ព័ត៌មានជាតិ

ក្រសួងអប់រំលួងចិត្តឲ្យបេក្ខនារីវ័យចាស់ជាងគេអាចប្រឡងបាក់បាក់ឌុបនៅឆ្នាំក្រោយទៀត បើទោះបីជាប្រឡងលើកណាក៏ធ្លាក់

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ក្រសួងអប់រំ យុវជននិងកីឡា ក្នុងទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤ បានចេញមកថ្លែងថា : “(ក្រសួង) សូមចូលរួមសោកស្តាយ ចំពោះមីង ហែម ស៊ីណាត ដែលទទួលលទ្ធផលមិនល្អទៀតហើយ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ(២០២៤)” ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក្នុងហ្វេសប៊ុកក្រសួងបានថ្លែងបន្តថា:” ខ្ញុំសូមជូនពរមីង ប្រឡងជាប់នៅឆ្នាំក្រោយ។ អ្នកមីង មានវ័យ ៥៨ឆ្នាំ គឺជាបេក្ខជនដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមបេក្ខជនជាង១៣ម៉ឺននាក់ ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤”។

សូមរំលឹកថា ការប្រកាសលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ បានចេញសម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាលកាលពីថ្ងៃទី៣០ខែតុលា ។ឯសម្រាប់ខេត្ត២៣ ទៀតបានចេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។

នៅខេត្តបន្ទាយមានជ័យមានបេក្ខជនមកប្រឡង ៦.១១៧នាក់/ស្រី៣.៥១៥នាក់ ជាប់ ៤.៨៣៩នាក់/ស្រី២.៩៤៨នាក់ ។ក្នុងនោះ បេក្ខជនចំណេះទូទៅ ៤.២៣៤នាក់ / ស្រី ២.៦១១នាក់ ,បេក្ខជនស្វ័រិនចំណេះទូទៅ (ស្វរ ចទ) ៤៩៥នាក់ /ស្រី ៣០៨នាក់ និងបេក្ខជនបំពេញវិជ្ជា(បំ វិ) ១១០នាក់/ស្រី២៩នាក់ ។ មណ្ឌលប្រឡងចំនួន៨ ស្ថិតនៅក្រុងសិរីសោភ័ណ, បន្ទប់សរុបចំនួន១៧៦បន្ទប់ ។

ចំពោះបេក្ខនារីវ័យចំណាស់ជាងគេរូបនេះ ជាបេក្ខជនស្វៃរិនចំណេះទូទៅនិងបំពេញវិជ្ជាមកប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គមនៅមណ្ដលប្រឡងសំណេរសាកលវិទ្យាល័យជាតិមានជ័យ ។

បេក្ខនារី បានមកប្រឡងបាក់ឌុបជាលើកទី១ នាឆ្នាំ២០២២ និងលើកទី២ នៅឆ្នាំ២០២៣ ប៉ុន្តែលទ្ធផលធ្លាក់។ដល់ឆ្នាំ២០២៤ បានមកប្រឡងលើកទី៣ លទ្ធផលធ្លាក់ជាលើកទី៣ ។

បេក្ខនារីរូបនេះ គឺអ្នកគ្រូ ហែម ស៊ីណាត ជាគ្រូអក្ខរកម្ម អាយុ៥៨ឆ្នាំ មានលំនៅនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

អ្នកស្រីអោយដឹងកាលពីថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៤ ថា: អ្នកស្រីមិនទាន់គិតថា នឹងប្រឡងជាលើកទី៤ នៅឆ្នាំ២០២៥ ទៀតឬយ៉ាងណានៅឡើយទេ ព្រោះវ័យក៏កាន់តែចាស់ ហើយ(កម្លាំងប្រាជ្ញាឬការចេះចងចាំក៏កាន់តែចុះខ្សោយ ។ ឯកម្លាំងកាយ ក៏ចុះដែរ ពោលគឺនៅសល់តែកម្លាំងចិត្តនិងការលើកទឹកចិត្តប៉ុណ្ណោះ ។

សូមរំលឹកដែរថា ក្រសួងអប់រំ យុជននិងកីឡាកាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ បានលើកទឹកចិត្តដល់បេក្ខនារីនេះផងដែរដោយបញ្ជាក់ថា :”អាយុមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍន៍ចំណេះដឹងឡើយ” ។ប៉ុន្តែលទ្ធផលប្រឡងកាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២២ បេក្ខនារីនេះ បានធ្លាក់ ។គួរអោយស្តាយ ។

បេក្ខនារីហែម ស៊ីណាត ធ្លាប់បានប្រាប់ថា : គាត់សង្ឃឹមថានឹងជាប់ ព្រោះបានមករៀនជាប់លាប់ដែរនៅថ្នាក់បំពេញវិជ្ជាដែរ។ ប៉ុន្តែ ពេលធ្វើវិញ្ញាសាមុខវិជ្ជានានា ប៉ុន្តែជាក់ស្តែង គាត់អាចធ្វើចម្លើយបាន តែមិនពេញលេញទៅទៀត តែលើវិញ្ញាសារសីលធម័ ពលរដ្ឋ ,ប្រវត្តិវិទ្យា ,ផែនដីវិទ្យា ,ភាសាខ្មែរប៉ុណ្ណោះ ។ ឯវិញ្ញាសារឯទៀត ធ្វើមិនកើតទេ ។ ពោលគឺសឹងតែមិនបានពិន្ទុបូកឡើយ ។ នេះជាផលវិបាក ហើយមិនអាចដោះស្រាយបាន ។

កាលពីឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់កម្លាំងចិត្តនិងផ្តល់ឧបត្ថម្ភលួងចិត្តនូវថវិកាចំនួន១០លានរៀលដល់អ្នកស្រីហែម ស៊ីណាត ។
ចំណែកមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានលួងចិត្តអ្នកស្រី ដោយផ្តល់អោយអ្នកស្រីបន្តធ្វើគ្រូអក្ខរកម្មអស់មួយជីវិត បើសិនជានៅមានសិស្សរៀន ហើយក្រសួងអប់រំនៅរក្សាថ្នាក់អក្ខរកម្ម។

អ្នកគ្រូរៀនបានជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត ។ ហើយចំណាកស្រុកទៅរស់នៅភូមិពាក់ស្បែកស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីឆ្នាំ១៩៨៥ ហើយបន្តទៅរស់នៅភូមិថ្មរមៀលខាងកើតឃុំបន្ទាយឆ្មារស្រុកថ្មពួក នាឆ្នាំ២០០៨ ។

នៅឆ្នាំ២០១៨ អ្នកគ្រូបានចាប់ផ្តើមទទួលបានពីការិយាល័យអប់រំក្រៅប្រព័ន្ធអោយធ្វើជាគ្រូបង្រៀនអក្ចរកម្មនៅភូមិ។ពេលនោះដែរ អ្នកគ្រូក៏បន្តទៅរៀនបំពេញវិជ្ជាថ្នាក់ទី១០,១១និង១២ ។

អ្នកគ្រូធ្លាប់បានដាក់ពាក្យចូលរៀនបន្តទៀតលើ២ គោលដៅទី១ ចុះឈ្មោះចូលរៀនត្រួតថ្នាក់ទី១២ បំពេញវិជ្ជានិងទី២ -ដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្ររងមុខវិជ្ជាអក្សរសាស្ត្រខ្មែរនិងគណិតវិទ្យានៅសាកលវិទ្យាល័យជាតិមានជ័យ នាចុងសប្តាហ៍(ថ្ងៃសៅរ៍ -អាទិត្យ )។

ចុងក្រោយទោះវ័យចំណាស់.ជរាបែបនេះក្តី ក៏អ្នកគ្រូនៅតែចិញ្ចឹមចិត្តចង់បានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនេះ ដោយថា ទាល់តែបានទើបស្លាប់ទៅបិទភ្នែកជិត ៕