សន្ដិសុខសង្គម

ស្លា.ប់២នាក់ដោយសារជិះម៉ូតូ បុករថយន្តឈប់នៅលើផ្លូវនៅចំយប់ថ្ងៃបុណ្យអុំទូក

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ម៉ូតូមួយគ្រឿងបានបើកបុក ជាមួយរថយន្តធុនធំយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសចំនួនពីរនាក់ដែលធ្វើដំណើរតាមម៉ូតូ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៩/២២០ ស្ថិតក្នុងភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ កាលពីម៉ោងជាង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ វិច្ឆិកានេះ។ ខាងរថយន្តធំបានបើកគេចបាត់ពីកន្លែងកើតហេតុ។


ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ CFN (Cambodia Flash News)ថា៖ ជុំករណីនេះខាងសមត្ថកិច្ចក៏នៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពបុរសរងគ្រោះ និងជាអ្នកបើកបរម៉ូតូម៉ាកយ៉ាម៉ាហាអិចសិនធ័រ ពណ៌ខ្មៅ ដោយបានកម្កល់ទុកសាកសពនៅវត្តមេមត់ រង់ចាំសាច់ញាតិមកទទួលយក ហើយបុរសម្នាក់ទៀតដែលរួមដំណើរមានអត្តសញ្ញាណបប័ណ្ណជាប់ខ្លួនឈ្មោះ ផន យ៉ន អាយុ ២១ ឆ្នាំនៅភូមិប្រហួត ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។


ប្រភពព័ត៌មានបានបន្តថា៖ ទិសដៅបើកបរបញ្ច្រាស់ទិសគ្នា ដោយខាងម៉ូតូបានបើកបរពីទិសខាងលិចទៅទិសខាងកើត បើកបរក្នុងល្បឿនលឿន បណ្ដាលឲ្យជ្រុលចូលចំណែកផ្លូវម្ខាងទៀត បានបុកជាមួយរថយន្តធុនធំ មិនស្គាល់ម៉ាក បើកបរពីទិសខាងកើតទៅទិសខាងលិចតែម្ដង៕