ដោយ៖ គង់ហេង
កំពង់ចាម៖ បុណ្យកឋិនទានសាមគ្គីដែលបានផ្តួចផ្តើមចលនា ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានថវិកាជាង ៧ម៉ឺន ដុល្លារ ដើម្បីចូលរួមស្ថាបនាវិហារថ្មីវត្តសុទស្សនារាម ហៅវត្តជ្រោយថ្ម ដែលមានកម្ពស់ពីរជាន់ និងគ្រោងចំណាយថវិកាប្រមាណជាង មួយលានដុល្លារអាមេរិក។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ នៅក្នុងពិធីវេរប្រគេនបច្ច័យដែលទទួលបានពីបុណ្យកឋិនទានសាមគ្គី នៅវត្តជ្រោយថ្មកាលពីព្រឹកថ្ងៃទី ២ វិច្ឆិកាថា៖ កន្លងមកព្រះជាចៅអធិការវត្តជ្រោយថ្មបានបិណ្ឌបាតដល់រដ្ឋបាលខេត្តដោយស្នើសុំឱ្យសរុបនូវពិធីបុណ្យ ក្នុងចលនានូវបច្ច័យដើម្បីកសាង គឺស្ថាបនាវិហារថ្មី។ ដោយវិហារសព្វថ្ងៃមានអាយុកាលយូរ លង់ណាស់មកហើយ បណ្តាលឱ្យមានការចាស់ទ្រុឌទ្រោម។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ ក្នុងនោះតាមគម្រោងរូបគំនូនៃប្លង់ គឺជាវិហារត្រូវសាងសង់កម្ពស់ពីរជាន់ ដែលត្រូវការបច្ច័យជាថវិកាមួយលាន ១៨ម៉ឺន ដុល្លារអាមេរិក។ បើគិតជាមួយម៉ែត្រការ៉េតម្លៃ ៣៨០ ដុល្លារ។ ប៉ុន្តែខាងព្រះអង្គជាចៅអធិការវត្តជ្រោយថ្មមានបច្ច័យខ្លះហើយ ដូចនេះខាងរដ្ឋបាលខេត្តលោកយាយលោកតា យើងចូលរួមគ្នាម្នាក់បន្តិចៗ នឹងទទួលបានវិហារដ៏ប្រណិតខ្ពស់ត្រដែត ជាប់នឹងមាត់ទន្លេមេគង្គ ដែលជាការលើកកម្ពស់សោភណ្ឌភាពក្រុងកំពង់ចាមរបស់យើង។
ឯកឧត្តមបានបន្ថែមថា៖ ជាពិសេសមិនត្រឹមតែជាការលើកស្ទួយផ្នែកព្រះពុទ្ធសាសនាប៉ុណ្ណោះទេ គឺជួយលើកកម្ពស់សោភណ្ឌភាពក្រុង ទាក់ទាញវិស័យទេសចរណ៍ផ្នែកអាណាចក្របន្ថែមទៀតផង។
ឯកឧត្តមបានបន្តថា៖ ហេតុនេះឯកឧត្តមសូមយកឱកាសនេះចលនាបន្ថែមទៀត តាមសុទ្ធាច្រាស់ថ្លារបស់ញាតិញូម ពុទ្ធបរិសត ពុកម៉ែ បងប្អូន។ ដោយសំឡឹងមើលគិតជាមួយម៉ែត្រការ៉េចំនួន ៣៨០ ដុល្លារ។ ចំណែកការដឹកនាំរបស់ឯកឧត្តមក្នុងការធ្វើបុ ណ្យសាមគ្គីនាថ្ងៃទី ២ វិច្ឆិកានេះក៏ទទួលបានបច្ច័យមួយផ្នែកដែរ គឺទទួលបានបច្ច័យសរុបចំនួនជាង ៧ម៉ឺន ដុល្លារ៕