សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៨នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធីករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ភាន់ សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១២នាក់ ស្តីពីករណីលួចម៉ូតូដោយប្រើហិង្សា ប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ក្រោយពីទទួលបានបណ្ដឹង កម្លាំងការិយាល័យជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានថាពួកគេគេចខ្លួនទៅក្រុងប៉ោយប៉ែត។

រហូតដល់វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន០៨នាក់ ក្នុងចំណោមបក្ខពួក១០នាក់ រួមមាន៖  ១-ឈ្មោះរុន ញឹង(ដា) ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះសាទ វីរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ  ,៣-ឈ្មោះហុង លីហួរ (ហួរ ជ័រ) ភេទប្រុស អាយុ១៦ឆ្នាំ ,៤-ឈ្មោះជា  គាន់(ថេត ,ណូជ័រ) ភេទប្រុស អាយុ១៧ឆ្នាំ ,៥-ឈ្មោះសោភា ដារិទ្ធ(ស្វេក)ភេទប្រុស អាយុ១៧ឆ្នាំ ,៦-ឈ្មោះគាម សល់(សីហា) ភេទប្រុស អាយុ១៩ឆ្នាំ ,៧-ឈ្មោះញ៉ែម គឹមឈាន់ ភេទប្រុស អាយុ១៥ឆ្នាំ ,៨-ឈ្មោះសំអ៊ុន សេងលី ភេទប្រុស អាយុ១៨ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងដែលប្រព្រឹត្តបទល្មើស ម៉ូតូ៥គ្រឿង ,ទូរសព្ទ ២គ្រឿង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធករណីវាយទៅលើជនរងគ្រោះ ហើយយកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួនពិតមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា៖ ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។ចំណែកវត្ថុតាងម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ៕