សេដ្ឋកិច្ច

វេជ្ជបណ្ឌិតសិង្ហបុរី ៖ជំងឺប្រព័ន្ធប្រសាទមានទំនាក់ទំនងជិតស្និទ្ធនឹងជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម

ដោយៈសិរីមតី
ភ្នំពេញ៖ ជំងឺដុំពកខួរក្បាល លៀនឌីសឆ្អឹងខ្នងនិងក បើរកឃើញដំណាក់កាលដំបូងវាងាយស្រួលព្យាបាលនិងព្យាបាលឆាប់ជាសះស្បើយបានឆាប់រហ័ស។នេះជាការលើកឡើងរបស់វេជ្ជបណ្ឌិតដ៏ល្បីល្បាញជនជាតិសិង្ហបុរីជំនាញខាងវះកាត់ប្រព័ន្ធប្រសាទ លោក ដេវីដ ឆយ គីម សឹង(Dr David Choy Kim Seng) មកពីមន្ទីរពេទ្យRaffles Hospital ប្រទេសសិង្ហបុរី។


ជាលើកទីមួយដែលបានចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៣របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នោះ លោក ដេវីដ ឆយ បានមានប្រសាសន៍ថា៖ជំងឺដុំពកខួរក្បាល កើតមាននៅប្រទេសកម្ពុជាច្រើនករណី តែអ្នកជំងឺទម្រាំរកឃើញគឺឈានដល់ដំណាក់កាលចុងក្រោយដែលជាដំណាក់កាលធ្ងន់ធ្ងរ។អ្នកជំងឺមិនបានទៅពេទ្យពិនិត្យពីដំបូង ដល់ពេលមកជួបពេទ្យដុំពកឡើងធំទៅហើយ។


ជាអ្នកឯកទេសខាងវះកាត់ប្រព័ន្ធប្រសាទជាងពីរទស្សវត្សរ៍ លោកវេជ្ជបណ្ឌិត ឆយ បានឱ្យដឹងទៀតថា៖ នៅពេលដុំពកក្នុងខួរក្បាលឡើងធំ វាពិបាក់ និងស្មុគស្មាញក្នុងការវះកាត់ ។ការវះកាត់ត្រូវចំណាយពេលច្រើនម៉ោងព្រោះខួរក្បាលទន់ ងាយរងរបួសពេលវះកាត់ព្រោះមានសរសៃឈាមច្រើន បើថ្លោះធ្លោយតែបន្តិចនឹងមានគ្រោះថ្នាក់។


ចំណែកជំងឺលៀនឌីស ឆ្អឹងខ្នង និងក វិញ ការវះកាត់ទាមទារឱ្យមានជំនាញច្បាស់លាស់ខ្លាំងព្រោះមានសរសៃប្រាសាទតូចៗច្រើន។

លោកបានបញ្ជាក់ថា៖«ដើម្បីបង្ការជំងឺទាំងនេះ ត្រូវរស់ឱ្យមានសុខភាពល្អ តាមរយៈការហូបចុកត្រឹមត្រូវ ហាត់ប្រាណ ដេកឱ្យបានគ្រប់គ្រាន់ ត្រូវចេះគ្រប់គ្រងភាពតានតឹង កុំជក់បារី កុំហូបស្រាច្រើនជ្រុល ហើយត្រូវពិនិត្យសុខភាពជាប្រចាំ ដឹងថាកើតមានជំងឺនេះពីដំបូង ត្រូវទៅជួបពេទ្យ»។
លោកវេជ្ជបណ្ឌិត ដេវីដ ឆយ គីមសឹង បានបញ្ជាក់ថា៖«ប្រព័ន្ធប្រសាទមានទំនាក់ទំនងជិតស្និទ្ធនឹងជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងឡើងខ្លាញ់ ព្រោះជំងឺទាំងនេះបណ្តាលឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង»។


ជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនអន្ដរជាតិជាច្រើនរូបទៀតមកចែករំលែកបទពិសោធន៍ក្នុងសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញ កម្ពុជា លោកវេជ្ជបណ្ឌិត David Choy បានថ្លែងថា៖បញ្ហាជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយ ដែលពិភពលោកមានការព្រួយបារម្ដយ៉ាងខ្លាំង។រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ។ ជាពិសេសលោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ជាការពិតណាស់ពេលជំងឺទឹកនោមវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរទៅៗ វានឹងគំរាមគំហែងនូវជំងឺផ្សេងៗ ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល កើតជំងឺស្ដ្រូក និងគាំងបេះដូង។ សន្និសីទនេះ ជាការស្វែងរកគន្លឹះរួម ទាំងការប្រើប្រាស់ឱសថ និងការព្យាបាលប្រកបដោយប្រសិទ្ធ និងទាន់ពេលវេលា។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទលោកសាស្ដ្រាចា្ររ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ប្រទេសរីកចម្រើន ជំងឺទឹកនោមផ្អែមក៏កើនលឿនទៅតាមនោះដែរ បើសិនជារបបអាហារប្រចាំថ្ងៃមិនបានត្រឹមត្រូវ។ ដូច្នេះហើយ របៀបរស់នៅប្រចាំថ្ងៃ (Lifestyle) គឺសំខាន់ណាស់ មានការហាត់ប្រាណ ពិសារអាហារឱ្យបានត្រឹមត្រូវ កុំពិសារភេសជ្ជៈណា ឱ្យឆាប់កើតជំងឺទឹកនោមផ្អែម នោះវាអាចការពារបាននៃការឈានទៅរកជំងឺទឹកនោមផ្អែម រហូតដល់ទៅ ៦០%។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានលើកឡើង៖«ថា បញ្ហាទឹកនោមផ្អែម ជាបញ្ហាធំសម្រាប់នៅកម្ពុជា ហើយជាបញ្ហាសុខភាពសាធារណៈដ៏ធំ មិនត្រឹមតែនៅកម្ពុជានោះទេ គឺនៅលើសកលលោក ដូច្នេះយើងត្រូវតែផ្ដោតអារម្មណ៍ទៅការការពារជំងឺទឹកនោមផ្អែមនេះ»។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានជំរុញលើកទឹកចិត្ដដល់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែមនិងក្រពេញកម្ពុជាត្រូវមានកិច្ចសហការនៅក្នុងសង្គមទាំងមូល ទាំងគ្រូពេទ្យ និងសាធារណៈជន រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតទាំងរដ្ឋ និងឯកជន ឱ្យយល់ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងលើកកម្ពស់ការមើលថែជំងឺទឹកនោមផ្អែម ពិសេសបង្កើនការផ្សព្វផ្សាយអប់រំទៅដល់បណ្តុំមនុស្ស សាលារៀន រោងចក្រ និងសហគមន៍ជាដើម ដើម្បីកាត់បន្ថយអត្រាអ្នកកើត និងស្លាប់ ដោយជំងឺទឹកនោមផ្អែមទៅអនាគត»៕