទប្រកាន់ស្ត្រីម្នាក់នៅរដ្ឋអារីហ្សូណាពីបទចូលរួមក្នុងផែនការក្លែងបន្លំដ៏ស្មុគស្មាញមួយ ដើម្បីជួយបុគ្គលិកបច្ចេកវិទ្យាព័ត៌មានបរទេសក្លែងបន្លំជាជនជាតិអាមេរិក ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនអាមេរិកធំៗ និងរកប្រាក់ចំណូលបាន ៦,៨ លានដុល្លារដែលអាចផ្តល់ប្រយោជន៍ដល់ព្យុងយ៉ាង។

“ក្រុមហ៊ុនបន្លំ និងគេហទំព័រទាំងនេះគ្រាន់តែជាចុងកំពូលភ្នំទឹកកកប៉ុណ្ណោះ” នេះបើតាម Tom Hegel អ្នកស្រាវជ្រាវការគំរាមកំហែងសំខាន់នៅ SentinelOne បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍អំពីការរកឃើញថ្មីនេះ។ “អ្វីដែលយើងបានរកឃើញតំណាងឱ្យផ្នែកតូចមួយនៃប្រតិបត្តិការធំមួយដែលមានឫសគល់ជ្រៅ ដែលត្រូវបានរចនាឡើងដើម្បីលាក់បាំងនៅចំពោះមុខយើង។”

Hegel និងសហការីរបស់គាត់ Dakota Cary បានតាមដានសកម្មភាពក្រុមហ៊ុនបន្លំមួយចំនួនទៅកាន់អាសយដ្ឋានមួយនៅ Liaoning ដែលជាខេត្តចិនដែលមានព្រំប្រទល់ជាប់នឹងកូរ៉េខាងជើង។

នេះមិនមែនជាលើកដំបូងទេដែលអ្នកស្រាវជ្រាវបានតាមដានប្រតិបត្តិការបុគ្គលិកបច្ចេកវិទ្យាព័ត៌មានកូរ៉េខាងជើងទៅកាន់ភាគឦសាននៃប្រទេសចិន។ CNN បានរាយការណ៍កាលពីខែមេសាអំពីម៉ាស៊ីនមេកុំព្យូទ័ររបស់កូរ៉េខាងជើងមួយដែលមានផ្ទុករូបភាពគំនូរដែលហាក់ដូចជាត្រូវបានផលិតសម្រាប់ស្ទូឌីយោគំនូរជីវចលអាមេរិក។ កំណត់ត្រាពីម៉ាស៊ីនមេកុំព្យូទ័រកូរ៉េខាងជើងបានបង្ហាញពីការចូលមើលច្រើនដងពីការតភ្ជាប់អ៊ីនធឺណិតនៅភាគឦសាននៃប្រទេសចិន៕