ព័ត៌មានជាតិ

បន្ទាយមានជ័យបិទបញ្ចប់ដោយរីករាយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែអកអំបុកនៅរាត្រីថ្ងៃពេញបូណ៌មី ១៥កេីតខែកក្តិក

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ខេត្តបន្ទាយមានជ័យបានបិទបញ្ចប់ពិធីអកអំបុកនិងសំពះព្រះខែដោយរលូន រីករាយនិងដក់ជាប់នូវសេចក្តីសោមនស្សរីករាយ អនុស្សាវរីយ៍ពិបាកបំភ្លេចបាននារាត្រីខ្យល់ត្រជាក់រំភើយនិងចងចាំមិនភ្លេចនូវគុណសេចក្តីសុខសន្តិភាពនិងការការអភិវឌ្ឍន៍។

ការបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែអកអំបុកនៅរាត្រីថ្ងៃពេញបូណ៌មី ១៥កេីតខែកក្តិក ឆ្នាំ រោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមវត្តមានអធិបតីភាពប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រីព្រះវត្តមានព្រះមេគណ អនុគណស្រុកក្រុងទាំង៩ អាចារ្យ និងក៏មានភ្ញៀវកិត្តិយសជាមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាព រដ្ឋបាលស្រុកក្រុង តន្ត្រីករ អ្នកសិល្បករ សិល្បការិនី កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ។

ក្នុងពិធីអកអំបុកនិងសំពះព្រះខែ ក្នុងឱកាសបិទព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ប្រារព្ធ នៅ១-ទីតាំងសួនតេជោឈ្នះឈ្នះ (វេទិកាខេត្ត)និង២- សួនតេជោសន្តិភាព.(គល់ស្ពានថ្ម មាត់ស្ទឹងសិរីសោភ័ណ) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្នុងនោះមានកិច្ចពិធីខាងសាសនា ទំនៀមទម្លាប់ប្រពៃណីដូចជាប្រគំតន្ត្រី ច្រៀងចម្រៀង រាំរបាំ ឧទ្ទិស ថ្លែងប្រវត្តិ ពិធីសែនព្រេន រំលឹកគុណទឹកដី រំលឹកគុណវិរកងទ័ពជើងទឹក ពិធីបុកអំបុក អកអំបុក ពិធីផ្សងសម្រក់ទៀនជ័យប្រមើលមើលទឹកភ្លៀងបង្អុរសម្រាប់ការដាំដុះដំណាំ ការហែសំពៅត្រៃលក្ខណ៍ពីសួនតេជោឈ្នះ ឈ្នះ ឬវេទិកាទៅដាក់ចុះក្នុងទឹកស្ទឹងសិរីសោភ័ណនាស្ពានថ្ម មាត់ស្ទឹងនៃសួនតេជោសន្តិភាព ការបណ្តែតប្រទីប អុចកាំជ្រួច បង្ហោះគោមនិងថ្លែងអំណរគុណ ជូនពរដល់គ្រប់គ្នាអោយបានសេចក្តីសុខ សេចក្តីចម្រើន៕