ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ក្រោយពីបែកធ្លាយរឿងអាស្រូវពុករលួយយកលុយគេឲ្យចូលក្របខ័ណនគរបាលជាតិកាលពីដើមឆ្នាំ២០២៤ មកទល់ដើមខែវិច្ឆិកាឆ្នាំ២០២៤ នេះ ទើបមានតម្រុយថា ស្នងការដ្ឋាននិងថ្នាក់លើពិតជាបាននឹងកំពុងស្នើដកហូតតំណែងលោកផ្កាយ១វ័យក្មេង លោកសម្បត្តិ កុសល ជាស្នងការរងម្នាក់នៃនគរបាលខេត្តបន្ទាយមានជ័យ ។
ការស្នើដកនេះ បន្ទាប់ពីមានផ្ទុះរឿងមិនប្រក្រតីថ្មីផ្សេងទៀត កាលពីថ្មីៗនេះ ។ នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបង្ហើបប្រាប់់សារព័ត៌មានកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤ ។
ប្រភពខាងលើបានឲ្យដឹងថា៖ ករណីបែកធ្លាយសំឡេងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យកាលពីចុងខែមីនាឆ្នាំ២០២៤ ដែលថា លោកបានរត់ការមនុស្សចូលក្របខ័ណនគរបាលជាតិក្នុងម្នាក់ៗតម្លៃដល់ទៅដល់រាប់ម៉ឺនដុល្លារ កន្លងមកត្រូវបានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយខ្លឹមសារ សារសំឡេងនិងរូបថត។
ទាំងលោកផ្កាយ១ សម្បត្តិ កុសល ទាំង លោកស្រី រ៉ាំង ភីរម្យ ជាភរិយា សុទ្ធតែបន្ទរគ្នាស្មើដៃ ធ្វើម៉ាឃីតធីងទីង(Marketing) ជ្រែនិងផ្សាយឃោសនាទាក់ទាញម៉ូយឲ្យចូលក្របខ័ណប៉ូលិស។
ក្នុងនោះ ប្រពន្ធបានបញ្ចេញអំនួតថា ប្តីខ្លួន មានសមត្ថភាពប៉ុនណា អាចដឹងហើយ ? ទើបអាយុ៣៨ឆ្នាំសោះតែបានឡើងផ្កាយ១ គឺវ័យក្មេងជាងគេក្នុងចំណោមស្នងការរងដទៃទៀតនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ស្នងការរងផ្សេង យ៉ាងតិចក៏អាយុ៥០ឆ្នាំដែរ ទើបបានផ្កាយ១។
អ៊ីចឹងសូម(ម៉ូយ) រួសរាន់ចូលប៉ូលិសទៅ ។ ធ្វើប៉ូលិសល្អ មានអំណាច ងាយរកកន្លែងល្អៗ ឬក៏ចង់ដូរទៅក្របខ័ណផ្សេងក៏បាន។ ហើយចូលតាមប្តីរបស់ខ្លួន លឿនជាងគេហ្មង បានក្របខ័ណ។
លោកស្រីរ៉ាំង ភីរម្យ បាននិយាយក្នុងសារសំឡេងនោះទៀតថា : ជាក់ស្តែងកន្លងមកនេះ ប្តីខ្លួនរត់ការចូលក្របខ័ណនគរបាលជាតិឲ្យបងប្អូនម្នាក់នៅបន្ទាយមានជ័យនិងម្នាក់ទៀតនៅស្រុកម៉ាឡៃ។
ចំណែកសារសំឡេងលោកសម្បត្តិ កុសល វិញក៏មានអំនួតដែរថា : បើចូលក្របខ័ណតាមខ្លួនវារាងថ្លៃ ពី២០ក្រាស់ទៅ៣០(ជាង២ម៉ឺនដុល្លារទៅ៣ម៉ឺនដុល្លារអាមេរិក)ក្នុងម្នាក់ៗ ។
បើចង់បានធូរថ្លៃ ទាល់តែប៉ះអ្នកបោក ។ បើខ្ញុំ ហ្សីនៗហ្មង គឺមួយដឹងមួយ។យកលុយគេ ធ្វើការគេអត់បាន រឿងរ៉ាវច្រើនណាស់ ។
សំឡេងនោះបានបន្តថា: បើអត់សញ្ញាបត្របាក់ឌុបទេ លោកក៏អាចឲ្យគេធ្វើបានដែរ តែត្រូវអស់លុយជាង១០០០ដុល្លារ ។
កន្លងមកលោកបានធ្វើឲ្យកូនមិត្តភក្តិម្នាក់មានបាក់ឌុប ។ មានបាក់ឌុបចូលបានស័ក្តិ១ តែម្តង។
សំឡេងនោះបានបន្តថា: បើនៅប៉ោយប៉ែតតំបន់សេដ្ឋកិច្ច កូនគេអ្នកមាន ចូលប៉ូលិស គេហ៊ានថ្លៃ៣ម៉ឺនដុល្លារឯណោះ ។
សូមរំលឹកដែរថា ក្រោយបែកធ្លាយសារសំឡេងនោះ សារព័ត៌មានក៏បានចុះផ្សាយនិងបណ្តាញសង្គមបានស៊ែរ ផ្សព្វផ្សាយបន្តព្រោងព្រាតដោយភ្ជាប់ទៅរឿងលោកសម្បត្តិ កុសល ។
លោកក៏ជាអតីតអធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី បានប្រព្រឹត្តហិង្សា បាញ់បោះសេរី ប្រើអំណាចគំរាមលើកូនចៅនៅស្រុកតាវែង ហើយកូនចៅរងគ្រោះទ្រាំមិនបាន ក៏ប្តឹងទៅស្នងការដ្ឋានខេត្តរតនគិរី អគ្គស្នងការដ្ឋាននិងក្រសួងមហាផ្ទៃឲ្យដកបញ្ឈរជើង ។
ប៉ុន្តែ រយ:ពេលសឹងមិនដល់១ដង្ហើមចង្រិតផង ស្រាប់តែឃើញលេចមុខលោកសម្បត្តិ កុសល ឡើងជាស្នងការរងម្នាក់នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ករណីនេះ អ្នកសារព័ត៌មានកាលពីថ្ងៃទី១០និង១១ខែវិច្ឆិកាឆ្នាំ២០២៤ បានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកផ្កាយ១ ប៉ូលិស លោកសម្បត្តិ កុសល និងលោកស្រីរ៉ាំង ភីរម្យ ជាភរិយា ប៉ុន្តែនៅមិនជោគជ័យឡើយ ។
សូមរំលឹកដែរថា ក្រោយការផ្សាយរបស់សារព័ត៌មាននានា ដល់ថ្ងៃទី២៩ មីនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា សូមជម្រាបជូនដល់ សាធារណជន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ថា: ហ្វេសប៊ុកផេក សារព័ត៌មានផ្សេងគ្នាបានផ្សាយវីដេអូព័ត៌មានតាមបណ្តាញសង្គម : នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦:៤៧នាទី ដោយសរសេរចំណងជើងថា “កន្លុះក្រាស់ណាស់តើ លោក សម្បត្តិ កុសល រឿងអាស្រូវតាំងពីនៅខេត្តរតនគិរី ឥឡូវរឿងពុករលួយនៅខេត្តបន្ទាយមានជ័យទៀត ក្រោយពីទទួលតំណែងជាស្នងការរង… “និងនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០២៤ វេលាម៉ោង១២:៤០នាទី ៨០នាទី ចំណងជើងថា” រឿងអាស្រូវពីខេត្តមួយដល់ខេត្តមួយទៀត តើជាកំហុសអ្នកណា? ហើយព័ត៌មានទាំងនេះ ត្រូវបានចែកចាយបន្តគ្នាតាមប្រព័ន្ធទំនាក់ទំនងសង្គមបន្ថែមទៀត ។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជម្រាបជូនដល់សាធារណជនជ្រាបថា៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល មានឋានៈជាស្នងការរងនៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យពិតប្រាកដមែន។
អ្នកនាំពាក្យ សូមបញ្ជាក់ជូនថា មកទល់ពេលនេះ សមត្ថកិច្ចជំនាញពុំទាន់ទទួលបានបណ្ដឹងពីជនរងគ្រោះណាមួយនៅឡើយទេ។
ប្រសិនបើមានហេតុការណ៍កើតឡើង ដូចការចុះផ្សាយពិតប្រាកដមែន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមស្នើសុំដល់បងប្អូនដែលជាជនរងគ្រោះ អញ្ជើញមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីឲ្យមានមូលដ្ឋានក្នុងការស្រាវជ្រាវ ។
គិតត្រឹមល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកយកព័ត៌មាន Cambodia Flash News នៅមិនទាន់ទទួលបានការបញ្ជាក់ឆ្លើយតបជាផ្លូវការណាមួយពីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងភរិយារបស់គាត់គឺលោកស្រីរ៉ាំង ភីរម្យ ជុំវិញការចោទប្រកាន់រឿងយកលុយចូលក្របខ័ណ្ឌនគរបាលជាតិដូចខាងលើនៅឡើយទេ៕