ដោយៈសិរីមតី
ភ្នំពេញ៖ ដូចរាល់ឆ្នាំដែរ ព្រះមហាក្សត្រថៃទ្រង់ព្រះរាជទានដល់ក្រសួងការបរទេសដង្ហែកឋិនទានមក ព្រះរាជាណាចក្រកម្ពុជាហើយកឋិនឆ្នាំនេះ បានដង្ហែមកវត្តស្វាយពពែ ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKOR) អតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញជាប្រធានក្នុងពិធីបុណ្យកឋិនព្រះរាជទាន ដោយព្រះមហាក្សត្រថៃទ្រង់ព្រះរាជទានដល់ក្រសួងការបរទេសដង្ហែមកប្រគេនវត្តស្វាយពពែ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តស្វាយពពែជាប្រធានគណៈសង្ឃភាគីកម្ពុជា។
លោកស្រី អេកអន ឃុណាចារ៉ើន ភារធារីស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មន្រ្តីរាជការថៃ ស្ថានកុងស៊ុលខេត្តសៀមរាប ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ប្រជាជនថៃនៅកម្ពុជាបានចូលរួមកម្មវិធីបុណ្យកឋិនព្រះរាជទាន។ លើសពីនេះមានភ្ញៀវកិត្តិយសរបស់កម្ពុជាមាន ឯកឧត្តម ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមទាំងពុទ្ធបរិស័ទជនជាតិខ្មែរនិងថៃ។
ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានរៀបចំពិធីសូត្រមន្តកឋិនព្រះរាជទានតាមប្រពៃណី កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវត្តស្វាយពពែ ដោយមានសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី ជាព្រះប្រធានគណៈសង្ឃធ្វើការប្រារព្ធពិធីបែបពុទ្ធសាសនា និងការគោរពបូជាដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសថៃ មន្រ្តីស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ស្ថានកុងស៊ុល និងប្រជាជនថៃនៅកម្ពុជា។
កឋិនព្រះរាជទានក្នុងឆ្នាំនេះ បានទទួលបច្ច័យព្រះរាជទានពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃឡង់ដ៍ចំនួន ១,១៨៨ ដុល្លារ បច្ច័យចូលបុណ្យពីញ្ញាតិញោមពុទ្ធបរិស័ទថៃនៅក្នុងកម្ពុជានិងពុទ្ធបរិស័ទកម្ពុជាចំនួន ៦,៤៥៥ ដុល្លារ និង ៤,៦៤០,០០០ រៀល និង ២,០០០ បាត។
បច្ច័យចូលបុណ្យពីពុទ្ធបរិស័ទដែលជាមន្ត្រីបម្រើការនៅក្រសួងការបរទេសរបស់ថៃចំនួន ១៤,៧៦១ ដុល្លារ រួមបច្ច័យសង្កត់ត្រៃសរុប ២២,៤០៤ ដុល្លារ និង៤,៦៤០,០០០ រៀល និង២,០០០បាត គិតជាលុយថៃប្រហែលជា ៧៩៣,៦៤១បាត។
ក្រសួងការបរទេសថៃបានដង្ហែកឋិនព្រះរាជទានទៅប្រគេនដល់វត្តអារាមរបស់ព្រះពុទ្ធសាសនានៅក្រៅប្រទេសផ្សេងៗ ជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះការដង្ហែកឋិនព្រះរាជទានទៅកាន់វត្តក្រៅប្រទេសដើម្បីអបអរសាទរព្រះមហាក្សត្រថៃ នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៦ ជុំ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់ប្រទេសកម្ពុជាគឺបានទទួលកឋិនព្រះរាជទានលើកទីមួយកាលពីឆ្នាំ១៩៩៥ ហើយបានបន្តរៀបចំជារៀងរាល់ឆ្នាំ នេះជាលើកទី២៤ ដោយមានឆ្លាស់គ្នារវាងគណៈមហានិកាយនិងគណៈធម្មយុត្តិកនិកាយ។ សម្រាប់ឆ្នាំនេះ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយបានផ្តល់ឱវាទប្រគល់វត្តស្វាយពពែក្នុងការដង្ហែអង្គកឋិនព្រះរាជទានឆ្នាំ២០២៤។
ពិធីបុណ្យកឋិនព្រះរាជទានឆ្នាំ២០២៤ នាវត្តស្វាយពពែបានប្រព្រឹត្តដោយយ៉ាងរលូននិងសាកសមនឹងព្រះកិត្តិយស។ ពុទ្ធបរិស័ទប្រៀបដូចជាការបង្រួមបង្រួមប្រជាជននៃប្រទេសទាំងពីរ និងជាប្រយោជន៍ចំពោះទំនាក់ទំនងក្នុងកម្រិតប្រជាជនអោយកាន់តែស្អិតរមួតនិងជិតស្និតគ្នាបន្ថែមទៀត៕