ដោយ: ព្រះអង្គខ្មៅ
ខេត្តបាត់ដំបង÷ អំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ ៣ថ្ងៃភ្ញៀវទេសចរជាង ១១ម៉ឺននាក់បានចូលមកលេងកម្សាន្តតាមគោលដៅទេសចរណ៍នៅក្នុងខេត្តបាត់ដំបង។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៧ ខែវិច្ឆកា ឆ្នាំ២០២៤ នេះថា÷ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤- ១៥ និងថ្ងៃទី ១៦ ខែវិច្ឆកា ឆ្នាំនេះខេត្តបាត់ដំបងបានទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលចូលមកលំហែរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗសរុបចំនួនភ្ញៀវសរុប ១១០,៤៨៩ នាក់ កើនឡើង ៩.៨៨% បើប្រៀបធៀបរយៈពេលដូចគ្នានាឆ្នាំ២០២៣ មានត្រឹមចំនួន ១០០,៥៤៧ នាក់។
ភ្ញៀវទេសចរដែលមានចំនួនកើនឡើងធៀបនឹងឆ្នាំ ២០២៣នេះភ្ញៀវទេសចរជាតិមានចំនួន ១០៩,៦៧៧ នាក់ ខណះឆ្នាំ២០២៣ ត្រឹមចំនួន ៩៩,៩៣០ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៨១២ នាក់ ខណះឆ្នាំចាស់មានចំនួន ៦១៧ នាក់។
មន្ត្រីជំនាញខាងលើបានបញ្ជាក់បន្ថែមថា÷ ចំនួនភ្ញៀវទេសចរកើនឡើងដែលចូលលេងកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកនេះដោយសារភូមិសាស្ត្រខេត្តមួយនេះមានសក្តានុពលទេសចរណ៍សំបូរបែបច្រើន ហើយមានភាពទាក់ទាញដូចជា: រមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានកែច្នៃបែបស៊ីវិល័យ ក្រៅពីនេះមានតំបន់ព្រៃភ្នំ ទឹកធ្លាក់ ដងស្ទឹង ទន្លេ និងតំបន់អភិរក្សសត្វស្លាបចម្រុះពូជច្រើនប្រភេទផងដែរ ពិសេសរួមផ្សំជាមួយកត្តាប្រទេសមានសុខសន្តិភាពពេញលេញ និងអាកាសធាតុអំណោយផលថែមទៀត៕