ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ១គ្រឿងបានបើកបរក្នុងល្បឿនលឿន ស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ១គ្រឿងដែលកំពុងបើកបរនៅខាងមុខ លុះពេលទៅដល់ត្រង់ចំណុចការដ្ឋានជួសជុលផ្លូវមួយកន្លែង ម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែបានគេចចេញពីការដ្ឋាននោះ ជាហេតុធ្វើឲ្យរថយន្តដឹកឥដ្ឋវាក់ ហើយខំគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែក៏រេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវ រួចបុកបង្គោលភ្លើង១ដើមបាក់ដួលទៅចំណែកផ្លូវម្ខាងទៀតបោកត្រូវរថយន្តកាមរីបាឡែន១គ្រឿងទៀតរងការខូចខាតស្រាល។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចក្លិបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តបង្កខាងលើម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ យ1483ភព1 ជារថយន្តដឹកឥដ្ឋបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយនៅមុនពេលកើតហេតុបានធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ១គ្រឿង ។ លុះពេលទៅដល់ចំណុចកើតហេតុខាងលើមានការដ្ឋានជួសជុលផ្លូវមួយកន្លែង ហើយម៉ូតូសណ្ដោងរ៉ឺម៉កបានបើកគេចការដ្ឋាននោះជាហេតុធ្វើឲ្យរថយន្តដឹកឥដ្ឋខាងលើដែលកំពុងបើកលឿនស្រាប់ផងវាក់មិនអាចជាន់ហ្រ្វាំងឈប់ទាន់។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រថយន្តនេះបានខំបើកគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែនោះ ទើបបណ្ដាលឲ្យរេចង្កូតបុកឡើងសួនពុះចែកទ្រូងផ្លូវទាំងកំរោល រួចបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមបាក់ដួលទៅចំណែកផ្លូវម្ខាងទៀត បោកត្រូវរថយន្តម៉ាកកាមរីបាឡែន១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង ប៉ុន្តែរថយន្តកាមរីបាឡែនរងការខូចខាតកាងមុខស្រាលប៉ុណ្ណោះ ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពុំមានមនុស្សណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នោះទេ ហើយក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តកាមរីបាឡែនព្រមទទួលយកសំណងពីម្ចាស់រថយន្តដឹកឥដ្ឋចំនួន៥ម៉ឺនរៀល រួចបានបើកបន្តដំណើរទៅបាត់ស្រមោល ។ បន្ទាប់មក នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅធ្វើការវាសវែង រួចនាំយករថយន្តដឹកឥដ្ឋទៅរក្សាទុករង់ចាំដោះស្រាយជាមួយការខូចខាតសួនពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវនៅពេលក្រោយ៕