ព័ត៌មានជាតិ

ផូស៊ីលឈើដែលរកឃើញនៅភ្នំកងវ៉ាក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនោះមានអាយុកាលចាស់ជាងគេ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាននោះ ដឹកនាំដោយលោក លឹម វណ្ណាច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ។

ក្រុមនេះ បានរកឃើញផូស៊ីលកាលពីខែកញ្ញាឆ្នាំ២០២៤កន្លងមក  ហើយចំណាយពេលសិក្សា ស្រាវជ្រាវ វាយតម្លៃ រកការទទួលស្គាល់និងទើបចេញសេចក្តីសន្និដ្ឋានសង្ខេបនៅដើមខែវិច្ឆិកាឆ្នាំ២០២៤ នេះ ។

ការងារនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាននិងកិច្ចសហការពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ។

ក្រុមការងារបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែង នៅទីតាំងជើងភ្នំកងវ៉ានិងបានពិនិត្យឃើញថា មានវត្កមាននៃផូស៊ីលដើមឈើមួយចំនួន។ ក្រោយពីចុះសិក្សា ពិនិត្យទីតាំង ដោយផ្ទាល់ស្រទាប់ដីឬថ្មដែលបានរកឃើញផូស៊ីលឈើនោះក៏មាន ទំនាក់ទំនងជាមួយពពួកផូស៊ីលសត្វសមុទ្រ ក្នុងតំបន់នោះផងដែរ។

លោក លឹម វណ្ណាច័ន្ទ បានអោយដឹងថា : តាមរយៈការសិក្សាប្រៀបធៀប នេះ ផូស៊ីលឈើទាំងនោះអាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុង សម័យកាលពែម្យាង(Permian) ដែលមានអាយុចន្លោះពី២៥០ទៅ៣០០ លានឆ្នាំក្នុងស័កប៉ាឡេអូហ្សូអ៊ីក (Paleozoic)។

នេះជាផូស៊ីលឈើចាស់ជាងគេ ដែលក្រុមការងារសិក្សាផូស៊ីលបានរក ឃើញកន្លងមកនៅតាមតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។

ឯលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា : ក្រុមការងារនៃនាយកដ្ឋានតំបន់បេតិក ភណ្ឌនៃអគ្គសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ការសិក្សាស្រាវជ្រាវផូស៊ីលនៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ២០១៩កន្លងមក។

នៅខេត្តបន្ទាយមានជ័យនេះ ការស្រាវជ្រាវបានរកឃើញស្ថានីយផូស៊ីល ចំនួន១២ស្ថានីយ ។

ក្នុងនោះបានរកឃើញវត្តមានផូស៊ីល សត្វសមុទ្រ ខ្យង ផ្កាថ្ម លៀស … ក្នុងសម័យកាលPermian (252-299លានឆ្នាំ)។

បើតាមអ្នកនាំពាក្យរូបនេះ ការសិក្សាកន្លងមកនៅទីរួមខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅតំបន់បេតិភណ្ឌធម្មជាតិភ្នំបាក់ ភ្នំជញ្ជាំង ភ្នំស្វាយ ភ្នំកងវ៉ា ភ្នំខ្លាកូន ភ្នំដូងព្រះ ដែលទាំងអស់នោះ ជាស្ថានីយផូស៊ីលសត្វសមុទ្រដែលធំជាងគេនៅកម្ពុជា។

សូមរំលឹកថា ផូស៊ីលឈើត្រូវបានរកឃើញចំនួន១៤កន្លែង រួចមកហើយនៅកម្ពុជា ដូចជានៅក្នុងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុងនិងបន្ទាយមានជ័យ។

ការរកឃើញពីផូស៊ីល បានបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺស្អាត បៃតង និង ចីរភាព របស់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថាន សហការជាមួយដៃគូនិងអ្នកពាក់ព័ន្ធ ក្នុងបុព្វ ហេតុធនធានធម្មជាតិនិងបរិស្ថានរបស់កម្ពុជា៕