សន្ដិសុខសង្គម

បុរសម្នាក់បានលោតសម្លាប់ខ្លួនពីលើផ្ទះល្វែងជាន់ទី៣ក្នុងបុរីពិភពថ្មីចំការដូង១

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើផ្ទះល្វែងជាន់ទី៣ ក្នុងបុរីពិភពថ្មីចំការដូង១ ផ្ទះលេខ៤១A ផ្លូវលេខ០៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។

អ្នកលោតសម្លាប់ខ្លួនឯងនោះឈ្មោះ គង់ ស៊ីណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៨A ផ្លូវM០៦ បុរីជីបម៉ុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះ លាម សុខឆេង ដែលរស់នៅក្បែrកន្លែងកើតហេតុបានឲ្យដឹងថា : នៅវេលាម៉ោងប្រហែលជិត៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ខ្ញុំបានអង្គុយលេងនៅមុខផ្ទះ រួចបានងាកមើលទៅស្រាប់តែឃើញជននោះឈរនៅលើបង្កាន់ដៃផ្ទះជាន់ទី៣តែម្នាក់ឯង និងដើរទៅវិញទៅមក ហើយខ្ញុំក៏បានយកទូរសព្ទដៃចេញមកដើម្បីថត ពេលទាញទូរសព្ទចេញមកថតស្រាប់តែឃើញជននោះលោតចុះមកក្រោមបាត់ទៅហើយ រួចក៏មានមនុស្សផ្អើលឆោឡោចោមរោមមើល ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។

បើយោងតាមការបំភ្លឺពីឈ្មោះ គង់ ស៊ីណៃ ភេទស្រី ជាប្អូនស្រីបង្កើតរបស់អ្នកលោតសម្លាប់ខ្លួនបានឲ្យដឹងថា : កាលពីអំឡុងឆ្នាំ២០០៩ បងប្រុសនាងខ្ញុំបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានរយៈពេលប្រហែលកន្លះឆ្នាំ ក៏បានត្រឡប់មកវិញ ហើយមានបញ្ហាសសៃប្រសាទ ទើបក្រុមគ្រួសារនាងខ្ញុំនាំទៅមន្ទីរពេទ្យដើម្បីបើកថ្នាំរំងាប់អារម្មណ៍លេបជាប្រចាំ, កន្លងមកបងប្រុសនាងខ្ញុំធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយចង ក, ដោយចាក់ខ្លួនឯង និងដោយលេបថ្នាំសម្លាប់ខ្លួន តែត្រូវក្រុមគ្រួសារដឹងទាន់ ទើបមិនមានបញ្ហាអ្វី។ នាងខ្ញុំបានឲ្យសោផ្ទះនាងខ្ញុំ (ផ្ទះកើតហេតុ) ដែលនាងខ្ញុំបានទុកចោលសំរាប់លក់ ឲ្យទៅបងប្រុសនាងខ្ញុំដើម្បីឲ្យគាត់ចេញចូលជួយមើល ថែ, នៅវេលាម៉ោងប្រហែល១៧នឹង១១នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែមានអ្នកជិតខាងនាងខ្ញុំទូរសព្ទមកប្រាប់នាងខ្ញុំថាបងប្រុសនាងខ្ញុំលោតពីលើផ្ទះ ទើបនាងខ្ញុំបានមកមើល ឃើញបងប្រុសនាងខ្ញុំស្លាប់នៅលើថ្លុកឈាមមុខផ្ទះ។


តាមការពិនិត្យកន្លែងកើតហេតុ និងព័ត៌មានប្រមូលបាន រូបភាពពីការមេរ៉ាទូរសព្ទ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពជនរងគ្រោះ ពិតជាស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញ ក៏បានធ្វើលិខិតប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ៕