ដោយ : ប.ជ័យ
បន្ទាយមានជ័យ៖ពលរដ្ឋ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញនានាក្នុងការបំភ្លឺដោយឡែកពីគ្នា ហើយបានឲ្យសារព័ត៌មានដឹងថា៖ សត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ស្ថិតនៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានហួសសុពលភាពធ្វើអាជីវកម្មស្របច្បាប់យូរហើយ ហើយបង្កប៉ះពាល់ខ្លាំងដោយខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាននិងលើមនុស្សរស់នៅជុំវិញ ហើយអ្នកវិនិយោគនេះពុំបានគោរព អនុវត្តនិងកែលម្អតាមកិច្ចសន្យាឬការណែនាំរបស់ជំនាញនិងអាជ្ញាធរឡើយ ។ហេតុនេះ មានតែបញ្ឈប់ជាស្ថាពលើអាជីវកម្ម ហើយប្រគល់ដីរដ្ឋ ទីកន្លែងទំហំ២០ម៉ែត្រគុណ២០ម៉ែត្រនោះជូនជាទ្រព្យសម្បត្តិរដ្ឋវិញ។
ឯម្ចាស់សត្តឃាតដ្ឋាននេះបានបំភ្លឺប្រាប់សារព័ត៌មានកាលពីថ្ងៃទី០៣ខែវិច្ឆិកាថាខ្លួនធ្លាប់សុំប្តូរទីតាំងតាំងពីយូរមកហើយ ប៉ុន្តែថ្នាក់លើនិងថ្នាក់ក្រោម មិនទទួលយកសំណើខ្លួន ។
ប្រជាពលរដ្ឋរស់នៅម្តុំនោះ បានប្រាប់សារព័ត៌មានកាលពីថ្ងៃទី០៣ខែវិច្ឆិកាថា : ពួកខ្លួនរាប់សិបគ្រួសារបានរស់នៅ ស្នាក់នៅដោយរងផលប៉ះពាល់បរិស្ថាន និងសុខភាព ក្រោមការជះក្លិនស្អុយ ឆ្អេះឆ្អាប សំឡេងរំខាន និងកាកសំណល់ដែលគ្មានអនាម័យឬទុកដាក់សមស្របបង្កឡើងដោយសត្តឃាតដ្ឋានសត្វជ្រូក នៃក្រុមហ៊ុននាងខត្តីយឯក Neang Khatey Co.,Ltd របស់លោកផាន់ ដារ៉ារឹទ្ធិ នៅផ្លូវវត្តថ្មី នៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតនេះ ។
ចំណែកលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតប្រាប់សារព័ត៌មានដែរថា: អាជ្ញាធរដែនដីមូលដ្ឋានទទួលបណ្តឹងនិងការត្អូញត្អែររហូតមកជាយូរហើយរបស់ប្រជាពលរដ្ឋនៅម្តុំនោះ ពីការបង្កបញ្ហាដោយសត្តឃាតដ្ឋានសត្វជ្រូក ផាន់ ដារ៉ារឹទ្ធិ នេះ។គឺដូចជាផលប៉ះពាល់លើសុខភាព អនាម័យនិងបរិស្ថាន ។ចំណែកអាជ្ញាធរនិងជំនាញវិញ ត្រូវចំណាយពេល កម្លាំងនិងថវិកាជាច្រើនទៅបូមនិងកាយកាកសំណល់រឹងរាវពីក្នុងលូដែលសត្តឃាតដ្ឋានទម្លាក់ចូលទាំងស្រុងរាល់ថ្ងៃ ។
ករណីនេះដែរ ជំនាញពេទ្យខេត្តនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានអោយដឹងថា: កន្លងមកថ្មីៗនេះ ការិយាល័យបានបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យនិងវាយតម្លៃសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិនេះ នៅភូមិបាលីលេយ្យ២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ហើយរឃើញថា ទី១-សត្តឃាតដ្ឋានមានទីតាំងខាងលើហួសសុពលភាព។ [ ក្រសួងកសិកម្ម អនុញ្ញាតគោលការណ៍និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិកម្មសត្វ អនុញ្ញាតបន្តសុពលភាព៥ឆ្នាំ គិតពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤។
ចំណែកឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតច្បាប់វិនិយោគពីថ្ងៃទី០១ខែមករាឆ្នាំ២០០៩ ដល់៣១ខែធ្នូឆ្នាំ២០១៣ ]។
ទី២-ទីតាំងនៅកណ្តាលទីប្រជុំជន មិនអាចធ្វើអាជីវកម្មបានទៀតទេ។
ទី៣- ខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាននិងមនុស្សរស់នៅជុំវិញ ។
គឺផ្ទុយនឹងលក្ខខណ្ឌក្នុងអនុក្រឹត្យលេខ១០៨ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាននិងការត្រួតពិនិត្យអនាម័យសត្វ ។ដូច្នេះ ស្នើសុំបញ្ឈប់ស្ថាពរលើអាជីវកម្មសត្តឃាតដ្ឋានជ្រូក ប្រភេទ”ក”នេះ ។
រីឯរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ បានចាត់តាំងលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តអោយដឹកនាំប្រជុំនៅសាលាខេត្តនិងចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋានផាន់ ដារ៉ារឹទ្ធិ ដែលជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះ ។
សមាសភាពចូលរួមមាននាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរដែនដី សមត្ថកិច្ច ព្រមទាំងលោកផាន់ ដារ៉ារឹទ្ធិ ផងដែរ គឺដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីទីតាំងដែលជាទ្រព្យសម្បត្តិរដ្ឋនិងការបង់ថវិកាតាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក ។
លោកផាន់ ដារ៉ារឺទ្ធិ មានឈ្មោះជាម្ចាស់សត្តឃាតដ្ឋានជ្រូក ផាន់ ដារ៉ារឹទ្ធិ ដូចខាងលើបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤ ថា: ករណីអាជីវកម្មនេះ ឱ្យបន្តសុពលភាពឬមិនឱ្យគឺស្ថិតនៅលើជំនាញនោះឯង ។ដូចជាកន្លងមកដើម្បីកុំឱ្យមានប៉ះពាល់ដល់បរិស្ថាន អនាម័យនិងអ្នករស់នៅម្តុំនោះភាគីលោក បានស្នើសុំដ៏ទទូចប្តូរទីតាំងនេះទៅកន្លែងថ្មី ។ ប៉ុន្តែជំនាញមិនព្រមឡើយ ។
លោកបានបន្តថា : ជាក់ស្តែងសត្តឃាតដ្ឋាននេះមានឈ្មោះលោកមែន ប៉ុន្តែមកទល់ពេលនេះ អ្នកគ្រប់គ្រងនិងធ្វើអាជីវកម្មគឺអ្នកស្រីវុន យីហ៊ុបឯណោះទេ (ភរិយាចុងរបស់ឪពុកលោក) ។
លោកផាន់ ដារ៉ារឹទ្ធិ បានបញ្ជាក់ថា: ករណីសត្តឃាតដ្ឋានជ្រូកនេះ(មានទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ ) តាមពិតជាដីកម្មសិទ្ធិឯកជន មានប័ណ្ណសម្គាល់អចលវត្ថុឈ្មោះលោក ។ វាមិនមែនជាទ្រព្យសម្បត្តិរដ្ឋដូចមន្ត្រីនៅមូលដ្ឋានប៉ាន់ស្មាននោះឡើយ ។
ទាក់ទិននឹងការប្រជុំដោះស្រាយនិងការចុះពិនិត្យទីតាំង ដែលមានឈ្មោះលោកនោះ លោកថាលោកមិនដែលបានដឹងនិងមិនត្រូវអនុញ្ញាតអោយចូលរួមឡើយឬអាចថាគេពង្វាងលោករហូត៕