សិង្ហបុរី៖ថ្នាក់ដឹកនាំយុវជនចំនួន៤៤រូបដែលមកពីបណ្តាប្រទេសប៉ែកអាស៊ីអាគ្នេយ៍ត្រូវបានទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅនាក្នុងឱកាសកម្មវិធី ASEAN Youth Fellowship (AYF) លើកទី៦ ដែលប្រារព្ធធ្វើពីថ្ងៃទី៣ដល់១០វិច្ឆិកា។ ពួកគាត់ទាំងអស់គ្នាបានអញ្ជើញមកពីសមាជិកនៃបណ្តាប្រទេសអាស៊ានទាំង១០ និងមកពីទីម័រខាងកើត ដែលទើបតែអញ្ជើញមកបង្ហាញខ្លួនក្នុងកម្មវិធីនេះជាលើកដំបូង។
កម្មវិធីនេះទទួលបានការសហការរៀបចំឡើងជាប្រចាំឆ្នាំដោយមូលនិធិអន្តរជាតិសិង្ហបុរី( Singapore International Foundation) (SIF) ជាមួយនិង ក្រុមប្រឹក្សាជាតិយុវជនសិង្ហបុរី (NYC)។ កម្មវិធីនេះស្វែងរកនូវការទំនាក់ទំនង ក៏ដូចជាក្រុមអ្នកដឹកនាំវ័យក្មេងដែលកំពុងអភិវឌ្ឍន៍ ផ្តោតលើវិស័យសាធារណៈ ឯកជន និងកិច្ចសហប្រតិបត្តិការលើវិស័យធនធានមនុស្ស។
AYF 2024 បានដឹកនាំសមាជិករបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាទីក្រុងវៀងច័ន្ទន៍ និងខេត្តហ្លួងព្រះបាងនៃប្រទេសឡាវ។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ សមាជិកទាំងអស់គ្នាបានពិភាក្សាលើប្រធានបទនានាដូចជា ការផ្លាស់ប្តូរបែបឌីជីថល ការរួមបញ្ចូលគ្នា និងនិរន្តរភាពនៅក្នុងតំបន់ ជាមួយនឹងគំនិតរបស់អ្នកដឹកនាំល្បីៗមួយចំនួនដែលមកពីវិស័យផ្សេងៗគ្នា។ ពួកគេបានបំផុសឡើងនូវដំណោះស្រាយជាច្រើនដើម្បឆ្លើយតបទៅនឹងបញ្ហាប្រឈមទូទៅនៅក្នុងតំបន់ទាំងនេះ។
សមាជិកទាំងឡាយក៏មានឱកាសចូលរួមធ្វើការសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសសិង្ហបុរី គឺលោក Chan Chun Sing និងឯកឧត្តម Thongly Sisoulith អគ្គលេខាធិការរងនៃសហភាពយុវជនឡាវនៅទីក្រុងវៀងចន្ទន៍។ ទាំងលោករដ្ឋមន្ត្រី Chan និងឯកឧត្តម Thongly សុទ្ធតែបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការភ្ជាប់ទំនាក់ទំនង ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃបណ្តាប្រទេសអាស៊ានផងដែរ។
ទាំងនៅប្រទេសសិង្ហបុរី និងប្រទេសឡាវ សមាជិកគ្រប់គ្នាអាចទទួលបានការយល់ដឹងអំពីដំណើរទស្សនកិច្ចទៅកាន់អង្គការនានាដើម្បីទទួលបានចំណេះដឹង ជំនាញ និងផ្នត់គំនិតល្អៗដែលប្រកបដោយភាពច្នៃប្រឌិតសម្រាប់អនាគតដ៏ជោគជ័យរបស់ពួកគេ។ នៅប្រទេសសិង្ហបុរី ដំណើរទស្សនកិច្ចនេះរួមមានទីតាំងកសិដ្ឋាន Sembcorp Tengeh Floating Solar Farm ដែលជាកន្លែងប្រព័ន្ធសូឡាបណ្តែតទឹកដំបូងបង្អស់នៅក្នុងប្រទេស។ អ្នកចូលរួមទស្សនាក៏បានក្លាយជាសាក្សីដែលបានឃើញដោយផ្ទាល់អំពីរបៀបដែលអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (ICA) ប្រើប្រាស់បច្ចេកវិទ្យាដើម្បីបន្ថែមការគ្រប់គ្រងនៅតាមច្រកព្រំដែន Woodlands Checkpoint ដែលជាច្រកឆ្លងកាត់ផ្លូវគោកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក និងមានអ្នកដំណើរឆ្លងកាត់ជាមធ្យមប្រហែល ៤០០,០០០ នាក់ក្នុងមួយថ្ងៃ។
លោកស្រី Phetmany Viyadeth ជាសមាជិកមកពីប្រទេសឡាវបានមានប្រសាសន៍ថា “បណ្តាប្រទេសអាស៊ានមានឱកាសជាច្រើនដើម្បីធ្វើការរួមគ្នាលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យនានាដូចជាការអប់រំជាដើម ដែលអាចជម្រុញឱ្យមានការរីកចម្រើនយូរអង្វែងនៅទូទាំងតំបន់។ ជាឧទាហរណ៍ យើងអាចបង្កើតក្របខណ្ឌការអប់រំទូទាំងតំបន់ ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងអក្ខរកម្មឌីជីថល។ តាមរយៈការរួបរួមគ្នាដើម្បីកែលម្អការអប់រំ និងការបំពេញចន្លោះខ្វះខាតនៃគម្លាតជំនាញ បណ្តាប្រទេសអាស៊ានអាចកសាងសហគមន៍មួយដែលរឹងមាំ ពោរពេញដោយជំនាញ និងមានការគិតគូបានច្រើនជាងមុន ក្នុងការត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមនៅថ្ងៃអនាគត»។
សមាជិកជាច្រើនបានអញ្ជើញទៅទស្សនាសហគមន៍ Makerbox Lao នៅក្នុងទីក្រុងវៀងចន្ទន៍ ដែលជាកន្លែងរួមបញ្ចូលសកម្មភាពការងាររបស់សហគមន៍ ដោយបានប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបៗសម្រាប់ការពិសោធន៍លើគម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)។ ស្ថាបនិករបស់សហគមន៍ Makerbox Lao បានលើកឡើងអំពីចំណុចដែលបរិស្ថានបានសហការដើម្បីជួយជម្រុញដល់ការច្នៃប្រឌិតនៅក្នុងសហគមន៍។ នេះគឺស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំរបស់ប្រទេសឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរព្រំដែនដើម្បីបង្កើតបាននូវភាពច្នៃប្រឌិត និងការភ្ជាប់ទំនាក់ទំនងឱ្យបានរឹងមាំបន្ថែមទៀតសម្រាប់បណ្តាប្រទេសអាស៊ាន។
សមាជិកទាំងនោះក៏បានទៅទស្សនាខេត្តហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយក៏ជាកន្លែងមួយដែលអាចស្រូបយកនូវបទពិសោធន៍វប្បធម៌ពីពួកគេផងដែរ។ នៅទីនោះពួកគេបានធ្វើសិប្បកម្មដោយដៃផ្ទាល់នៅក្នុងអង្គការ Ock Pop Tock ដែលជាអង្គការមួយសម្រាប់ឧទ្ទិសដល់ការអភិរក្សវាយនភ័ណ្ឌ និងសិប្បកម្មប្រពៃណីរបស់ប្រទេសឡាវ។
លោក Israruddin ដែលជាសមាជិកមកពីប្រទេសឥណ្ឌូណេស៊ីបាននិយាយថា “ការដែលបណ្តាប្រទេសអាស៊ានបង្កើតឱ្យមានអន្តរទំនាកទំនងរវាងគ្នាទៅវិញទៅមក គឺយើងអាចពង្រឹងភាពធន់នៃប្រជាជាតិតាមរយៈការជម្រុញដល់ការចែករំលែកចំណេះដឹង ធនធាន ក៏ដូចជាការអនុវត្តនានានៅទូទាំងសមាគមន៍។ ឧទាហរណ៍៖ ប្រព័ន្ធសហការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគំនិតផ្តួចផ្តើមលើផ្នែកតំហែទាំសុខភាពអាចពង្រឹងភាពធន់នៃប្រជាជាតិ ដែលអនុញ្ញាតឱ្យប្រទេសនានាជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។ តាមរយៈការពង្រឹងការភ្ជាប់ទំនាក់ទំនងនេះ បណ្តាប្រទេសអាស៊ានអាចអនុញ្ញាតឱ្យសហគមន៍មូលដ្ឋានទទួលបានអត្ថប្រយោជន៍ពីបណ្តាញដ៏ទូលំទូលាយនេះ ហើយអាចកាត់បន្ថយហានិភ័យ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រឈមមុខនឹងបញ្ហារួមនាពេលអនាគត»។
ដើម្បីលើកទឹកចិត្តសមាជិកឱ្យបន្តកិច្ចសហការរបស់ពួកគេបន្ទាប់ពីកម្មវិធីនេះ និងបង្កើតបាននូវឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់ មូលនិធិ AYF Impact Fund ត្រូវបានដាក់ដំណើរការដើម្បីជួយគាំទ្រដល់គំនិតផ្តួចផ្តើមមូលដ្ឋានដែលលើកកម្ពស់ដល់ការអភិវឌ្ឍយុវជន ការកសាងសហគមន៍ និងបុព្វហេតុពាក់ព័ន្ធដទៃផ្សេងទៀត។ មូលនិធិនេះបានផ្តល់ប្រាក់ចំនួន៥,០០០ដុល្លារសិង្ហបុរីដល់សមាជិក សម្រាប់គំនិតផ្តួចផ្តើមរបស់ពួកគេម្នាក់ៗ ឬរហូតដល់២០,០០០ដុល្លារសិង្ហបុរី សម្រាប់គម្រោងនីមួយៗដែលសមាជិកទាំងនោះរៀបចំបង្កើតឡើងជាក្រុម។
គម្រោងមួយក្នុងចំណោមនោះគឺ ASEAN Women Empowerment Portal ។ អតីតសមាជិក AYF មកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីនបានបង្កើតវេទិកាសម្រាប់ស្ត្រីនៅទូទាំងបណ្តាប្រទេសអាស៊ាន ដើម្បីផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ហើយរៀនពីគ្នាទៅវិញទៅមកលើបញ្ហាប្រឈមរួមមួយនៅក្នុងតំបន់។
ដោយមានការបំផុសគំនិតពីមូលនិធិ AYF Impact Fund លោក Janu Muhammad ដែលជាសមាជិកមកពីប្រទេសឥណ្ឌូនេស៊ីបាននិយាយថា “កសិករថ្មោងថ្មីជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងបញ្ហាដែលទាក់ទងនឹងការបាត់បង់ចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម អស្ថិរភាពសេដ្ឋកិច្ច កង្វះសមត្ថភាពក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ និងការដាក់កំហិតលើបម្រើបម្រាស់ធនធាន។ តាមរយៈមូលនិធិ AYF Impact Fund ខ្ញុំសង្ឃឹមថាយើងនឹងអាចលើកកម្ពស់សហគ្រិនភាពវិស័យកសិកម្ម ដោយប្រើបញ្ញាសិប្បនិមិត្ត (AI) និង ប្រព័ន្ធ Internet of Things (IoT)ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករថ្មោងថ្មីលើការដាំបន្លែ និងការចិញ្ចឹមត្រីនៅអាស៊ីអាគ្នេយ៍ ដើម្បីឱ្យពួកគេកាន់តែមានជីវភាពធូធារជាងមុន។ ខ្ញុំកំពុងពិចារណាលើការអនុវត្តគម្រោងសាកល្បងនេះជាមួយនឹងសមាជិកផ្សេងទៀតមកពីប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា»។
លោក David Chua ជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា NYC បានមានប្រសាសន៍ថា “AYF គឺជាកម្មវិធីដ៏សំខាន់ក្នុងភាពជាអ្នកដឹកនាំយុវជនដែលបណ្តុះ និងភ្ជាប់អ្នកដឹកនាំវ័យក្មេងមកពីវិស័យផ្សេងៗគ្នានៅទូទាំងបណ្តាប្រទេសអាស៊ាន។ យុវជនរបស់យើងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងក្នុងតំបន់ ហើយ AYF បានផ្តល់នូវលទ្ធផលដ៏ជាក់លាក់សម្រាប់តំបន់ ហើយបានបើកឱកាសដល់យុវជនក្នុងការទទួលបានការយល់ដឹងនិងបណ្តាញទំនាក់ទំនងដ៏មានតម្លៃដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញដែលបណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខ។
លោកស្រី Corinna Chan ជានាយកប្រតិបត្តិនៃមូលនិធិ SIF មានប្រសាសន៍ថា៖ «នៅពេលប្រឈមមុខនឹងបញ្ហាសកល ដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងសុខភាពសាធារណៈ យុវជនអាចជួយជម្រុញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងទស្សនៈថ្មីៗ និងវិធីសាស្រ្តដ៏ក្លាហានរបស់ពួកគេ។
“ខ្ញុំរីករាយដែល AYF នៅតែជាវេទិកាមួយដែលប្រមូលផ្តុំអ្នកដឹកនាំវ័យក្មេងរបស់បណ្តាប្រទេសអាស៊ានមករួមគ្នាដើម្បីភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការកសាងអាស៊ានប្រកបដោយភាពច្នៃប្រឌិត៕