សន្ដិសុខសង្គម

មិនទាន់រកឃើញរថយន្តគ្មានភ្លើងស្តុបក្រោយដែលបណ្តាលឱ្យមន្រ្តីយោធាម្នាក់ជិះម៉ូតូបុកពីខាងក្រោយស្លាប់

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ រយៈពេលពីរថ្ងៃហើយខាងសមត្ថកិច្ចនៅមិនទាន់ប្រកាសរកឃើញរថយន្តធុនធំមួយគ្រឿងបើកបរលើផ្លូវសាធារណៈ គ្មានបំពាក់ភ្លើងស្តុបខាងក្រោយ ដែលបណ្តាលមន្រ្តីយោធាម្នាក់ជិះម៉ូតូបុកពីខាងក្រោយបាត់បង់ជីវិតនៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៤-២១៥ ស្ថិតក្នុងភូមិដួងទី១ ឃុំត្រមួង ស្រុកមេមត់ កាលពីម៉ោងជិត៧យប់ថ្ងៃទី ២៨ តុលាកន្លងទៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះមន្រ្តីយោធាដែលបានស្លាប់នៅនឹងកន្លែងកើតហេតុជាបុរសឈ្មោះ ញ៉ែម សំអិត អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ដែរ ដែលបានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1R-7648។

ប្រភពព័ត៌មាននោះបានបន្តថា៖ ចំណែកខាងរថយន្តបានបើកគេចមិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ប៉ុន្តែមន្រ្តីជំនាញស្រាវជ្រាវនៅក្រោយកើតហេតុបានសន្និដ្ឋានថាជាប្រភេទរថយន្តធំ និងគ្មានបំពាក់ភ្លើងស្តុបក្រោយនោះទេ៕